Category: បទពាក្យ៨

កំណាព្យអនុស្សាវរីយ៍ក្រចេះ “អ្នកព្រែកប្រសព្វសូមភា្ចប់និស្ស័យ”

(បទពាក្យ៨) រំដួលមួយទងដែលបងស្រមៃ ចង់រួមនិស្ស័យជាគូជីវិត អូនគឺជាផ្កាក្រចេះដួងចិត្ត បេះដូងបងពិតចង់ថ្នាក់ថ្នមថែ។ បងជាកម្លោះស្រុកព្រែកប្រសព្វ សារភាពសូមភ្ជាប់គូគាប់នឹងស្នេហ៍ បើបានឮហើយត្រាណត្រើយមាសមេ គិតយ៉ាងណាដែរ ព្រមទេពិសី។ ក្រចេះដូចគ្នា ពម្ងារឆោមស្និទ្ធិ សូមអូនអាណិតដល់ចិត្តភក្តី អ្នកព្រែកប្រសព្វ សូមភ្ជាប់និស្ស័យ ក្រចេះថ្លើមថ្លៃ សូមស្រីមេត្តា។ ទន្លេមេគង្គ កោះទ្រង់ សក្សី សូមចាំសម្តី ខ្ញុំស្បថសច្ចា បើបានវមិត្តដូ​ចចិត្តប្រាថ្នា ខ្ញុំថ្វាយភ្លេងការ បញ្ជាក់ស្នេហ៍ស្មោះ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣កើត ខែមាឃ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១១

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “ព្រែកប្រសព្វសំណព្វចិត្ត”

(បទពាក្យ៨) សូមផ្ញើបទកាព្យកំណាព្យស្នេហា ជូនដល់កញ្ញាស្រុកព្រែកប្រសព្វ មារយាទមានលក្ខណ៍ វង់ភក្រ្តមានភ័ព្វ រូបឆោមល្អគាប់ដក់ជាប់ចិត្តបង។ សម្បូរ ស្នួល ឆ្លូង ក្រចេះ ចិត្របុរី ផ្កាស្រស់ប្រិមប្រិយ ច្រើនក្រៃកន្លង តែអ្នកដែលរៀម គេងគិតគេងផ្សង គឺរូបនួនល្អង ដែលបងប្រាថ្នា។ ឱ ព្រែកកាំពីរ ជ្រោយរៃ កោះទ្រង់ ទន្លេ មេគង្គ ជួយចាំវាចា បើសិនវលក្ខណ៍ ព្រមស្ម័គ្រស្នេហា រៀមនឹងរក្សា ចិត្តស្មោះជូនអូន។ ស្រុកព្រែកប្រសព្វ សំណព្វដួងចិត្ត សូមអូនអាណិត បងផងនឹមនួន សង្ឃឹមថាស្រី ប្រណីហើយស្ងួន ព្រោះបងនឹងអូន ក្រចេះដូចគ្នា៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៤រោច ខែបុស្ស ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០១១

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “ខានជួបគ្នាយូរ”

(បទពាក្យ៨) ខានជួគ្នាយូរ នឹកអើយនឹកម្ល៉េះ នឹកដល់ក្រចេះ ទឹកដីមានស្នេហ៍ ពេលបងនៅឆ្ងាយ ពីស្រស់មាសមេ មាននឹកបងទេ រេឬយ៉ាងណា? ខានជួបគ្នាយូរ បារម្មណ៍កន្លង ខ្លាចចិត្តនួនល្អង ប្រួលប្រែសាវា ទៅមានអ្នកថ្មី បំភ្លេចរៀមរ៉ា បើដូច្នេះណា បងរស់ម្តេចទៅ។ ក្រចេះបងអើយកុំឡើយណាស្រី អូនកុំមានថ្មី ឲ្យចិត្តរៀមឈឺ បងដឹងថាអូនរងចាំមើលផ្លូវ ចាំថ្ងៃបងទៅជួបពៅមាសស្នេហ៍។ ខានជួបគ្នាយូរ នឹកអូនមិនណាយ ក្រចេះឆោមឆាយ បងមិនភ្លេចទេ បងនឹងត្រឡប់ទៅជួបមាសមេ រស់រួមក្ដីស្នេហ៍មិនប្រែរហូត៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ២កើត​ ខែពិសាខ ​ឆ្នាំខាល ទោស័ក ព.ស. ២៥៥៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០១០

Rate this:

កំណាព្យអំពីខ្ញុំ “ប្រវត្តិឈ្មោះកវីហេងស៊យ”

(បទពាក្យ៨) ០១. កវីហេងស៊យសូមថ្លែងសេចក្ដី ប្រាប់ដល់ប្រុសស្រីនៅគ្រប់ទិសា អំពីប្រវត្តិឈ្មោះខ្ញុំនេះណា៎ ដើម្បីដឹងថាម៉េចដាក់ច្នេះហ្ន៎? ០២. ពេលដែលរូបខ្ញុំរៀនតែងកំណាព្យ ខ្ញុំចូលចិត្តកាព្យស្ថាបនាលម្អ ព្រោះចង់ឱ្យគេរស់ស្គាល់ខ្មៅស ស្គាល់មានស្គាល់ក្រស្គាល់ចាស់ស្គាល់ក្មេង។ ០៣. ពេលដែលត្រូវចិត្តគេក៏សរសើរ នេះជាដំណើរខ្ញុំបានពាក្យហេង អ្នកខ្លះមានខ្លួនខឹងហើយវង្វេង ប្រើឫកជាក្មេងប្រមាថជេរស្ដី។ ០៤. នេះធ្វើឲ្យខ្ញុំបានពាក្យថាស៊យ ពេលឮញយៗមិនទៅជាអ្វី ព្រោះលោកធម៌នៅក្នុងលោកិយ ទាំងប្រុសទាំងស្រីជួបគ្រប់អាត្មា។ ០៥. អ្នកខ្លះសរសើរនិងខ្លះបង្អាប់ មិត្តខ្ញុំបានស្ដាប់ហើយដឹងហេតុការណ៍ ព្រមទាំងឃើញខ្ញុំជួបរឿងច្នេះណា៎ ទើបហៅខ្ញុំថា “កវីហេងស៊យ”។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៤កើត ខែផល្គុន ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៣ រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បុប្ផាវត្តកែង”

វត្តកែងជាវត្តមួយស្ថិតនៅក្នុងភូមិកំពងដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ។ បងបានជួបស្រីដោយ​ចៃដន្យ ក្នុងពិធីបុណ្យមួយ។ ដោយសម្រស់កល្យាណស្អាតល្អ គួរជាទីប្រាថ្នានៃកន្លង់ទាំងឡាយ បានធ្វើឱ្យបងនៅមិនសុខ ក៏កើតចិត្តចង់បានអូនមករស់រួមជីវិត។ សូមបារមី តាចាន់ដ៏ស័ក្ដិសិទ្ធិនៃវត្តកែងនេះ ជួយចៅឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នាផងចុះ។ (បទពាក្យ៨) ចៃដន្យវាសនា ចារឲ្យរូបខ្ញុំ បានជួបក្រមុំ នៅម្តុំវត្តកែង ពេលដែលឃើញភ្លាមចិត្តរៀមចម្បែង កើតទុក្ខម្នាក់ឯង ដូចក្លែងដាច់ខ្សែ។ សិតាល្បីថាស្អាតសមបវរ ទោះជាស្រស់ល្អ ល្អចាញ់អូនទេ បុប្ផាវត្តកែងអូនស្អាតជាងគេ បើបងសុំស្នេហ៍ព្រមទេជីវា? វត្តកែង កន្លែងបងបានជួបស្រី ឲ្យបងស្រម៉ៃឃើញតែភក្ត្រា រូបអូនដឹងហើយថាបងស្នេហា បូជាសង្ខារ ជូនផ្កានួនល្អង។ បារមីតាចាន់​ សូមលោកជួយខ្ញុំ អន្ទងចិត្តមុំឲ្យយល់បំណង បើបានវមិត្ត ដូចចិត្តរៀមផ្សង ស្ម័គ្រថែស្នេហ៍ស្នងដរាបរៀងអើយ។៚   និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៨រោច ខែបឋមាសាឍ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ពុធ ទី១១ ខែកក្កដា ឆ្នាំ២០១២ ស្ថាបនា៖ yeansamnang@gmail.com

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បុប្ផាក្រចេះ”

បទពាក្យ៨ បុប្ផាក្រចេះ ល្អម្លេះព្រះអើយ ពេលបានជួបហើយ ធ្វើឲ្យរូបខ្ញុំ គេងគិតគេងព្រួយ គេងកើតទុក្ខធំ គេងនឹកក្រមុំ ទើបនឹងពេញវ័យ។ ពេញរូបពេញរាង ពេញលក្ខណា សក់វែងប្រះស្មា សាច់សមសខ្ចី កែវភ្នែកខ្មៅយង់ វង់ភក្រ្តប្រិមប្រិយ បានស្តាប់សម្តី ផ្អែមណាស់មាសមេ។ ស្អាតអី ស្អាតម្ល៉េះ ក្រចេះបងអើយ បងបាក់ចិត្តហើយ បាក់ចិត្តលង់ស្នេហ៍ បាក់ចិត្តលើស្រី ផ្កាដីទន្លេ បងសូមថ្នមថែ លុះសូន្យសង្ខារ។ បានចិត្តអូនហើយ មិនយូរទេថ្លៃ រៀមនឹងចូលស្តី ស្រីដល់មេបា សូមអូនរង់ចាំ ទទួលផ្កាស្លា យើងនឹងរៀបការ លើដីក្រចេះ៕៚

Rate this:

កំណាព្យជូនពរ “ជូនពរឆ្នាំថ្មី”

(បទពាក្យប្រាំបី) ១. សួស្ដីឆ្នាំថ្មីប្រពៃណីខ្មែរ                        ជូនពរពុកម៉ែបងប្អូនទាំងឡាយ ឱ្យបានជួបតែក្ដីសុខសប្បាយ             រុងរឿងគ្រប់កាយគ្រប់កិច្ចការងារ។ ២.រាល់ពេលសូមមានសុវត្ថិភាព             មានរិទ្ធិមានលាភមានជោគជយា មានកម្លាំងកាយឈ្នះអស់រោគា          មានទាំងសទ្ធាឈ្នះបាបធម៌។ ៣.បុណ្យខ្ញុំបំពេញហើយកន្លងមក           ថ្ងៃនេះសូមយកឆ្នៃធ្វើជាពរ លើកជូនប្រុសស្រីដោយក្ដីសាទរ         សូមទទួលយក៍បុណ្យខ្ញុំផងចុះ។ ៤.ម្យ៉ាងទៀតសូមមានអាយុយឺនយូរ        ហើយរកស៊ីធូរដាក់ចេះតែដុះ មានមាសមានប្រាក់ហូរចូលផុរផុស    ទាំងស្រីទាំងប្រុសសូមរឹតតែស្អាត។ ៥.ជូនពរអ្នកដែលមានគូរួចហើយ             យូរឆាប់សូមឱ្យបានកូនឆ្លាតៗ កូនងាយប្រដៅកូនមិនប្រមាទ              កូនល្អត្រូវខ្នាតដឹងគុណឪម៉ែ។ ៦.រីអ្នកមិនទាន់មានគូកាយា                    សូមឆាប់បានការបានកូនផងដែរ ជូនពរទាំងអ្នកធ្វើចម្ការស្រែ               ឱ្យបានផ្កាផ្លែជាទីគាប់ចិត្ត។ ៧.បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ            ជូនពរអ្នកឃ្លាតពីស្រុកទេសពិត អាស៊ីអឺរ៉ុបឆ្ងាយញាតិឆ្ងាយមិត្ត           សូម​​​​​​​​​​​​​ឱ្យជីវិតប្រពៃថ្លៃថ្លា។ ៨.ជូនពរជាតិខ្មែរឱ្យខ្មែរថែថួន                 ព្រោះគ្មានអ្នកស្ងួនជំនួសឡើយណា មត៌កវប្បធម៌កេរពីដូនតា                     សូមជួយរក្សាឱ្យល្អសោភី។ ៩.ចុងក្រោយជូនពរពិសេសបំផុត           គឺពរព្រះពុទ្ធទាំងបួននោះនៃ សូមឱ្យលោកអ្នកជួបគ្រប់ទិសទី         …

Rate this:

កំណាព្យស្ថាបនាៈ ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា

ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា (បទពាក្យប្រាំបី) នេះបទកំណាព្យខ្មែរពាក្យប្រាំបី               តែងផ្ញើទៅស្រីគ្រប់វ័យតូចធំ ពិសេសអ្នកដែលកំពុងក្រមុំ                    អានហើយខឹងខ្ញុំក៏ខ្ញុំមិនថា។ ត្បិតឃើញស្រីខ្លះស្លៀកពាក់សព្វថ្ងៃ          ឡើងតាមសម័យបានដៃអស្ចារ្យ ដូច្នេះខ្ញុំសូមចូលរួមស្ថាបនា                    បញ្ចេញស័ព្ទសារតាមកាព្យកូនខ្មែរ។ យករឿងស្លៀកខ្លីមកស្តីរិះគន់                 តែសូមប្រាប់មុនបើខឹងកុំជេរ បើជ្រុលជាលេងសូមលេងត្រឹមស្មេរ          កុំលេងដល់ម៉ែណាស្រីប្អូនបង។ ពេលដែលស្លៀកខ្លីតើស្រីដឹងទេ?            អ្នកមើលមាសមេច្រើនក្រៃកន្លង ខ្លះមើលសរសើរក្នុងន័យឌឺដង                ខ្លះមើលនួនល្អងលួចសើចក្នុងចិត្ត។ ពេលដែលស្លៀកខ្លីពិសីត្រូវដឹង               ក្មេងចាស់សម្លឹងតាមមើលកិតៗ ធ្វើឲ្យអ្នកមានដំណើរត្បៀតត្បិត              ពេលអង្គុយពិតគឺរិតតែយ៉ាប់។ ពេលដែលស្លៀកខ្លីសាច់ខ្ចីនឹមនួន            ចេញបង្ហាញខ្លួនយ៉ាងល្អចំណាប់ រួមនឹងសាច់ភ្លៅពៅហំសមហាប់              ឲ្យប្រុសខ្លះចាប់ខុសច្បាប់ក៏ហ៊ាន។ ពេលពាក់អាវខ្លីបញ្ចេញសាច់ស               មុខក្រោយចំហសឹងសព្វសាច់ប្រាណ សាច់ខ្នងសាច់ពោះសាច់ទ្រូងកល្យាណ     ប្រុសមើលកំសាន្តឥតបង់លុយទេ។ នៅក្នុងចិត្តខ្ញុំអាណិតអាណោច                ស្លៀកខ្លីគេសើចស្លៀកខើចខ្មាស់គេ ពេលដើរទៅមកគឺមិនស្រួលទេ               ហេតុអ្វីមាសមេមិនគិតពិចារណ៍។ ស្រ្តីត្រូវឲ្យតម្លៃដល់ខ្លួន                         បញ្ចេញផ្ទួនៗមិនល្អឡើយណា ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា                គួរស្លៀកធម្មតាឲ្យច្រើនជាខ្លី។ មិនថាប្រុសខ្ញុំឬប្រុសគេឡើយ                 បើឃើញអស់ហើយយកមកធ្វើអី ឲ្យឃើញក្រោយការទើបមានតម្លៃ            សូមគ្រប់រូបស្រីគិតខ្លួនឯងចុះ៕៚   និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៧កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃសៅរ៍ ទី២២ ខែកញ្ញា…

Rate this:

កំណាព្យអនុស្សាវរីយ៍ៈ លាហើយបាត់ដំបង

លាហើយបាត់ដំបង (បទពាក្យប្រាំបី) ឱបាត់ដំបងបណ្តូលចិត្តអើយ               ខ្ញុំសូមលាហើយលាទាំងអាល័យ លាទាំងទឹកភ្នែកសង្វែកហឫទ័យ           ទោះមាននិស្ស័យក៏សូលាសិន។ លាស្ទឹងសង្កែធ្លាប់ឆ្លងទៅមក               លាឋានធ្លាប់ជ្រកខាងជើងភូមិចិន លាទាំងក្តីស្នេហ៍ធ្លាប់ក្បែរមាសឆ្អិន        បងសូមលាសិនលាទាំងសោកា។ លារម្មណីយដ្ឋានធ្លាប់បានជួបជុំ            លាវត្តឯកភ្នំធ្លាប់ទៅទស្សនា លាភូមិសេកសក ជ្រលងបព្វតា            លាពេជ្រចិន្តា លាភ្នំសំពៅ។ លាកំពីងពួយលាទឹកថ្លាឈ្វេង              ទីធ្លាប់ហែលលេងត្រជាក់ព្រួចព្រឺ លាភ្នំបាណន់លាវត្តកន្ទឺ                      លាដំណាក់ស្តៅ តាគ្រាម រំជៃ។ លាហើយថ្មគោលតាម៉ឺនមានស្នេហ៍       លាពពាលខែក្បែរអូរតាគី លាអន្លង់រុន បឹងព្រីង រូងជ្រៃ                 លាគោកពន្លៃ ដាំស្ពៃ ចុងព្រែក។ លាដំណាក់ហ្លួង វត្តគរ អូរចារ              លាព្រៃរកា បឹងរាំង កូនសេក លាបាត់ដំបងលាទាំងទឹកភ្នែក              លាទួលតាឯក កំពង់ក្របី។ លាហើយផ្សារណាត់ធ្លាប់ទិញខ្នើយពូក   លាផ្សារបឹងឈូកផ្សារបុរីថ្មី លាទៅតែកាយតែចិត្តភក្តី                    ផ្ញើលើចំប៉ីផ្កាបាត់ដំបង។ លាហើយគ្រឹះស្ថានបានផ្តល់ចំណេះ      ឲ្យខ្ញុំបានចេះដឹងសមបំណង សមទាំងស្នេហាបានផ្កាមួយទង            ស្អាតហើយស្មោះផងបេះដូងនិស្សិត។ ឱបាត់ដំបង បងសូមលាហើយ             តូចតន់បងអើយកុំព្រួលប្រែចិត្ត បងនឹងវិលមកយករូបវមិត្រ                  សាងក្បូនជីវិតសុខសាន្តរៀងអើយ៕៚ នេះរឿងពិតប្រឌិតបន្ថែម ប្រឌិតស្នេហ៍ផ្អែម…

Rate this:

កំណាព្យស្នេហាៈ ប្រុសចិត្តកំសាក

ប្រុសចិត្តកំសាក (បទពាក្យប្រាំបី) ប្រវត្តិស្នេហ៍យើងក្នុងគ្រាដំបូង                       យើងយកបេះដូងមកសាងរួមគ្នា តែពេលឥឡូវប្រុសពៅបងលា                       ចាកចោលពុំងារឲ្យអូនហួសចិត្ត។ ហួសនឹងមាយាមារយាទបុរស                       បងអើយទៅចុះប្រុសអន់ចរិត ត្រឹមពាក្យអូនលេងសើចនឹងវមិត្រ                   ធ្វើឯងអន់ចិត្តគ្មានគិតមុខក្រោយ។ ពាក្យដែលអូនប្រាប់ថាសូមបែកគ្នា                  នោះមិនមែនជាពាក្យពិតសោះឡើយ អូនពោលព្រោះចង់ដឹងចិត្តត្រាណត្រើយ          ស្រឡាញ់អូនហើយតើស្មោះដែរទេ? ក្រោយពេលពិសោធពាក្យមួយឃ្លាហ្នឹង            ទើបអូនបានដឹងពីចិត្តមាសមេ ជាចិត្តមិនស្មោះមិនស៊ូនឹងស្នេហ៍                     ជួយមិនបានទេប្រុសដូចរូបបង។ ប្រឹងរៀបរូបរាងឫកពាឡើយហំ                       ព្រោះចង់ឲ្យខ្ញុំអង្វរស្នេហ៍ស្នង ទៅមិនរួចឡើយណាប្រុសនួនល្អង                  សម្បត្តិត្រឹមបងក្រោមអូនឆ្ងាយណាស់។ ទ្រព្យធន់អូនមានរូបឆោមអូនស្អាត                  ចរិយាមារយាទអូនល្អមិនខ្វះ អ្វីអូនចង់បានបងគួរដឹងច្បាស់                        គឺចិត្តមិនផ្លាស់មិនក្បត់ស្នេហា។ គ្រាន់តែប៉ុណ្នឹងបងធ្វើមិនបាន                        ទៅចុះកល្យាណអូនមិនត្រូវការ អូនមិនខ្ចីខ្វល់មិនខ្ចីឈឺផ្សា                            មិនស្ដាយឡើយណាទៅណាទៅៗ។ កំណាព្យបទនេះផ្ញើជូនព្រលឹង                       បើបងបានដឹងជួយអានឲ្យឮ អានហើយកុំយំកុំស្តាយកុំឈឺ                        លាហើយណាពៅប្រុសអន់ចរិត៕៚ កំណាព្យបទពាក្យប្រាំបីនេះ គឺជារឿងរបស់ប្អូនស្រីម្នាក់ ហើយគាត់សូមផ្ញើជូនបុរសម្នាក់ដែលគ្មានចិត្តអំណត់ ចិត្តតស៊ូ។ និពន្ធដោយ យាន សំណាង ថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦  ត្រូវនឹងថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១២ រិះគន់ស្ថាបនាៈ yeansamnang@gmail.com…

Rate this: