Category: បទពាក្យ៨

កំណាព្យស្ថាបនាៈ ឈប់ធ្វើអ្នកស្មោះខាត

ឈប់ធ្វើអ្នកស្មោះខាត (បទពាក្យប្រាំពីរ) ពេលយើងខូចចិត្តគេមិនដឹង              ពេលដែលយើងខឹងគេមិនខ្វល់ នៅឆ្ងាយក៏គេមិនគិតដល់                 ទុក្ខសោកបន្សល់លើខ្លួនឯង។ ដូច្នេះឈឺចាប់កុំចងក                       កុំធ្វើស្មោះសគ្មានគិតក្រែង លោតទឹកលេបថ្នាំគេមិនស្ញែង            មិនស្ញប់ហើយតែងថាឯងខ្សោយ។ ពេលគេប្រព្រឹត្តខុសចិត្តខ្លួន                ធ្វើឯងហំហួនដូចប្រមោយ ងខ្ទើតដូចខ្ទួយភ្លេចមុខក្រោយ            ភ្លេចថាខឹងហើយ តើបានអី្វ? បើគេមិនគិតក៏អត់ទៅ                       ចាំបាច់អីពៅឈឺឥតបី ម៉េចមិនសម្លឹងមើលថ្ងៃថ្មី                    រស់ឲ្យមានន័យល្អជាជាង។ ខាតខុសព្រោះខឹងយើងដឹងច្បាស់        បើថាឈឺណាស់ស្រែកដាក់ពាង លេបថ្នាំចងកត្រូវចៀសវាង                ខូចចិត្តត្រូវលាងឲ្យស្អាតវិញ។ ព្រោះថាលោកធម៌ប្រាំបីមុខ                ក្នុងនោះមានសុខទុក្ខទោម្នេញ តែងតាមតោងយើងមិនចេះជ្រេញ        គួរតែទន្ទេញទុកពិចារណ៍។ រស់នៅក្នងលោកទាំងយើងគេ             គេចមិនផុតទេសុខទុក្ខា មិនមែនជួបតែយើងឯណា                  សូមធ្វើចិន្តាឲ្យក្លាហាន។ ហើយត្រូវមានខ្លួនជាទីពឹង                  ដេកគិតដើរប្រឹងឲ្យសមប្រាណ ជួយជាតិញាតិខ្លួនឲ្យថ្កើងថ្កាន             ការណ៍នេះទើបបានយើងត្រូវធ្វើ។ រឿងឈឺរឿងខឹងសោកសង្រេង            ទុកមួយកន្លែងមួយអន្លើ ចាប់ពីពេលនេះឈប់ទីទើរ                 ឈប់ទៅឈប់ធ្វើអ្នកស្មោះខាត៕៚   និពន្ធដោយៈ យាន សំណាង ថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៣ រិះគន់ស្ថាបនាៈ yeansamnang@gmail.com…

Rate this: