Category: Uncategorized

បទៈ បុប្ផាក្រចេះ

បុប្ផាក្រចេះ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.         បុប្ផាក្រចេះ ល្អម្លេះព្រះអើយ                ពេលបានជួបហើយ ធ្វើឲ្យរូបខ្ញុំ គេងគិតគេងព្រួយ គេងកើតទុក្ខធំ          គេងនឹកក្រមុំ ទើបនឹងពេញវ័យ។ II.      ពេញរូបពេញរាង ពេញលក្ខណា           សក់វែងប្រះស្មា សាច់សមសខ្ចី កែវភ្នែកខ្មៅយង់ វង់ភក្រ្តប្រិមប្រិយ        បានស្តាប់សម្តី ផ្អែមណាស់មាសមេ។ R. ​ ស្អាតអើយ ស្អាតម្ល៉េះ ក្រចេះបងអើយ     បងបាក់ចិត្តហើយ បាក់ចិត្តលង់ស្នេហ៍               បាក់ចិត្តលើស្រី ផ្កាដីទន្លេ                    បងសូមថ្នមថែ លុះសូន្យសង្ខារ។ III.   បានចិត្តអូនហើយ មិនយូរទេថ្លៃ            រៀមនឹងចូលស្តី​ ស្រីដល់មេបា      សូមអូនរង់ចាំ ទទួលផ្កាស្លា                  យើងនឹងរៀបការ លើដីក្រចេះ៕ (ភ្លេងរួច R-III) បញ្ជាក់ៈ  ចម្រៀងទាំងនេះ សម្រាប់រំឭកនូវអនុស្សាវរិយខេត្តក្រចេះតែប៉ុណ្ណោះ មិនមែនសម្រាប់ធ្វើអាជីវកម្មឡើ់យ។

Rate this:

បទៈ ដឹងផងថាបងលួចស្នេហ៍

 ដឹងផងថាបងលួចស្នេហ៍ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.          ចិត្តច្របល់ កើតទុក្ខអំពល់គ្មានល្ហែ   ព្រោះបេះដូងលបលួចស្នេហ៍   មិនហ៊ានប្រាប់គេ     ឲ្យយល់បំណង  កើតទុក្ខម្នាក់ឯង  ឱរ៉ាចម្បែងសែនសៅហ្មង  ធ្វើម្តេចទៅទើបពៅនួនល្អង ​អូនដឹងថាបង គិតយ៉ាងណា។ II.        ចិត្តលាក់ស្នេហ៍ពិបាកម្ល៉េះទេ មាសស្ងួន  ឃើញប្រុសផ្សេងនៅជិតនឹមនួន  បេះដូងអង្រួន ប្រច័ណ្ឌជីវា  ឱបខ្នើយកើយទុក្ខ នៅមិនសុខព្រោះស្នេហា  ឆេះរោលរាល ពេញក្នុងឱរ៉ា លោកនេះអ្នកណា អាចជួយខ្ញុំបាន។ R.   អូនអើយ អូនហើយគឺថ្នាំដួងចិត្ត  បើបានថ្លៃរួមជីវិត ទ្រូងបងពិតផុតក្តីរំខាន  លោកនេះ​មានតែអូនទេកល្យាណ  ទើបជួយបងបាន ឲ្យស្នេហ៍សុខសាន្ត ដូចបំណង។ III.   សង្ឃឹមថា ពេលបងវាចាប្រាប់ស្រី  អូនអាណិតចិត្តភក្តី  ហើយព្រមប្រណីដល់រូបបង  ចម្រៀងបទនេះ  ផ្ញើជាពិសេសជូននួនល្អង  ពេលស្តាប់ចប់សូមទងវង  អូនអើយដឹងផង  ថាបងលួចស្នេហ៍៕ (ភ្លេងរួច R-III) បញ្ជាក់ៈ…

Rate this:

កំណាព្យស្ថាបនាៈ ប្អូនស្រីបងអើយ

ប្អូនស្រីបងអើយ (បទកាកគតិ) ក្នុងយុគៈថ្មី ប្អូនៗស្រីៗ បានដៃអស្ចារ្យ អាយុមិនទាន់ នឹងគ្រាន់គ្រប់ការ ប្រឹងតែងកាយា ធ្វើដូចក្រមុំ។ មើលទៅប្អូនស្ងួន វ័យក្រោមដប់បួន ខ្លួនមិនទាន់ធំ តែប្រឹងពាក់អាវ បំប៉ោងសាច់ដុំ នខាមាសមុំ លាបថ្នាំក្រឡៅ។ វង់ភក្រ្តមានភ័ព្វ គ្មានមុនមួយគ្រាប់ តែប្រឹងលាបម្សៅ សាច់មុខស្អាតល្អ ប្រែពណ៌ជាខ្មៅ បាត់បងពង្សផៅ ធម្មជាតិថ្លៃថ្លា។ ស្បែកខ្លួនមាសមេ ខំបំពាក់ឡេ ឲ្យខូចឥតការ ពេលដែលទៅរៀន ទៅមានសង្សារ ចុងក្រោយជីវ៉ា ចេះត្រឹមទឹកភ្នែក ពាក្យពេចន៍សាសង បានឮម្តងៗ គួរឲ្យសង្វេគ សម្តីដូចប្រុស បោះមិនអល់អែក ពេលដើរដាច់ប៉ែក នាំគ្នាវាតវង់។ បើជួបជុំគ្នា ប្រឹក្សាការងារ មេរៀនទម្រង់ ហ្នឹងមានទៅឆ្អី ព្រោះចេះផុតល្ងង់ តែនេះឆោមយង់ វាតវង់ផឹកស្រា។ សម្ដីដូចភ្លើង លើកមួយកនយើង កុំឱ្យប្រុសថា លើកកុំខ្វាយខ្វល់ អំពល់ចិន្តា ផឹកកុំសង្កា លើកដាច់សាច់ស្អាត។ ប្អូនស្រីបងអើយ ល្មមហើយៗ ល្មមឈប់ប្រមាទ ឲ្យបងប្រុសប្អូន…

Rate this:

កំណាព្យអនុស្សាវរីយ៍ៈ លាហើយបាត់ដំបង

លាហើយបាត់ដំបង (បទពាក្យប្រាំបី) ឱបាត់ដំបងបណ្តូលចិត្តអើយ               ខ្ញុំសូមលាហើយលាទាំងអាល័យ លាទាំងទឹកភ្នែកសង្វែកហឫទ័យ           ទោះមាននិស្ស័យក៏សូលាសិន។ លាស្ទឹងសង្កែធ្លាប់ឆ្លងទៅមក               លាឋានធ្លាប់ជ្រកខាងជើងភូមិចិន លាទាំងក្តីស្នេហ៍ធ្លាប់ក្បែរមាសឆ្អិន        បងសូមលាសិនលាទាំងសោកា។ លារម្មណីយដ្ឋានធ្លាប់បានជួបជុំ            លាវត្តឯកភ្នំធ្លាប់ទៅទស្សនា លាភូមិសេកសក ជ្រលងបព្វតា            លាពេជ្រចិន្តា លាភ្នំសំពៅ។ លាកំពីងពួយលាទឹកថ្លាឈ្វេង              ទីធ្លាប់ហែលលេងត្រជាក់ព្រួចព្រឺ លាភ្នំបាណន់លាវត្តកន្ទឺ                      លាដំណាក់ស្តៅ តាគ្រាម រំជៃ។ លាហើយថ្មគោលតាម៉ឺនមានស្នេហ៍       លាពពាលខែក្បែរអូរតាគី លាអន្លង់រុន បឹងព្រីង រូងជ្រៃ                 លាគោកពន្លៃ ដាំស្ពៃ ចុងព្រែក។ លាដំណាក់ហ្លួង វត្តគរ អូរចារ              លាព្រៃរកា បឹងរាំង កូនសេក លាបាត់ដំបងលាទាំងទឹកភ្នែក              លាទួលតាឯក កំពង់ក្របី។ លាហើយផ្សារណាត់ធ្លាប់ទិញខ្នើយពូក   លាផ្សារបឹងឈូកផ្សារបុរីថ្មី លាទៅតែកាយតែចិត្តភក្តី                    ផ្ញើលើចំប៉ីផ្កាបាត់ដំបង។ លាហើយគ្រឹះស្ថានបានផ្តល់ចំណេះ      ឲ្យខ្ញុំបានចេះដឹងសមបំណង សមទាំងស្នេហាបានផ្កាមួយទង            ស្អាតហើយស្មោះផងបេះដូងនិស្សិត។ ឱបាត់ដំបង បងសូមលាហើយ             តូចតន់បងអើយកុំព្រួលប្រែចិត្ត បងនឹងវិលមកយករូបវមិត្រ                  សាងក្បូនជីវិតសុខសាន្តរៀងអើយ៕៚ នេះរឿងពិតប្រឌិតបន្ថែម ប្រឌិតស្នេហ៍ផ្អែម…

Rate this:

កំណាព្យស្នេហាៈ ប្រុសចិត្តកំសាក

ប្រុសចិត្តកំសាក (បទពាក្យប្រាំបី) ប្រវត្តិស្នេហ៍យើងក្នុងគ្រាដំបូង                       យើងយកបេះដូងមកសាងរួមគ្នា តែពេលឥឡូវប្រុសពៅបងលា                       ចាកចោលពុំងារឲ្យអូនហួសចិត្ត។ ហួសនឹងមាយាមារយាទបុរស                       បងអើយទៅចុះប្រុសអន់ចរិត ត្រឹមពាក្យអូនលេងសើចនឹងវមិត្រ                   ធ្វើឯងអន់ចិត្តគ្មានគិតមុខក្រោយ។ ពាក្យដែលអូនប្រាប់ថាសូមបែកគ្នា                  នោះមិនមែនជាពាក្យពិតសោះឡើយ អូនពោលព្រោះចង់ដឹងចិត្តត្រាណត្រើយ          ស្រឡាញ់អូនហើយតើស្មោះដែរទេ? ក្រោយពេលពិសោធពាក្យមួយឃ្លាហ្នឹង            ទើបអូនបានដឹងពីចិត្តមាសមេ ជាចិត្តមិនស្មោះមិនស៊ូនឹងស្នេហ៍                     ជួយមិនបានទេប្រុសដូចរូបបង។ ប្រឹងរៀបរូបរាងឫកពាឡើយហំ                       ព្រោះចង់ឲ្យខ្ញុំអង្វរស្នេហ៍ស្នង ទៅមិនរួចឡើយណាប្រុសនួនល្អង                  សម្បត្តិត្រឹមបងក្រោមអូនឆ្ងាយណាស់។ ទ្រព្យធន់អូនមានរូបឆោមអូនស្អាត                  ចរិយាមារយាទអូនល្អមិនខ្វះ អ្វីអូនចង់បានបងគួរដឹងច្បាស់                        គឺចិត្តមិនផ្លាស់មិនក្បត់ស្នេហា។ គ្រាន់តែប៉ុណ្នឹងបងធ្វើមិនបាន                        ទៅចុះកល្យាណអូនមិនត្រូវការ អូនមិនខ្ចីខ្វល់មិនខ្ចីឈឺផ្សា                            មិនស្ដាយឡើយណាទៅណាទៅៗ។ កំណាព្យបទនេះផ្ញើជូនព្រលឹង                       បើបងបានដឹងជួយអានឲ្យឮ អានហើយកុំយំកុំស្តាយកុំឈឺ                        លាហើយណាពៅប្រុសអន់ចរិត៕៚ កំណាព្យបទពាក្យប្រាំបីនេះ គឺជារឿងរបស់ប្អូនស្រីម្នាក់ ហើយគាត់សូមផ្ញើជូនបុរសម្នាក់ដែលគ្មានចិត្តអំណត់ ចិត្តតស៊ូ។ និពន្ធដោយ យាន សំណាង ថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦  ត្រូវនឹងថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១២ រិះគន់ស្ថាបនាៈ yeansamnang@gmail.com…

Rate this: