Category: បទពាក្យ៨

កំណាព្យស្នេហា “នឹកអើយសែននឹក”

(បទពាក្យ៨) នឹកអើយសែននឹក នឹកអូនម្ល៉េះទេ នឹកដល់មាសមេ ទាំងយប់ទាំងថ្ងៃ នឹកអានុស្សា ធ្លាប់សាងនឹងស្រី នឹកដល់សម្តី លួងលោមដួងចិត្ត។   នឹកអើយសែននឹក នឹកណាស់នួនល្អង នឹកគ្រាដែលបងថ្នាក់ថ្នមវមិត្ត បបោសអង្អែល កៀកកើយស្នេហ៍ស្និទ្ធិ ជាតិនេះបងពិត ភ្លេចមិនបានឡើយ។   បងដឹង បងដឹង ថាស្រស់មាសមេ អូននឹកបងដែរម្ចាស់ស្នេហ៍បងអើយ យើងកុំភ្លេចគ្នា ណាស្រស់ត្រាណត្រើយ បងសូមរួមខ្នើយលុះសូន្យសង្ខារ។   នឹកអើយសែននឹក នឹកតែអូនមួយ អូនអើយកុំព្រួយ បងមិនសាវា ជឿចុះវមិត្ត បងពិតស្នេហា គ្រប់ជាតិប្រាថ្នា ជួបអូនរៀងអើយ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៥កើតខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣

Rate this:

កំណាព្យស្នេហា “សន្យាថាមិនភ្លេចអូន”

(បទពាក្យ៨) អូនអើយថ្មើនេះកំពុងធ្វើអ្វី នឹកណាស់ពិសីចង់ជួបភក្រ្តា ចង់ស្តាប់សូរសៀងលួងលោមស្នេហា នឹកអានុស្សាសាងជាមួយពៅ។ ដួងចន្ទពេញវង់ផូរផង់កន្លង ចិត្តស្មោះនួនល្អង ឲ្យស្នេហ៍បងភ្លឺ បានចិត្តឆោមឆាយឆ្ងាយពាក្យថាឈឺ សូមស្មោះតទៅ កុំប្រែចិត្តថ្មី។ ពេលនេះឆ្ងាយអូន ស្ងួននឹកបងទេ សង្ឃឹមថាស្នេហ៍ នឹកដែរណាស្រី អូនអើយបងពិតជាស្មោះភក្តី កុំប្រែចិត្តថ្មីអីណាអូនណា។ ដឹងទេថាបងតែងតែគិតដល់ ចិត្តស្នេហ៍និមល នឹកតែជីវ៉ា ទោះនៅឆ្ងាយស្រីកែវកុំសង្កា បងសូមសន្យាថាមិនភ្លេចអូន៕   និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងអាទិត្យ ទី១៨ ខែ តុលា ឆ្នាំ២០០៩

Rate this:

កំណាព្យស្នេហា “សន្យាថាមិនភ្លេចបង”

(បទពាក្យ៨) បងអើយថ្មើនេះកំពុងធ្វើអ្វី នឹកណាស់ពិសីចង់ជួបភក្រ្តា ចង់ស្តាប់សូរសៀងលួងលោមស្នេហា នឹកអានុស្សាសាងជាមួយពៅ។ ដួងចន្ទពេញវង់ផូរផង់កន្លង ចិត្តស្មោះនួនល្អង ឲ្យស្នេហ៍អូនភ្លឺ បានចិត្តឆោមឆាយឆ្ងាយពាក្យថាឈឺ សូមស្មោះតទៅ កុំប្រែចិត្តថ្មី ។ ពេលនេះឆ្ងាយបង បងនឹកអូនទេ សង្ឃឹមថាស្នេហ៍ នឹកដែរណាថ្លៃ បងអើយអូ​នពិតជាស្មោះភក្តី កុំប្រែចិត្តថ្មីអីណាបងណា។ ដឹងទេថាអូនតែងតែគិតដល់ ចិត្តស្នេហ៍និមល នឹកតែរៀមរ៉ា ទោះនៅឆ្ងាយបងបងកែវកុំសង្កា អូនសូមសន្យាថាមិនភ្លេចបង៕   និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងអាទិត្យ ទី១៨ ខែ តុលា ឆ្នាំ២០០៩

Rate this:

កំណាព្យស្នេហា “សុំដកខ្លួន”

(បទពាក្យ៨) អ្នកណាមិនឈឺ ពេលត្រូវស្នេហ៍ក្បត់ ចិត្តខំអំណត់ តែឃាត់មិនបាន ជួបភ្លើងសង្រ្គាម បង់ឈាមបង់ប្រាណ ជួបស្នេហ៍សាមាន្យបានត្រឹមសោកា។ ផ្អែមណាស់ដំបូង ឲ្យចិត្តបងលង់ ដូចសត្វជាប់ជង់ បាត់បង់សង្ខារ ខំថ្នាក់ថ្នមអូនស្មើដួងនេត្រា ជឿពាក្យសន្យា​ ថាស្មោះលុះក្ស័យ។ ថ្ងៃនេះរូបបង បានឃើញច្បាស់ហើយ ចិត្តស្មោះត្រាណត្រើយឲ្យបងរីងរៃ ស្មោះបានតែមាត់ចិត្តក្បត់អប្រិយ នៅលើលោកីយ៍គ្មានស្រីដូចអូន។ ស៊ូមិនបានទេ ស្នេហ៍ដូចនួនល្អង មិនហ៊ាននៅផ្សងបងសូមដកខ្លួន ចេញពីស្នេហា​ សាវ៉ាដូចស្ងួន លាហើយនឹមនួន លាស្នេហ៍ឥតន័យ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០០៩

Rate this:

កំណាព្យស្នេហា “ស្ដាយស្នេហ៍ភក្ដី”

(បទពាក្យ៨) ០១. អធ្រាត្រត្រជាក់មេឃធ្លាក់ជំនោរ ធម្មជាតិទេរទោរទៅតាមវាតា ចង្រិតតាក់តែងបទភ្លេងស្នេហា បំពេរសត្តាដោយសៀងរងំ។ ០២. ជ្រិចៗច្រើនដងអ្នកផងលក់អស់ លក់ផុតក្រៀមក្រោះលក់សែនមនោរម្យ ទោះគេមានទុក្ខតែអាចសុខុម ប្លែកអ្វីទុក្ខខ្ញុំធំលក់មានបាន។ ០៣. រូបកាយជាពិតតែចិត្តសែនឈឺ ចន្ទជួយបំភ្លឺក៏នៅមិនស្រាន មិនស្រាកមិនស្រន់ពេកពន់ប្រមាណ ក្ដីស្នេហ៍ចែកដ្ឋានលែងបានជួបជិត។ ០៤. ខំស្ម័គ្រខំស្មោះប្រែអស់ខ្លឹមសារ រនាំងស្នេហាឱ្យយើងឃ្លាតពិត ស្រឡាញ់ម្ដេចក្ដីក៏ត្រូវអស់សិទ្ធិ បានត្រឹមដេកគិតអាណិតខ្លួនឯង។ ០៥. លលកខ្មោចយំឱ្យខ្ញុំស្រណោះ ចិន្តាដែលស្មោះអួលអាក់ចម្បែង អារម្មណ៍មិនស្ងប់វិលវល់ដូចផ្សែង កណ្ដោចកណ្ដែងកណ្ដាលរាត្រី។ ០៦. យប់យន់ស្ងាត់ឈឹងសម្លឹងទៅផ្ដាយ ដួងចិត្តនឹកស្ដាយៗស្នេហ៍ភក្ដី បើនៅមានភ័ព្វសូមជួបជាថ្មី បានសុខសិរីដូចគេផងចុះ៕៚ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១កើត ខែជេស្ឋ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០១៤ រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “សោបលើអនុស្សា”

(បទពាក្យ៨) សាលាសោបលើខ្ញុំតែងស្រម៉ៃ អាលោះអាល័យ គ្មានថ្ងៃភ្លេចបាន នឹកគ្រូមានគុណពេកពន់ប្រមាណ នឹកមិត្តគ្រប់ប្រាណ ធ្លាប់រៀនជុំគ្នា។ អនុស្សាវរីយ៍ គ្រប់ទីកន្លែង ព្រែកជីកបឹងច្រែង ខ្ញុំតែងនឹកនា វត្តសោបសោភ័ណ ធ្លាប់ស្ដាប់ធម្មា ពេលឃើញខ្លោងទ្វារ នឹកគ្រាក្មេងវ័យ។ ដើមស្វាយមុខវត្ត កត់ត្រារឿងខ្ញុំ ទីធា្លប់​ជួបជុំ មិត្តភក្រ្តប្រុសស្រី ពេលនេះស្វាយឈរទទួលស្លឹកថ្មី បញ្ជាក់ថាអ្វីៗហួសអស់ហើយ។ អតីតផុតទៅ ច្រើនឆ្នាំយ៉ាងណា ក៏ដួងចិន្តា ខ្ញុំមិនភ្លេចឡើយ បានគុណសាលាសោបលើនេះហើយ ជួនខ្ញុំដល់ត្រើយ ជីវិតសុខសាន្ត។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃព្រហ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បឹងច្រែងស្នេហ៍ខ្ញុំ”

ឱ! ភូមិបឹងច្រែង អ្នកនេះហើយដែលកត់ត្រានូវរាល់អនុស្សារបស់ខ្ញុំ។ អ្នកបានឱ្យខ្ញុំស្គាល់បុប្ផាមួយទង ស្អាតកន្លងសមជាកូនខ្មែរអ្នកស្រែចម្ការ។ តែគួរឱ្យស្ដាយ ពេលនោះ ខ្ញុំមិនទាន់បានសារភាព​ប្រាប់នាងនៅឡើយទេ។ ដូច្នេះពេលនេះ ខ្ញុំនឹងទម្លាយស្នេហ៍របស់ខ្ញុំឱ្យនាងបានដឹងថា “ទោះជាបងនៅឆ្ងាយពីអូនមែន តែចិត្តបងនៅនឹកដល់បឹងច្រែងជានិច្ច។ សង្ឃឹមថាអូនមេត្តាបងផងចុះ ណាអូនណា!” (បទពាក្យ៨) ទឹកដីបឹងច្រែង កន្លែងស្នេហ៍ខ្ញុំ បងបានជួបមុំ តាំងពីក្មេងវ័យ សាលាសោបលើ ធ្លាប់រៀនជិតស្រី រៀមលួចបេតី ក្នុងន័យស្ម័គ្រស្មោះ។ មិនទាន់សារភាព ស្នេហ៍ប្រាប់អូនផង ដល់ពេលដែលបង ត្រូវឃ្លាតស្រីស្រស់ ចាកឆ្ងាយពីស្រុក ទាំងទុក្ខក្រៀមក្រោះ អាល័យអាលោះ មិនចង់ឃ្លាតឃា្ល។ ទោះកាយឆ្ងាយពៅ ចិត្តនៅបឹងច្រែង យប់ថ្ងៃបងតែង នឹកដល់ពម្ងា នឹកវត្តសោបលើ ធ្វើបុណ្យជុំគ្នា នឹកគ្រប់វេលា នឹកគ្រាសុខសាន្ត។ បឹងច្រែងពន្លក បងមកវិញហើយ មកប្រាប់ត្រាណត្រើយ បងស្នេហ៍កល្យាណ សូមអូនអាណិត រួមចិត្តរួមប្រាណ ឱ្យរូបបងបាន រស់ក្បែរស្រីផង។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក…

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បានវិហារថ្មីស្រីពេញក្រមុំ”

កាលនៅតូច មើលឃើញតូច ដល់ពេលធំមើលឃើញស្អាត។ គិតៗទៅ មិនបានប៉ុន្មានឆ្នាំផង វិហារថ្មីត្រូវបានកសាងហើយៗរូបអូនក៏ពេញវ័យទៀត គគីរមុខវត្តរេរាំតាមខ្យល់ដូចចិត្តបងកញ្ជ្រោលចង់បានជីវ៉ាជាគូ។ មិនយូរទេបងនឹងឱ្យមេបាចូលចែចូវអូនហើយ។ (បទពាក្យ៨) ភូមិកំពង់ដ ភូមិរ កាធំ ភូមិកែងជួបមុំតាំងពីក្មេងវ័យ សាលាបឋមធ្លាប់រៀនជិតស្រី ម៉ឺនសែនសម្តីអូនបងឆ្លងឆ្លើយ។ ពេលឃើញខ្លោងទ្វារនឹកគ្រារត់លេង កាលនោះនៅក្មេងមិនខ្វល់អ្វីឡើយ កែងកំពង់ដស្រីល្អបងអ្ហើយ ភ្លេចខ្លួនត្រាណត្រើយអូនកាន់តែធំ។ កាលវិហារចាស់ អូននៅក្មេងខ្ចី បានវិហារថ្មីស្រីពេញក្រមុំ រូបឆោមជីវ៉ា ដូចផ្កាក្រពុំ ឫកពាររម្យទមសមជាកូនខ្មែរ។ គគីរមុខវត្តទន់ទោរព្រោះខ្យល់ ដូចចិត្តបងខ្វល់ព្រោះចាញ់ក្តីស្នេហ៍ ចាញ់នឹងសម្រស់រំដួលស្រុកស្រែ ដាច់ឆ្នាំឲ្យម៉ែចូលស្ដីអូនហើយ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៣

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “ផ្ញើវាសនាលើផ្កាក្រចេះ”

(បទពាក្យ៨) ពេលបានស្តាប់បទរំដួលក្រចេះ ទ្រូងខ្ញុំស្ទើប្រេះ ញ័រពេញចិន្តា ពោះចង់ឃើញពិតសម្ផស្សបុប្ផា តើស្អាតយ៉ាងណា ផ្កាដីទន្លេ? ថ្ងៃនេះបានស្គាល់ក្រចេះដូចប៉ង រូបពិតនួនល្អងល្អណាស់មាសមេ គេប្រាប់មិនដូចឃើញផ្ទាល់ភ្នែកទេ រូបពិតមានស្នេហ៍ មានលក្ខណ៍ប្រិមប្រិយ។ រំដួលក្រចេះពេលនេះស្គាល់ហើយ សម្រស់ត្រាណត្រើយ គួរឲ្យបេតី បងមិនចង់ឃ្លាត ចង់រស់ជិតស្រី រួមរក្សភក្តី ជាគូស្នេហា។ បងជាកន្លង់មកពីស្រុកឆ្ងាយ អង្វរឆោមឆាយ ផ្តល់ក្តីមេត្តា ជាតិនេះរូបបងសូមផ្ញើវាសនា លើរំដួលផ្កាក្រចេះអូនហើយ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃ ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៣

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “ឃ្លាតមិនយូរ”

(បទពាក្យ៨) លាដងទន្លេ ឆ្នេរខ្សាច់ជ្រោយរៃ លាព្រែកកាំពីរ ទីធ្លាប់សាសង លាអានុស្សា យើងសាងកន្លង អូននឹងរូបបងផ្តោះផ្តងឆ្លងឆ្លើយ។ លាគ្រប់កន្លែង យើងតែងជួបគ្នា បងថ្នមពម្ងាឲ្យអូនបានស្បើយ ពេលនេះបងឃ្លាតឆ្ងាយពីអូនហើយ ក្រចេះបងអ្ហើយ កុំភ្លេចរៀមរ៉ា។ សូមគុណបារមី នៃខេត្តក្រចេះ សូមកុំប្រហែស ជួយគ្រងរក្សា កុំឲ្យរូបអូនមើលឃើញអ្នកណា សូមឲ្យជីវ៉ាស្មោះស្ម័គ្រភក្តី។ ស្រុកទាំងប្រាំមួយ ជួយចាំពាក្យខ្ញុំ បងឃ្លាតពីមុំមិនយូរទេស្រី នឹងវិលរកអូនសាងក្បូនស្នេហ៍ថ្មី នៅលើទឹកដីក្រចេះដួងចិត្ត៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំខាល ទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០១០

Rate this: