មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យអនុស្សាវរីយ៍ក្រចេះ rss

អ្នកខេត្តក្រចេះសូមស្វាគមន៍

(0)
,September 9, 2016

ក្នុងនាមជាអ្នកក្រចេះ សូមស្វាគមន៍ចំពោះប្រិយមិត្តជិតឆ្ងាយដោយក្ដីរីករាយបំផុត និង សូមអរគុណសម្រាប់ការមកទស្សនាខេត្តក្រចេះយើងខ្ញុំ។

Rate this:

អត្ថបទកំណាព្យអំពីក្រចេះ

នេះជាកំណាព្យរបស់កវីហេងស៊យដែលនិពន្ធអំពីខេត្តក្រចេះ ដើម្បីតបទៅនឹងអ្នកមួយចំនួនដែលនិយាយថា អ្នកក្រចេះក្រ អ្នកក្រចេះល្ងង់… ទំនងដូចជាការរើសអើងអ្នកខេត្តក្រចេះ។ សូមអរគុណដល់ខ្មែរគ្រប់រូបដែលមិនរើសអើងគ្នា ព្រមទាំងមានសាមគ្គីនឹងគ្នាទៅវិញទៅមក។

Rate this:

កំណាព្យអនុស្សាវរិយខេត្តក្រចេះ “គ្មានថ្ងៃបែកចិត្តពីក្រចេះឡើយ”

បទពាក្យ៨ ស្នេហ៍អើយសែនស្នេហ៍ ស្នេហ៍តែក្រចេះ ទោះក្លាយជាផេះ ក៏មិនភ្លេចឡើយ ទន្លេមេគង្គ ជិះទូកឆ្លងត្រើយ មើលទឹកបានស្បើយ រហើយឱរ៉ា។ ក្រចេះជាទ្រព្យ ល្អគាប់សោភី កោះទ្រង់ជ្រោយរៃ កាំពីស្រស់ថ្លា ពេលល្ងាចមើលផ្សោត ប្រឡែងជលសា កៀងគូកាយា ដូចជាស្នេហ៍ខ្ញុំ។ ឱ! ក្រពុំឈូក ទីអុជធូបផ្សង ស័ក្ដិសិទ្ធិកន្លង អូនបងជួបជុំ សុពណ៌កាឡី គិរីមនោរម្យ ខែប្រាំងរៃយំ រងំដួងចិត្ត។ ក្រចេះដីខ្មែរ ខ្ញុំស្នេហ៍ដោយស្មោះ ចងចាំទាំងអស់ រឿងរ៉ាវជីវិត ត្រើយទាំងសងខាង យើងសាងស្នេហ៍ពិត គ្មានថ្ងៃបែកចិត្ត ពីក្រចេះឡើយ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃពុធ ៦រោច ខែកក្ដិក ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរិយក្រចេះ “លាហើយក្រចេះ”

បទពាក្យ៨ ក្រចេះដួងចិត្ត ជីវិតខ្ញុំអើយ ខ្ញុំសូមលាហើយ លាទាំងសៅហ្មង លាគ្រប់ទីដ្ឋាន ធ្លាប់បានឆ្លើយឆ្លង លាប្អូនលាបង លាដងទន្លេ។ លាព្រែកកាំពី ទីទឹកថ្លាឈ្វេង ធ្លាប់ងូតហែលលេង ស្រណោះម្ល៉េះទេ លាក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ រសជាតិជាប់ស្នេហ៍ ដូចខែពេញប្រាណ។ លាឆ្លូងលាស្នួល លាចិត្របុរី សំបូរល្បាញល្បី ទឹកដីល្អថ្កាន លាព្រែកប្រសព្វ ទីធ្លាប់កំសាន្ត រឿងទាំងប៉ុន្មាន ខ្ញុំមិនភ្លេចឡើយ។ លាហើយក្រចេះ លាទាំងសោកា ឃ្លាតតែកាយា ចិត្តនៅបង្កើយ ស៊ូទ្រាំបិទភ្នែក លាអ្នកសិនហើយ ក្រចេះខ្ញុំអ្ហើយ ថ្ងៃក្រោយជួបវិញ៕ កវីហេងស៊យ ថ្ងៃ៦រោច ខែកក្ដិក ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែ១១ ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរិយក្រចេះ “ចម្រៀងបឹងច្រែង”

បទពាក្យ៨ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកសព្វ ខេត្តក្រចេះ។ នៅតាមបណ្ដោយដងទន្លេមេគង្គ។ ចម្រៀងបឹងច្រែង សូមថ្លែងរឿងពិត ពីខ្សែជិវិតកូនកសិករ សាលាចិនចាស់ ផ្ដើមរៀនអក្សរ សោបលើបន្ត ឱ្យល្អថ្លៃថ្លា។ ពេលចប់បឋម ខ្ញុំទៅនៅវត្ត ផ្ញើខ្លួនប្រាកដ ក្នុងពុទ្ធសាសនា រៀនទាំងផ្លូវលោក ផ្លូវធម៌ផងណា បានចប់បរិញ្ញា ដោយសារវត្តអើយ។ អរគុណពុកម៉ែ តែងតែជួយកូន ស្ទើររស់ស្ទើរសូន្យ ឱ្យកូនដល់ត្រើយ ធ្វើល្អបានល្អ មិនក្រសោះឡើយ កូនរៀនចប់ហើយ ជួយលោកវិញបាន។ ចម្រៀងអ្នកស្រែ ប្រាប់ខ្មែរប្រុសស្រី យើងអ្នកក្រក្រី ត្រូវរៀនកុំខាន រៀនចេះជួយជាតិ ជួយញាតិសណ្ដាន ជួយខ្លួនផងបាន សុខសាន្តជីវិត៕៚ កវីហេងស៊យ យាន សំណាង ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំមមីរ ឆស័ក ព.ស.​២៥៥៨ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Rate this:

កំណាព្យអំពីខ្ញុំ “ជូនពរពីបាត់ដំបង”

(បទពាក្យ៨) ឆ្នាំនេះប្រឡងកៀកថ្ងៃបុណ្យភ្ជុំ ធ្វើឱ្យរូបខ្ញុំមិនអាចទៅស្រុក បានត្រឹមទូរសព្ទជូនពរម៉ែពុក ជួបតែក្ដីសុខពីបាត់ដំបង។ ឱ! ខេត្តក្រចេះទឹកដីសំណព្វ ឆ្នាំក្រោយរៀនចប់ជួបដូចបំណង បើបានឮហើយអភ័យទោសផង ពីបាត់ដំបងផ្សងទាំងទឹកភ្នែក៕៚ កវីហេងឹស៊យ យ.ស.ណ. ថ្ងៃ៥រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “សោបលើអនុស្សា”

(បទពាក្យ៨) សាលាសោបលើខ្ញុំតែងស្រម៉ៃ អាលោះអាល័យ គ្មានថ្ងៃភ្លេចបាន នឹកគ្រូមានគុណពេកពន់ប្រមាណ នឹកមិត្តគ្រប់ប្រាណ ធ្លាប់រៀនជុំគ្នា។ អនុស្សាវរីយ៍ គ្រប់ទីកន្លែង ព្រែកជីកបឹងច្រែង ខ្ញុំតែងនឹកនា វត្តសោបសោភ័ណ ធ្លាប់ស្ដាប់ធម្មា ពេលឃើញខ្លោងទ្វារ នឹកគ្រាក្មេងវ័យ។ ដើមស្វាយមុខវត្ត កត់ត្រារឿងខ្ញុំ ទីធា្លប់​ជួបជុំ មិត្តភក្រ្តប្រុសស្រី ពេលនេះស្វាយឈរទទួលស្លឹកថ្មី បញ្ជាក់ថាអ្វីៗហួសអស់ហើយ។ អតីតផុតទៅ ច្រើនឆ្នាំយ៉ាងណា ក៏ដួងចិន្តា ខ្ញុំមិនភ្លេចឡើយ បានគុណសាលាសោបលើនេះហើយ ជួនខ្ញុំដល់ត្រើយ ជីវិតសុខសាន្ត។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃព្រហ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បឹងច្រែងស្នេហ៍ខ្ញុំ”

ឱ! ភូមិបឹងច្រែង អ្នកនេះហើយដែលកត់ត្រានូវរាល់អនុស្សារបស់ខ្ញុំ។ អ្នកបានឱ្យខ្ញុំស្គាល់បុប្ផាមួយទង ស្អាតកន្លងសមជាកូនខ្មែរអ្នកស្រែចម្ការ។ តែគួរឱ្យស្ដាយ ពេលនោះ ខ្ញុំមិនទាន់បានសារភាព​ប្រាប់នាងនៅឡើយទេ។ ដូច្នេះពេលនេះ ខ្ញុំនឹងទម្លាយស្នេហ៍របស់ខ្ញុំឱ្យនាងបានដឹងថា “ទោះជាបងនៅឆ្ងាយពីអូនមែន តែចិត្តបងនៅនឹកដល់បឹងច្រែងជានិច្ច។ សង្ឃឹមថាអូនមេត្តាបងផងចុះ ណាអូនណា!” (បទពាក្យ៨) ទឹកដីបឹងច្រែង កន្លែងស្នេហ៍ខ្ញុំ បងបានជួបមុំ តាំងពីក្មេងវ័យ សាលាសោបលើ ធ្លាប់រៀនជិតស្រី រៀមលួចបេតី ក្នុងន័យស្ម័គ្រស្មោះ។ មិនទាន់សារភាព ស្នេហ៍ប្រាប់អូនផង ដល់ពេលដែលបង ត្រូវឃ្លាតស្រីស្រស់ ចាកឆ្ងាយពីស្រុក ទាំងទុក្ខក្រៀមក្រោះ អាល័យអាលោះ មិនចង់ឃ្លាតឃា្ល។ ទោះកាយឆ្ងាយពៅ ចិត្តនៅបឹងច្រែង យប់ថ្ងៃបងតែង នឹកដល់ពម្ងា នឹកវត្តសោបលើ ធ្វើបុណ្យជុំគ្នា នឹកគ្រប់វេលា នឹកគ្រាសុខសាន្ត។ បឹងច្រែងពន្លក បងមកវិញហើយ មកប្រាប់ត្រាណត្រើយ បងស្នេហ៍កល្យាណ សូមអូនអាណិត រួមចិត្តរួមប្រាណ ឱ្យរូបបងបាន រស់ក្បែរស្រីផង។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក… Read More ›

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បានវិហារថ្មីស្រីពេញក្រមុំ”

កាលនៅតូច មើលឃើញតូច ដល់ពេលធំមើលឃើញស្អាត។ គិតៗទៅ មិនបានប៉ុន្មានឆ្នាំផង វិហារថ្មីត្រូវបានកសាងហើយៗរូបអូនក៏ពេញវ័យទៀត គគីរមុខវត្តរេរាំតាមខ្យល់ដូចចិត្តបងកញ្ជ្រោលចង់បានជីវ៉ាជាគូ។ មិនយូរទេបងនឹងឱ្យមេបាចូលចែចូវអូនហើយ។ (បទពាក្យ៨) ភូមិកំពង់ដ ភូមិរ កាធំ ភូមិកែងជួបមុំតាំងពីក្មេងវ័យ សាលាបឋមធ្លាប់រៀនជិតស្រី ម៉ឺនសែនសម្តីអូនបងឆ្លងឆ្លើយ។ ពេលឃើញខ្លោងទ្វារនឹកគ្រារត់លេង កាលនោះនៅក្មេងមិនខ្វល់អ្វីឡើយ កែងកំពង់ដស្រីល្អបងអ្ហើយ ភ្លេចខ្លួនត្រាណត្រើយអូនកាន់តែធំ។ កាលវិហារចាស់ អូននៅក្មេងខ្ចី បានវិហារថ្មីស្រីពេញក្រមុំ រូបឆោមជីវ៉ា ដូចផ្កាក្រពុំ ឫកពាររម្យទមសមជាកូនខ្មែរ។ គគីរមុខវត្តទន់ទោរព្រោះខ្យល់ ដូចចិត្តបងខ្វល់ព្រោះចាញ់ក្តីស្នេហ៍ ចាញ់នឹងសម្រស់រំដួលស្រុកស្រែ ដាច់ឆ្នាំឲ្យម៉ែចូលស្ដីអូនហើយ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៣

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “ផ្ញើវាសនាលើផ្កាក្រចេះ”

(បទពាក្យ៨) ពេលបានស្តាប់បទរំដួលក្រចេះ ទ្រូងខ្ញុំស្ទើប្រេះ ញ័រពេញចិន្តា ពោះចង់ឃើញពិតសម្ផស្សបុប្ផា តើស្អាតយ៉ាងណា ផ្កាដីទន្លេ? ថ្ងៃនេះបានស្គាល់ក្រចេះដូចប៉ង រូបពិតនួនល្អងល្អណាស់មាសមេ គេប្រាប់មិនដូចឃើញផ្ទាល់ភ្នែកទេ រូបពិតមានស្នេហ៍ មានលក្ខណ៍ប្រិមប្រិយ។ រំដួលក្រចេះពេលនេះស្គាល់ហើយ សម្រស់ត្រាណត្រើយ គួរឲ្យបេតី បងមិនចង់ឃ្លាត ចង់រស់ជិតស្រី រួមរក្សភក្តី ជាគូស្នេហា។ បងជាកន្លង់មកពីស្រុកឆ្ងាយ អង្វរឆោមឆាយ ផ្តល់ក្តីមេត្តា ជាតិនេះរូបបងសូមផ្ញើវាសនា លើរំដួលផ្កាក្រចេះអូនហើយ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃ ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៣

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា