មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទពាក្យ៨ rss

អត្ថបទកំណាព្យស្ថាបនា “រួមគ្នាថែ”

(1)
,September 9, 2016

ពេលឃើញជាតិគេក្បែរខេមរា ប្រណំហត្ថាស័ក្ដិសមសួន ធ្វើឱ្យដួងចិត្តខ្ញុំអង្រួន នឹកវប្បធម៌ខ្លួនដ៏ល្អស្អាត។ របៀបសំពះថ្វាយបង្គំ ក្នុងពេលជួបជុំមានក្បួនខ្នាត តែយុគៈថ្មីភ្លេចភ្លាត់ផ្លាត ខ្មែរត្រូវប្រមាថជាលំដាប់។ ដូច្នេះមិនទាន់ហួសពេលឡើយ កូនចៅខ្មែរអ្ហើយចូរប្រញាប់ ជួយគ្នាលើកខ្មែរដែលមានស្រាប់ ឱ្យផ្សាយកិត្តិសព្ទជាសាកល។ ទោះនៅទីណារួមគ្នាថែ ឈាមជ័រជាខ្មែរត្រូវខ្វាយខ្វល់ អតីតបច្ចុប្បន្នរហូតដល់ ថ្ងៃមុខនៅថ្កល់ជាខ្មែរអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះថ្ងៃ៧កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ចន្ទ-២៦-មករា-២០១៥      

Rate this:

អត្ថបទកំណាព្យស្ថាបនា “កំដៀលអ្នកក្រ”

ជាតិនេះអភ័ព្វកើតជាអ្នកក្រ ព្រោះកម្មមិនល្អឱ្យផលយ៉ាងហ្នឹង ប្រវេប្រវាថារកទីពឹង តែមានអ្នកខឹងៗមិនគិតអ្វី។ ឃើញខ្ញុំអ្នកក្រគេក៏ដើរឆ្ងាយ ខ្លាចជាប់ចំហាយនៃអ្នកក្រក្រី ជេរដៀលអ្នកក្រថាពូជអប្រិយ បានឮសម្ដីឈឺចាប់ម្ល៉េះទេ។ អ្នកមានអ្នកក្រជាមនុស្សដូចគ្នា ហេតុអ្វីនិន្ទាគ្មានគិតរិះរេ រៀនគិតខ្លះទៅចិត្តយើងចិត្តគេ តើឈឺដែរទេពេលគេដៀលថា? កុំដៀលអ្នកក្រត្រូវរក្សាខ្សត់ បើឃើញគ្នាអត់ជួយយកអាសា អរគុណអ្នកដែលមានចិត្តមេត្តា សូមបានសុខាគ្រប់គ្រាទៅអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះ ថ្ង៨កើត ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥

Rate this:

កាត់លេខចាក់ឆ្នោត

កាត់លេខចាក់ឆ្នោត (បទពាក្យ៨) ០១. ឈឺគ្រុនក្នុងខ្លួនដេកលក់មិនស្រួល យល់សប្តប្រែប្រួលឃើញនេះឃើញនោះ មិនគិតរកពេទ្យឱ្យព្យាបាលសោះ នាំគ្នាពិគ្រោះ កាត់លេខចាក់ឆ្នោត។ ០២. ដើរៗផ្លាច់ៗទៅជាន់អាចម៍គោ ដួលខ្ពោកស្រែកហ៊ោប្រឡាក់ពេញខ្លួន គោកៅអាចម៍ខ្មៅត្រូវកៅប្រាំបួន មិនគិតលាងខ្លួន កាត់លេខចាក់ឆ្នោត។ ០៣. ម៉ូតូបុកគ្នាគេកាត់ផ្នែកស្រស់ អ្នកដួលស្លាប់រស់ក៏គេមិនខ្វល់ មិនខ្ចីជួយលើកបែរមកគិតកល ផ្ដោះប្ដូរយោបល់ កាត់លេខចាក់ឆ្នោត។ ​០៤. មានខ្លះញាតិខ្លួនត្រូវស្លាប់ប្រាសព្រាត់ លួចសួរតើគាត់អាយុប៉ុន្មាន ដឹងហើយកើតទុក្ខនឹកស្ដាយសន្ដាន ស្ងាត់ៗដកប្រាណ កាត់លេខចាក់ឆ្នោត។ ០៥. កូនធ្លាក់ពីលើផ្ទះទៅផ្កាប់ផ្ងារ ចុះទៅអីយ៉ាកូនអញឱ្យហេតុ កូនឈឺមិនគិតយកគ្នាទៅពេទ្យ លើកកូនដើរភ្លេត កាត់លេខចាក់ឆ្នោត។ ០៦. នេះរឿងខ្លះៗប្រទះឃើញមែន មេឈ្នះរាប់សែនរាប់លាន់រាប់កោដិ ឯអ្នកចាក់វិញអស់ៗព្រោះឆ្នោត ឆោតអើយៗឆោតៗអីយ៉ាងហ្នឹង។ ០៧. យូរៗត្រូវម្ដងធ្វើឯងឡួយណាស់ ល្មមគួរគិតខ្លះកុំនៅអ៊ីចឹង សេដ្ឋីព្រោះល្បែងមិនមានទេដឹង ណ្ហើយនាំគ្នាប្រឹងធ្វើការល្អជាង។ ០៨. គេបង្កើតឆ្នោតគេដឹងថាឈ្នះ ច្នេះកុំមានះគួរគិតគួររាង ព្រះពុទ្ធត្រាស់ថារឿងល្បែងត្រូវវាង ព្រោះអីអ្នកសាងមិនចម្រើនទេ។ ០៩. ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំស្ថាបនា ​​បើមិនពិចារណ៍ក៏មិនអីដែរ តែសូមផ្ដាំថាកុំភ្លេចពាក្យខ្មែរ ពាក្យចាស់ថាមេមិននៅក្រោម…?។ និពន្ធដោយៈ យាន សំណាង… Read More ›

Rate this:

មេរៀនតែងកំណាព្យ “បទពាក្យ៨”

រង្វាស់កាព្យ ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ។ គំនូសតាង ចំណាប់ជួន ជួនក្នុងវគ្គ ព្យាង្គ៨ឃ្លា១វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា២វគ្គ១ ព្យាង្គ៨ឃ្លា២វគ្គ១ |=| ព្យាង្គ៨ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ព្យាង្គ៨ឃ្លា៤វគ្គ១ |=| ព្យាង្គ៨ឃ្លា២វគ្គ២។ ចង្វាក់ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៥រៀងរាល់ឃ្លា។ បរិយាកាស បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។ ប្រភព៖ សំបុករៀន http://www.sombokrean.org/2013/02/blog-post_8853.html

Rate this:

កំណាព្យអនុស្សាវរិយខេត្តក្រចេះ “គ្មានថ្ងៃបែកចិត្តពីក្រចេះឡើយ”

បទពាក្យ៨ ស្នេហ៍អើយសែនស្នេហ៍ ស្នេហ៍តែក្រចេះ ទោះក្លាយជាផេះ ក៏មិនភ្លេចឡើយ ទន្លេមេគង្គ ជិះទូកឆ្លងត្រើយ មើលទឹកបានស្បើយ រហើយឱរ៉ា។ ក្រចេះជាទ្រព្យ ល្អគាប់សោភី កោះទ្រង់ជ្រោយរៃ កាំពីស្រស់ថ្លា ពេលល្ងាចមើលផ្សោត ប្រឡែងជលសា កៀងគូកាយា ដូចជាស្នេហ៍ខ្ញុំ។ ឱ! ក្រពុំឈូក ទីអុជធូបផ្សង ស័ក្ដិសិទ្ធិកន្លង អូនបងជួបជុំ សុពណ៌កាឡី គិរីមនោរម្យ ខែប្រាំងរៃយំ រងំដួងចិត្ត។ ក្រចេះដីខ្មែរ ខ្ញុំស្នេហ៍ដោយស្មោះ ចងចាំទាំងអស់ រឿងរ៉ាវជីវិត ត្រើយទាំងសងខាង យើងសាងស្នេហ៍ពិត គ្មានថ្ងៃបែកចិត្ត ពីក្រចេះឡើយ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃពុធ ៦រោច ខែកក្ដិក ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរិយក្រចេះ “លាហើយក្រចេះ”

បទពាក្យ៨ ក្រចេះដួងចិត្ត ជីវិតខ្ញុំអើយ ខ្ញុំសូមលាហើយ លាទាំងសៅហ្មង លាគ្រប់ទីដ្ឋាន ធ្លាប់បានឆ្លើយឆ្លង លាប្អូនលាបង លាដងទន្លេ។ លាព្រែកកាំពី ទីទឹកថ្លាឈ្វេង ធ្លាប់ងូតហែលលេង ស្រណោះម្ល៉េះទេ លាក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ រសជាតិជាប់ស្នេហ៍ ដូចខែពេញប្រាណ។ លាឆ្លូងលាស្នួល លាចិត្របុរី សំបូរល្បាញល្បី ទឹកដីល្អថ្កាន លាព្រែកប្រសព្វ ទីធ្លាប់កំសាន្ត រឿងទាំងប៉ុន្មាន ខ្ញុំមិនភ្លេចឡើយ។ លាហើយក្រចេះ លាទាំងសោកា ឃ្លាតតែកាយា ចិត្តនៅបង្កើយ ស៊ូទ្រាំបិទភ្នែក លាអ្នកសិនហើយ ក្រចេះខ្ញុំអ្ហើយ ថ្ងៃក្រោយជួបវិញ៕ កវីហេងស៊យ ថ្ងៃ៦រោច ខែកក្ដិក ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែ១១ ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរិយក្រចេះ “ចម្រៀងបឹងច្រែង”

បទពាក្យ៨ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកសព្វ ខេត្តក្រចេះ។ នៅតាមបណ្ដោយដងទន្លេមេគង្គ។ ចម្រៀងបឹងច្រែង សូមថ្លែងរឿងពិត ពីខ្សែជិវិតកូនកសិករ សាលាចិនចាស់ ផ្ដើមរៀនអក្សរ សោបលើបន្ត ឱ្យល្អថ្លៃថ្លា។ ពេលចប់បឋម ខ្ញុំទៅនៅវត្ត ផ្ញើខ្លួនប្រាកដ ក្នុងពុទ្ធសាសនា រៀនទាំងផ្លូវលោក ផ្លូវធម៌ផងណា បានចប់បរិញ្ញា ដោយសារវត្តអើយ។ អរគុណពុកម៉ែ តែងតែជួយកូន ស្ទើររស់ស្ទើរសូន្យ ឱ្យកូនដល់ត្រើយ ធ្វើល្អបានល្អ មិនក្រសោះឡើយ កូនរៀនចប់ហើយ ជួយលោកវិញបាន។ ចម្រៀងអ្នកស្រែ ប្រាប់ខ្មែរប្រុសស្រី យើងអ្នកក្រក្រី ត្រូវរៀនកុំខាន រៀនចេះជួយជាតិ ជួយញាតិសណ្ដាន ជួយខ្លួនផងបាន សុខសាន្តជីវិត៕៚ កវីហេងស៊យ យាន សំណាង ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំមមីរ ឆស័ក ព.ស.​២៥៥៨ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Rate this:

កំណាព្យអំពីខ្ញុំ “ជូនពរពីបាត់ដំបង”

(បទពាក្យ៨) ឆ្នាំនេះប្រឡងកៀកថ្ងៃបុណ្យភ្ជុំ ធ្វើឱ្យរូបខ្ញុំមិនអាចទៅស្រុក បានត្រឹមទូរសព្ទជូនពរម៉ែពុក ជួបតែក្ដីសុខពីបាត់ដំបង។ ឱ! ខេត្តក្រចេះទឹកដីសំណព្វ ឆ្នាំក្រោយរៀនចប់ជួបដូចបំណង បើបានឮហើយអភ័យទោសផង ពីបាត់ដំបងផ្សងទាំងទឹកភ្នែក៕៚ កវីហេងឹស៊យ យ.ស.ណ. ថ្ងៃ៥រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Rate this:

កវីចាក់ស្មុក “រំដួលមេមត់”

(បទពាក្យ៨) ពេលបានឃើញផ្កា រំដួលមេមត់ ចិត្តរៀមប្រតិព័ទ្ធ សម្រស់បុប្ផា វង់ភក្ត្រតូចតន់ ដិតជាប់នេត្រា អន្ទងចិន្តា ឲ្យបងលង់ស្នេហ៍។ រំដួលមេមត់ អូនល្អអ្វីម្លេះ ចង់លូកដៃបេះ យកមកថ្នមថែ ប្រលោមកៀកកិត បានស្និទ្ធនៅក្បែរ រៀមរក្សាថែ មិនឲ្យរុះរោយ។ មេមត់ស្នេហាចំណាដួងចិត្ត រូបកវីពិតលង់ស្នេហ៍ត្រាណត្រើយ ឱ!យាយមេមត់សូមកុំព្រងើយ ជូយនាំចម្លើយប្រាប់រំដួលផង។ លោកតាមេមងជូយជាសាក្សី ចិត្តខ្ញុំបេតីគ្មានថ្ងៃប្រែខ្នង ជាតិនេះស្ម័គ្រស្នេហ៍រំដួលមួយទង សូមស្រស់នួនល្អងជឿចិត្តចុះថ្លៃ។   កវីចាក់ស្មុក គំ ភារ៉ា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថាបនា៖ ០៩៧៩៧២២៦៨៨ /០៩៦៥៦៨៦៦៨៨

Rate this:

កំណាព្យអនុស្សាវរីយ៍ “កន្សែងភក្ដី”

(បទពាក្យ៨) ០១. កន្សែងអូនមួយអូនឱ្យមកបង ទុកជាចំណងស្នេហាភក្ដី បងបានថ្នមថែថួនលើសអ្វីៗ មិនឱ្យពិសីស្រីខកចិត្តឡើយ។ ០២. កន្សែងត្រួយចេកបងដេកដណ្ដប់ ហត្ថបងឱបជាប់ទុកដូចត្រាណត្រើយ ក្លិនស្នេហ៍ក្រអូបបងស្រូបបានស្បើយ យប់ថ្ងៃកៀកកើយល្ហែល្ហើយចិន្តា។ ០៣. កន្សែងពណ៌ស្រស់ៗក្រៃកន្លង ធ្វើឱ្យរូបបងនឹកតែជីវ៉ា នឹកពេកពេលខ្លះបងជូតភក្ត្រា អារម្មណ៍ស្មានថាបងថើបថ្ពាល់អូន។ ០៤. កន្សែងល្អនេះវាចេះខ្លាំងណាស់ មិនធ្វើផ្ដេសផ្ដាសឱ្យបងស្រពោន ទោះជាពេលថ្ងៃឬយប់ស្ងាត់សូន្យ ហាក់ដូចមានអូននៅស្និទ្ធិស្នាលស្នេហ៍។ ០៥. កន្សែងសំណព្វតែងប្រាប់បងថា កុំគិតសាវាកន្តើយបែកបែរ បងក៏បានប្រាប់ទៅវិញផងដែរ ថាបងស្មោះស្នេហ៍មិនឱ្យអន់អាក់។ ០៦. កន្សែងភក្ដីគ្មានអ្វីប្រៀបបាន សូមប្រាប់កល្យាណដោយពាក្យសច្ចៈ តទៅទោះមានសែនលានឧបសគ្គ បងស៊ូស្មោះស្ម័គ្រនឹងម្ចាស់កន្សែង៕៚    និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣រោច ខែចែត្រ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០១៤

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា