មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទបថ្យាវត្ត rss

កំណាព្យស្នេហាៈ “សល់សូន្យភាគរយ”

(0)
,August 12, 2014

(បទបថ្យាវត្ត) ០១. កាយនៅក្បែរកាយតែឆ្ងាយអនេក គេជ្រៀតគេជ្រែកបំបែកឱ្យកម្ម កៀកកើយលែងកើតព្រោះគេបំណាំ សល់ត្រឹមស្នាមខាំនៅចាំទន្តា។ ០២. មាត់អូនមាត់បងធ្លាប់ឆ្លងវាចា ក៏ត្រូវចាត់ការឱ្យហាលែងបាន សៀងល្អបែរបាត់ដូចបង់ចាកឋាន ពាក្យពេចន៍ប៉ុន្មានហាស្លាក់ខ្ជាក់ស្លែង។ ០៣. ចិត្តវិញសោកសៅក្ដួលក្ដៅចម្បែង កណ្ដោចកណ្ដែងកណ្ដាលទួលទុក្ខ ទាក់ទើសគ្រប់គ្រាជាចិត្តជាប់គុក ច្រាស់ច្រាល់ដល់មុខស្រងូងស្រងាត់។ ០៤. ស្រងល់ស្លក់ស្លេកទឹកភ្នែកខ្ចាយខ្ចាត់ តក់ៗហូរកាត់ផែនថ្ពាល់ក្រៀមក្រំ សោតាធ្លាប់តែស្ដាប់សៀងរណ្ដំ ត្រូវគេបង្ខំឱ្យថ្លង់លែងឮ។ ០៥. ភ្នែកក៏គេឃាំងមិនឱ្យឃើញពៅ ឈឺអើយសែនឈឺៗហួសនិស្ស័យ ស្នេហ៍យើងស្នេហ៍ស្មោះត្រូវអស់តម្លៃ កម្មកាចចង្រៃផ្ដន្ទាយើងណាស់។ ០៦. ទុំទាវព្រាត់ស្លាប់ក៏គង់ជួបខ្លះ ឯយើងព្រាត់ប្រាស់ទាំងនៅជិតគ្នា ឱ! ទ្រូងខ្ញុំអើយរស់សែនគ្រាំគ្រា គ្រោះគ្មានថ្ងៃជាថ្ងៃជួបវិញទេ។ ០៧. អូនស្ម័គ្ររូបបងបងស្មោះមាសមេ មិនគួរណាគេបំបែរឱ្យបែក ឱ្យស្នេហ៍យើងនេះសោកសៅសង្វេគ សង្ឃឹមថ្ងៃស្អែកគ្មានទេជាតិហ្នឹង។ ០៨. ជាតិនេះអស់ហើយអស់ក្ដីរំពឹង ថាបានព្រលឹងនែបនិត្យជិតកាយ ចង់មានឱកាសរស់កៀកឆោមឆាយ តែគួរឱ្យស្ដាយសល់សូន្យភាគរយ៕៚ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០១៤

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា