កំណាព្យស្ថាបនា “គេរិះគន់គួរគិតគូរ”

(បទពាក្យ៩) គេរិះគន់ យើងគួរគិត ឲ្យត្រឹមត្រូវ ក្រែងភ្លាត់ផ្លូវ តាមគេខុស ខាតខ្លួនឯង ព្រោះរិះគន់ មានឲ្យល្អ និងចំបែង ច្នេះត្រូវថ្លែង ថ្លឹងឲ្យសព្វ សឹមសម្រេច។ អ្នកខ្លះថា ព្រោះដួចចិត្ត គេសន្ដោស ឃើញការណ៍ខុស ក៏គិតកែ ដោយល្អល្អាច់ ខ្លាចយើងជ្រុល ថយលែងបាន ទើបជួយកាច់ ដូចរែងខ្សាច់ យកគ្រួសថ្ម ចេញឲ្យស្អាត។ ផ្ទុយទៅវិញ មានអ្នកខ្លះ សែនបង់ម្សៀត តែងតែឆ្លៀត ជាន់បន្ថែម ពេលយើងផ្លាត ឃើញយើងភ្លាត់ គេស្ដីថា បែបប្រមាថ បើមិនឆ្លាត មុខជាធ្លាក់ ដូចគេប៉ង។ ពោលដូច្នឹង ចង់ប្រាប់ថា ពាក្យរិះគន់ ដូចជាយន្ត បរដល់ផ្លូវ បត់ម្ដងៗ មួយម៉ាត់ស្លាប់ មួយម៉ាត់រស់ គ្រោះគន្លង ច្នេះប្អូនបង គេរិះគន់ គួរគិតគូរ៕៚

Rate this:

០៨ មករា ថ្ងៃខួបកំណើតខ្ញុំ

ថ្ងៃនេះគឺថ្ងៃ៨មករា ជាថ្ងៃខួបកំណើតខ្ញុំ! កូនសូមអរគុណជាអនេកចំពោះលោកអ្នកមានគុណទាំងទ្វេដែលបានចិញ្ចឹមបីបាច់ថែរក្សាកូន និងផ្ដល់ឲ្យកូនបានរៀនសូត្រ ជាពិសេសបានបួសក្នុងព្រះពុទ្ធសាសនា រហូតដល់សព្វថ្ងៃនេះ។ សូមជូនអ្នកម្ដាយ លោកឪពុកឲ្យបានសម្រេចនូវពុទ្ធពរទាំង៤ប្រការ។ ជាពិសេសអ្នកម្ដាយ សូមឲ្យឆាប់ជាសះស្បើយពីជំងឺ និងសូមឲ្យរស់ជួបជុំកូនចៅប្រកបដោយសេចក្ដីសុខសប្បាយ សុភមង្គលតរៀងទៅ។ សូមប្រគេននិងជូនពរដល់គុណម្ចាស់ និងញោមញាតិ មិត្តទាំងអស់ឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ជាពិសេសសូមអនុទនានូវបុណ្យកុសល ដែលខ្ញុំព្រះករុណាអាត្មាភាពបានសាងនៅក្នុងភេទជាបព្វជិតអស់រយៈពេលជិត១១ឆ្នាំនេះផងចុះ។ សូមអនុមោទនា!

Rate this:

គួរ ឬមិនគួរ?

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ មានពត៌មានមួយបានផ្សាយអំពី ស្ត្រី​ខ្មែរ​ដែល​​ជនជាតិ​ថៃ​បី​នាក់​ធ្វើ​ទារុណកម្ម​​ប្តឹង​រក​យុត្តិធម៌ ដែលពត៌មាននេះ បានធ្វើឲ្យខ្ញុំនឹកឃើញរឿងមួយទាក់ទងទៅនឹងការចំណាកស្រុកដើម្បីទៅធ្វើការនៅម៉ាឡេស៊ី។ កាលពីឆ្នាំ២០១០ មានម្តាយម្នាក់បានយកកូនស្រីដែលមានវ័យត្រឹមតែ១៦ឆ្នាំ ហើយមានរូបរាងមិនចាញ់កូនអ្នកមានប៉ុន្មាននោះទេ ទៅនិមន្តព្រះសង្ឃស្រោចទឹកឲ្យ។  ខណៈពេលកំពុងស្រោចទឹក ខ្ញុំបានសាកសួរលេងទៅកាន់ស្រ្ដីជាម្ដាយថា “តើមានបញ្ហាអ្វី ទើបនាំកូនមកស្រោចទឹកដូច្នេះ”។ គាត់បានឆ្លើយថា​ “កូនខ្ញុំវាជិតទៅធ្វើការនៅម៉ាឡេស៊ីហើយ ទើបនាំវាមកឲ្យគុណម្ចាស់ស្រោចទឹកដើម្បីឲ្យមានសិរីសួស្ដី និងមានសុវត្ថិភាព”។ ខ្ញុំបានបន្តសួរទៀតថា “និយាយអញ្ចឹង កូនស្រីអ៊ំទៅតាមរយៈក្រុមហ៊ុនអី”។ “ទេ ដឹងក្រុមហ៊ុនអីទេ ក្មួយអើយ” គាត់ឆ្លើយយ៉ាងរំភើយ។ ឮហើយ បានត្រឹមតែហួសចិត្តប៉ុណ្ណោះ។ ពិតជាប្រថុយប្រថានណាស់ ក្នុងនាមជាម្ដាយ ឲ្យកូនស្រីទៅធ្វើការងារនៅស្រុកគេ ទាំងមិនដឹងថាទៅតាមរយៈក្រុមហ៊ុនអ្វី។ នេះមិនមែនជាការបន្ទោសដល់អ្នកម្ដាយរូបនោះទេ ព្រោះខ្ញុំដឹងថានៅខេត្តក្រចេះ ការទទួលបានពត៌មានពីគុណវិបត្តិ នៃការចំណាកស្រុក គឺតិចជាងពត៌មានពីមេខ្យល់។ ប៉ុន្តែ តើគួរ ឬមិនគួរ ដែលអាណាព្យាបាល ត្រូវធ្វើបែបនេះ?

Rate this:

កំហុសអ្នកណា?

តាំងពីខ្ញុំបានប្រឡូកក្នុងពិភពគុនអស់រយៈពេលជាង១០ឆ្នាំមកនេះ ទើបតែពីរបីឆ្នាំ(២០១០-២០១៣) ចុងក្រោយនេះទេ ដែលខ្ញុំឃើញមានការរីកសុសសាយនៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងសង្គមខ្មែរ។ ការរីកចម្រើននេះ បានធ្វើអ្នកខ្លះជោគជ័យក្នុងមុខជំនួញ ហើយខ្លះទៀតទទួល និងចែកចាយចំណេះដឹងយ៉ាងទូលំទូលាយ។ រីឯ ខេត្តបាត់ដំបងវិញ ក៏មានផ្នែកមួយរីកចម្រើនគួរឲ្យព្រួយបារម្មណ៍ដែរ គឺការប្រើប្រាស់អ៊ីនធើណិតរបស់សិស្សសាលា។ ពេលខ្ញុំចូលទៅក្នុងហាងអ៊ីនធើណិតម្ដងៗ ឃើញមានសិស្សសាលាមិនតិចជា៥០ភាគរយនៃអតិថិជនទាំងអស់នោះទេ។ ពេលខ្លះ ខ្ញុំបានឮសិស្សស្រីៗនិយាយថា រូបគាត់នេះស្អាត រូបគាត់នេះ មានរាងឡូយ សង្ហារ ……. ស្ដាប់យូរៗទើបដឹងថាពួកគេទៅបើកតែFacebook ហើយខាងប្រុសវិញ ក៏មិនចាញ់ស្រីៗដែរ ខ្ញុំបានឮគេនិយាយថា ជួយវៃវា បាញ់វា ប្រើកាំភ្លើងធំទៅ…. តាមពិត ពួកគេទៅលេងហ្គេមសោះ។ ថាម៉ោង ១១ព្រឹក ទៅ១រសៀល ចុះ មិនរៀន តែម៉ោង៨-៩ ព្រឹកសោះ នៅមានពេលចូលមកហាងអ៊ីនធើណិតដែរ ហើយថែមទាំងស្លៀកឯកសណ្ឋានជាសិស្សទៀត។ បើនិស្សិត ទៅ ក្រែងគេមកស្រាវជ្រាវឯកសារផ្សេងៗ តែនេះ នៅជាសិស្ស-វិទ្យាល័យអនុវិទ្យានៅឡើយហ្នឹង។ បើជិះម៉ូតូមកចុះ ក្រែងថាកូនអ្នកមាន តែខ្លះជិះកង់មក ហើយមានលុយសម្រាប់តែថ្លៃអ៊ីនធើណិតមួយម៉ោងសោះ ក៏ខំតស៊ូដែរ។ នេះជារឿងរបស់បុគ្គល តែជាបុគ្គលច្រើនគ្នា។ ពេលខ្លះ ខ្ញុំបានឮម្ចាស់ហាងប្រាប់ទៅសិស្សទាំងនោះថា “អូនបានហើយ ដល់ម៉ោងរៀនហើយ…

Rate this:

នឹកឃើញរឿងហួសចិត្តមួយ

កាលពីឆ្នាំ២០០៥ មានស្រ្តីម្នាក់យកកូនទៅឲ្យលោកគ្រួជាព្រះសង្ឃកម្ពុជាក្រោមស្រោចទឹកឲ្យ​​​ក្នុងចំណោមអ្នកផ្សេងទៀតជាច្រើនអ្នក។ ពេលកំពុងតែនៅក្នុងជំនុំមនុស្សយ៉ាងហោចណាស់១០នាក់ កូនស្រីនោះបានយំអង្វរម្តាយថា “ម៉ែកុំឲ្យខ្ញុំយកគេអី”។ ខណៈនោះ ស្រ្តីជាម្តាយនិយាយតបថា “ទ្រាំៗទៅកូនឲ្យតែបានលុយ”។ ពាក្យនេះ បានធ្វើឲ្យអ្នកនៅទីនោះហួសចិត្តយ៉ាងខ្លាំង ព្រោះដឹងថា ស្រ្តីជាម្តាយរូបនោះ យកកូនស្រីដែលមានវ័យមិនទាន់នឹងគ្រប់អាយុផង ទៅឲ្យលោកស្រោចទឹកព្រោះចង់ដាក់ស្នេហ៍អ្នកមានលុយម្នាក់ដែលមានឋានៈធំ ដែលមានប្រពន្ធកូនរួចទៅហើយ។ ទឹកភ្នែកកូនស្រីហូរសស្រាក់អង្វរម្តាយល្មោភប្រាក់។ បន្ទាប់ពីម្ដាយរូបនោះ នាំកូនស្រីចេញទៅ អ្នកផងបានត្រឹមតែរអ៊ូនឹកអាណិតកូនស្រីតែប៉ុណ្ណោះ ហើយបន្សល់នូវសំណួរជាច្រើនថាៈ តើមានម្ដាយយ៉ាងហ្នឹងដែរហ្ន៎? តើជីវិតកូនស្រីនឹងទៅជាយ៉ាងណា? តើម្ដាយមានវិបត្តិអ្វីជាមួយនឹងអ្នកមានលុយនោះឬ? …..?

Rate this:

កំណាព្យស្ថាបនាៈ ចិត្តពុកម៉ែ

ចិត្តពុកម៉ែ (បទជាប់ទង) យប់ត្រជាក់        ធ្លាក់ជំនោរ         សូរសត្វយំ លាន់រងំ            ទុំតាមទី            ព្រៃព្រឹក្សា ទាំងម៉ែឪ           ឮហើយសែន     ណែនឱរា នឹកបុត្រភ្ងា         លាព្រៀងលាន   រៀននៅក្រុង។ ពេលនេះស្ងួន     នួនកូនសុខ        ទុក្ខម្តេចទៅ ពីមុនពៅ           នៅភូមិយើង       ភ្លើងផ្លុងៗ ឥឡូវភ្នែក          ប្លែកអន្លើ           ស្ទើរទាំងស្រុង ខ្លាចកូនផុង        ក្នុងអន្ទាក់          អ្នកអប្រិយ។ ចិត្តមួយភ្លឹក        នឹងឡើងថា        ង៉ាមាសស្នេហ៍ ពុកនិងមែ          តែតែងភ្នក         រកពិសី សូមព្រលឹង        ប្រឹងឲ្យបាន        ប្រាណប្រាជ្ញថ្មី ផុតក្រក្រី           ក្តីអំពល់            យល់សុខា។ កូនអើយកូន       ក្បូនចំណេះ       កេះមិនធ្លាយ ជាសម្ពាយ         ជ្រាយតែរឹង        នឹងណាស់ណា ម៉ែឪពុក            មុខបានថ្កើង       ឡើងសក្តា ព្រោះជីវ៉ា           ថ្លាថ្លៃថ្លើម          ផ្ដើមឲ្យភ្លឺ។ អ្នកមានគុណ      ពន់លំបាក         យ៉ាកមិនថ្វី តែភក្តី               ភ័យខ្លាចខ្លួន      …

Rate this:

ទស្សនៈខ្ញុំ

អ្នកខ្លះចូលចិត្តណាស់ឲ្យគេព្យាយាមយល់ពីចិត្តរបស់ខ្លួន  តែខ្លួនវិញមិនដែលព្យាយាមយល់ពីចិត្តគេទេ។ តើយត្តិធម៌ទេ? ដូច្នេះល្មមហើយ ល្មមយល់ចិត្តគ្នាទៅវិញទៅមក ដើម្បីឲ្យមានសេក្តីសុខចម្រើនសុភមង្គលក្នុងការរស់នៅ។ យ.ស.ណ

Rate this:

កំណាព្យសុភាសិតៈ បញ្ញើស្មើបំណុល

(បទព្រហ្មគីតិ) ការទទួលបញ្ញើ                           ដែលគេស្នើសុំពឹងពាក់ ឲ្យជួយយកទៅជាក់                     ជូនដល់អ្នកឯណាក្តី។ ចាស់លោកចាត់ទុកថា                  យើងនេះណាដូចបានខ្ចី របស់ជនដទៃ                             ស្មើតម្លៃនឹងទ្រព្យផ្ញើ។ ពេលទ្រព្យនោះបែកបាក់               យើងគ្រោះថ្នាក់កុំគ្រាន់បើ មិនថាញាតិឬក្លើ                          គេនឹងស្នើឲ្យធ្វើសង។ បើទ្រព្យនោះបាត់វិញ                    ទុក្ខទោម្នេញក្រៃកន្លង គេទារថ្មីតែម្តង                            ការណ៍សៅហ្មងកើតព្រោះពឹង។ ហេតុនេះទើបចាស់ៗ                    បានផ្ដាំច្បាស់ពីរឿងហ្នឹង ព្រោះចង់ឲ្យយើងដឹង                    បើគេពឹងត្រូវគិតគូរ។ ជាមនុស្សក្នុងលោកិយ                  ទាំងប្រុសស្រីកុំមូទូ មុនធ្វើគិតឲ្យយូរ                         ក្រែងមុខជូរក្រោយការខុស។ បញ្ញើដែលមើលទៅ                     ឃើញថាត្រូវគ្មានកំហុស កិច្ចនេះគួរស្រីប្រុស                      ជួយគេចុះមិនខាតឡើយ។ ប៉ុន្តែត្រូវប្រយ័ត្ន                          ទ្រព្យសម្បត្តិគេខូចហើយ យើងចេះតែបណ្ដោយ                   ព្រមយកឲ្យព្រោះមេត្តា។ មិនទាន់បានអីផង                        គេឲ្យសងដោយចោទថា ទ្រព្យគេនៅថ្មីថ្លា                         ខូចដោយសារយើងនេះឯង។ បញ្ញើស្មើបំណុល                         អ្នកបានយល់ផុតចម្បែង មិនតាមទុក្ខក្រៃលែង                    ទើបចាស់ចែងឲ្យចងចាំ៕ និពន្ធជាកំណាព្យដោយៈ យាន សំណាង ថ្ងៃ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃ​ចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ…

Rate this:

កំណាព្យស្នេហាៈ “ស្នេហ៍”

(បទផ្កាឈូករីកពាក្យ៧) ស្នេហ៍ជា     ឱសថដ៏ស័ក្តិសិទ្ធិ ស្នេហ៍ជា     ជីវិតគូនិស្ស័យ ស្នេហ៍ជា     គ្រាប់ពេជ្រដែលគេច្នៃ ស្នេហ៍ជា     កន្ត្រៃផ្ដាច់សង្ខារ។ ស្នេហ៍ឲ្យ     មនុស្សម្នាក់ហ៊ានរស់ស្លាប់ ស្នេហ៍ឲ្យ     ឈឺចាប់ពេញឱរា ស្នេហ៍ឲ្យ     សិស្សខ្លះភ្លេចសិក្សា ស្នេហ៍ឲ្យ     ឲ្យកញ្ញាខូចបង់ប្រាណ។ ស្នេហ៍ខ្លះ     ក៏ស្មោះអស់ពីចិត្ត ស្នេហ៍ខ្លះ     ក៏ផិតហួសការស្មាន ស្នេហ៍ខ្លះ     អាក្រក់ជាងតិរច្ឆាន ស្នេហ៍ខ្លះ     ដូចចានបែកទាំងថ្មី។ ស្នេហ៍មួយ   បានសុខទាំងចិត្តកាយ ស្នេហ៍មួយ   សប្បាយទាំងប្រុសស្រី ស្នេហ៍មួយ   ខាងប្រុសព្រានអប្រិយ ស្នេហ៍មួយ   ខាងស្រីចើកបែរខ្នង។ ស្នេហ៍ដូច    រន្ធរាក់ងាយនឹងលូក ស្នេហ៍ដូច    ជាទូកដែលគេឆ្លង ស្នេហ៍ដូច    ធ្វើការមិនបានប៉ង ស្នេហ៍ដូច    ជាថ្នងដងមច្ឆា។ ស្នេហ៍នាំ     ឲ្យសុខបើចេះយល់ ស្នេហ៍នាំ     ឲ្យពុលបើសាវា ស្នេហ៍នាំ     ឲ្យលង់ក្នុងបញ្ហា ស្នេហ៍នាំ     ឲ្យចិន្ដាកើតសៅហ្មង។ ស្នេហ៍ដែល សាន្តត្រាណគួរត្រេកអរ ស្នេហ៍ដែល ស្មោះសគួរត្រាប់ត្រង ស្នេហ៍ដែល ត្រាំទុក្ខគួរកុំផ្សង…

Rate this: