មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា rss

កំណាព្យស្នេហាៈ “សល់សូន្យភាគរយ”

(0)
,August 12, 2014

(បទបថ្យាវត្ត) ០១. កាយនៅក្បែរកាយតែឆ្ងាយអនេក គេជ្រៀតគេជ្រែកបំបែកឱ្យកម្ម កៀកកើយលែងកើតព្រោះគេបំណាំ សល់ត្រឹមស្នាមខាំនៅចាំទន្តា។ ០២. មាត់អូនមាត់បងធ្លាប់ឆ្លងវាចា ក៏ត្រូវចាត់ការឱ្យហាលែងបាន សៀងល្អបែរបាត់ដូចបង់ចាកឋាន ពាក្យពេចន៍ប៉ុន្មានហាស្លាក់ខ្ជាក់ស្លែង។ ០៣. ចិត្តវិញសោកសៅក្ដួលក្ដៅចម្បែង កណ្ដោចកណ្ដែងកណ្ដាលទួលទុក្ខ ទាក់ទើសគ្រប់គ្រាជាចិត្តជាប់គុក ច្រាស់ច្រាល់ដល់មុខស្រងូងស្រងាត់។ ០៤. ស្រងល់ស្លក់ស្លេកទឹកភ្នែកខ្ចាយខ្ចាត់ តក់ៗហូរកាត់ផែនថ្ពាល់ក្រៀមក្រំ សោតាធ្លាប់តែស្ដាប់សៀងរណ្ដំ ត្រូវគេបង្ខំឱ្យថ្លង់លែងឮ។ ០៥. ភ្នែកក៏គេឃាំងមិនឱ្យឃើញពៅ ឈឺអើយសែនឈឺៗហួសនិស្ស័យ ស្នេហ៍យើងស្នេហ៍ស្មោះត្រូវអស់តម្លៃ កម្មកាចចង្រៃផ្ដន្ទាយើងណាស់។ ០៦. ទុំទាវព្រាត់ស្លាប់ក៏គង់ជួបខ្លះ ឯយើងព្រាត់ប្រាស់ទាំងនៅជិតគ្នា ឱ! ទ្រូងខ្ញុំអើយរស់សែនគ្រាំគ្រា គ្រោះគ្មានថ្ងៃជាថ្ងៃជួបវិញទេ។ ០៧. អូនស្ម័គ្ររូបបងបងស្មោះមាសមេ មិនគួរណាគេបំបែរឱ្យបែក ឱ្យស្នេហ៍យើងនេះសោកសៅសង្វេគ សង្ឃឹមថ្ងៃស្អែកគ្មានទេជាតិហ្នឹង។ ០៨. ជាតិនេះអស់ហើយអស់ក្ដីរំពឹង ថាបានព្រលឹងនែបនិត្យជិតកាយ ចង់មានឱកាសរស់កៀកឆោមឆាយ តែគួរឱ្យស្ដាយសល់សូន្យភាគរយ៕៚ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០១៤

Rate this:

កំណាព្យស្នេហា “ប្រពន្ធខ្ញុំ”

(បទពាក្យ៩) ០១. ប្រពន្ធខ្ញុំ ស្អាតជាងគេ ក្នុងលោកិយ ភក្រ្តប្រិមប្រិយ គ្រប់គ្រាពិត ស្រស់អស្ចារ្យ រូបរាងល្អ គន់មើលទៅ សមណាស់ណ៎ា សាច់ភ្លឺថ្លា ពេញអង្គប្រាណ គ្មានទាស់ទេ។ ០២. ប្រពន្ធខ្ញុំ សម្ដីល្អ គួរចង់ស្ដាប់ ពេលសារស័ព្ទ មិននិយាយ ឡើយដើមគេ មិនញុះញង់ មិនកុហក ចេះរិះរេ បើទំនេរ សរសើរប្ដី ឱ្យញញឹម។ ០៣. ប្រពន្ធខ្ញុំ តែងតែជួយ លើកទឹកចិត្ត គ្រប់រឿងពិត ឱ្យភស្ដា មានសង្ឃឹម គិតគូរទាំង ថ្ងៃយប់ល្ងាច ព្រឹកព្រលឹម តែងប្រៀបផ្ទឹម ខ្ញុំខ្ពស់ដូច នភាល័យ។ ០៤. ប្រពន្ធខ្ញុំ ចេះដឹងគុណ ញាតិទាំងសង អ្នកភូមិផង ក៏ចូលចិត្ត ទាំងប្រុសស្រី គេថាខ្ញុំ បានប្រពន្ធ សែនប្រពៃ លើកមុខប្ដី ឡើងត្រសែត ត្រសាយសុះ។ ០៥. ប្រពន្ធខ្ញុំ… Read More ›

Rate this:

កំណាព្យអនុស្សាវរីយ៍ “ឆ្លុះកញ្ចក់នឹកស្នេហ៍”

(បទព្រហ្មគីតិ) ០១. សូរ្យសែងចាំងផែនដី លើកថ្ងៃថ្មីឲ្យស្រស់ថ្លា កញ្ចក់កែវជីវ៉ា លើកភក្រ្តាបងឲ្យភ្លឺ។ ០២. ពេលឆ្លុះមុខម្ដងៗ ធ្វើឲ្យបងនឹកដល់ពៅ ទោះឆ្ងាយហៅមិនឮ តែអូននៅជិតបង្កើយ។ ០៣. កាន់កញ្ចក់ពេលណា ដូចហត្ថាឱបត្រាណត្រើយ ក្នុងចិត្តពិតបានស្បើយ គ្មានសោះឡើយនឹងជិនណាយ។ ០៤. ជំនូនល្អអនគ្ឃ បងតែងដាក់នៅក្បែរកាយ មិនថាទៅជិតឆ្ងាយ បានស្រស់ស្រាយពេលឆ្លុះមុខ។ ០៥. ពាក្យពេចន៍ពរកល្យាណ គ្រាបងអានបានផុតទុក្ខ រូបភាពល្អទ្រលុក អូនគូរមុខយើងញញឹម។ ០៦. មើលរូបពៅនួនល្អង ធ្វើឲ្យបងមានសង្ឃឹម ភក្រ្តាស្រស់ប៉ប្រិម លើសគេផ្ទឹមពេញវង់ខែ។ ០៧. កញ្ចក់ថ្លាឥតខ្ចោះ ដូចបងស្មោះចំពោះស្នេហ៍ គ្មានឡើយថ្ងៃបែកបែរ បងនឹងថែជានិរន្តរ៍៕៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១កើត ខែបុស្ស ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរីយ៍ “កន្សែងភក្ដី”

(បទពាក្យ៨) ០១. កន្សែងអូនមួយអូនឱ្យមកបង ទុកជាចំណងស្នេហាភក្ដី បងបានថ្នមថែថួនលើសអ្វីៗ មិនឱ្យពិសីស្រីខកចិត្តឡើយ។ ០២. កន្សែងត្រួយចេកបងដេកដណ្ដប់ ហត្ថបងឱបជាប់ទុកដូចត្រាណត្រើយ ក្លិនស្នេហ៍ក្រអូបបងស្រូបបានស្បើយ យប់ថ្ងៃកៀកកើយល្ហែល្ហើយចិន្តា។ ០៣. កន្សែងពណ៌ស្រស់ៗក្រៃកន្លង ធ្វើឱ្យរូបបងនឹកតែជីវ៉ា នឹកពេកពេលខ្លះបងជូតភក្ត្រា អារម្មណ៍ស្មានថាបងថើបថ្ពាល់អូន។ ០៤. កន្សែងល្អនេះវាចេះខ្លាំងណាស់ មិនធ្វើផ្ដេសផ្ដាសឱ្យបងស្រពោន ទោះជាពេលថ្ងៃឬយប់ស្ងាត់សូន្យ ហាក់ដូចមានអូននៅស្និទ្ធិស្នាលស្នេហ៍។ ០៥. កន្សែងសំណព្វតែងប្រាប់បងថា កុំគិតសាវាកន្តើយបែកបែរ បងក៏បានប្រាប់ទៅវិញផងដែរ ថាបងស្មោះស្នេហ៍មិនឱ្យអន់អាក់។ ០៦. កន្សែងភក្ដីគ្មានអ្វីប្រៀបបាន សូមប្រាប់កល្យាណដោយពាក្យសច្ចៈ តទៅទោះមានសែនលានឧបសគ្គ បងស៊ូស្មោះស្ម័គ្រនឹងម្ចាស់កន្សែង៕៚    និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣រោច ខែចែត្រ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០១៤

Rate this:

កំណាព្យស្នេហា “ម៉ាឡាមាសបង”

(បទព្រហ្មគីតិ) ម៉ាឡាមាសបងអើយ តើតា្រណត្រើយដឹងឬទេ បងតែងនឹកមាសមេ នឹកដល់ស្នេហ៍ម្ចាស់វាសនា។ បងស្មោះចំពោះស្ងួន សូមនឹមនួនកុំសង្កា ម៉ាឡាគឺម៉ាឡា មិនសាវារេរកថ្មី។ គ្រប់ពេលដកដង្ហើម បងតែងផ្ដើមនឹកដល់ស្រី ទោះមេឃធំឥតបី ចាញ់ភក្ដី បងលើអូន។ បងស្មោះៗមិនប្រែ រក្សាស្នេហ៍លុះថ្ងៃសូន្យ មិនឱ្យស្រីស្រពោន ដូចទឹកក្បូននាំគ្នាទៅ។ ម៉ាឡាមាសបងអើយ កុំព្រងើយណាពាលពៅ ឱ្យបងបានរស់នៅ ក្បែរឆោមឆ្លៅជាគូអើយ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ២កើត ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០១៤

Rate this:

កំណាព្យស្នេហា “លួចស្នេហ៍ដួងចន្ទ”

(បទគោព័ទ្ធស្នឹងកាកគតិ) គន់មើលដួចចន្ទ ចន្ទជាកំណាន់ ណាន់ណែនក្នុងចិត្ត ចិត្តចងក្តីស្នេហ៍ ស្នេហ៍ជាយូរពិត ពិតបានត្រឹមគិត គិតតែម្នាក់ឯង។ ឯងហីនភាព ភាពអ្នកតូចទាប ទាបហួសនឹងថ្លែង ថ្លែងទៅមិនកើត កើតដែរតែតែង តែងគិតខ្លាចក្រែង ក្រែងចន្ទខឹងបង។ បងច្នឹងប្រឹងលាក់ លាក់ស្នេហ៍ចន្ទជាក់ ជាក់ចិត្តចាំចង ចងជាប់មិនលែង លែងអីព្រោះផ្សង ផ្សងជាតិនេះផង ផងទាំងជាតិមុខ។ មុខចន្ទភ្លឺថា្ល ថ្លាគួរដឹងថា ថាបងកើតទុក្ខ ទុក្ខព្រោះចន្ទខ្ពស់ ខ្ពស់គួរស្មាញស្មុគ ស្មុគដូចជាប់គុក គុកស្នេហ៍ចន្ទអូន។ អូនបងចង់ក្បែរ ក្បែរចន្ទម្ចាស់ស្នេហ៍ ស្នេហ៍លុះថ្ងៃសូន្យ សូន្យកាយនៅចិត្ត ចិត្តគឺជាក្បូន ក្បូនចិត្តនឹកអូន អូននឹកបងទេ។ ទេមិននឹកឡើយ ឡើយបងដឹងហើយ ហើយថាមាសមេ មេមាសផ្កាស្រស់ ស្រស់លើសផ្កាគេ គេតែរិះរេ រេច្រណែនស្ងួន។ ស្ងួនកុំប្រកាន់ កាន់តែស្នេហ៍ចន្ទ ចន្ទបងចង់ថួន ថួនថែរាល់ថ្ងៃ ថ្ងៃដែលនឹមនួន នួនបន្ទាបខ្លួន ខ្លួនបងបានល្ហែ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១២កើត… Read More ›

Rate this:

កំណាព្យស្នេហា “ដឹងផងថាបងលួចស្នេហ៍”

(បទកាកគតិ) ដួងចិត្តច្របល់ កើតទុក្ខអំពល់ គ្មានពេលល្ហើយល្ហែ ព្រោះក្នុងបេះដូង លាក់លបលួចស្នេហ៍ មិនហ៊ានប្រាប់គេ ឲ្យយល់បំណង។ កើតទុក្ខម្នាក់ឯង ឱរាចម្បែង ពេញសែនសៅហ្មង តើធ្វើម្តេចទៅ ទើបពៅនួនល្អង ​អូនដឹងថាបង ជាប់ខ្នោះចិត្តស្ងួន។ បេះដូងលាក់ស្នេហ៍ ពិបាកម្ល៉េះទេ ឡើងទ្វេផ្ទួនៗ ពេលឃើញប្រុសផ្សេង នៅជិតនឹមនួន បេះដូងអង្រួន ប្រច័ណ្ឌជីវា។ ឱបខ្នើយកើយទុក្ខ ចិត្តកាយមិនសុខ ព្រោះភ្លើងស្នេហា បានឆេះរោលរាល ពេញក្នុងឱរា អនន្តអង្សា បងស្នេហ៍វមិត្ត។ ឱ ព្រលឹងអើយ រូបអូននេះហើយ គឺថ្នាំដួងចិត្ត បើបានថ្លើមថ្លៃ មករួមជីវិត ទើបទ្រូងបងពិត ផុតក្តីរំខាន។ គ្មានថ្នាំពុំងារ បងនឹងមិនជា ហើយលាចាកដ្ឋាន មានតែរូបអូន ទើបជួយបងបាន ឲ្យស្នេហ៍សុខសាន្ត ដល់ស្ថានសួគ៌លៃ។ បងសង្ឃឹមថា ពេលបងវាចា ស្នេហាប្រាប់ស្រី អូននឹងអាណិត ដល់ចិត្តភក្តី ហើយព្រមប្រណី ដល់រូបរៀមបង។ កំណាព្យបទនេះ ផ្ញើជាពិសេស ជូនស្រីនួនល្អង ពេលអានស្តាប់ចប់… Read More ›

Rate this:

កំណាព្យស្នេហា “នឹកអើយសែននឹក”

(បទពាក្យ៨) នឹកអើយសែននឹក នឹកអូនម្ល៉េះទេ នឹកដល់មាសមេ ទាំងយប់ទាំងថ្ងៃ នឹកអានុស្សា ធ្លាប់សាងនឹងស្រី នឹកដល់សម្តី លួងលោមដួងចិត្ត។   នឹកអើយសែននឹក នឹកណាស់នួនល្អង នឹកគ្រាដែលបងថ្នាក់ថ្នមវមិត្ត បបោសអង្អែល កៀកកើយស្នេហ៍ស្និទ្ធិ ជាតិនេះបងពិត ភ្លេចមិនបានឡើយ។   បងដឹង បងដឹង ថាស្រស់មាសមេ អូននឹកបងដែរម្ចាស់ស្នេហ៍បងអើយ យើងកុំភ្លេចគ្នា ណាស្រស់ត្រាណត្រើយ បងសូមរួមខ្នើយលុះសូន្យសង្ខារ។   នឹកអើយសែននឹក នឹកតែអូនមួយ អូនអើយកុំព្រួយ បងមិនសាវា ជឿចុះវមិត្ត បងពិតស្នេហា គ្រប់ជាតិប្រាថ្នា ជួបអូនរៀងអើយ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៥កើតខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣

Rate this:

កំណាព្យស្នេហា “កុំក្បត់គេណាអូន”

(បទព្រហ្មគីតិ) នេះបទកំណាព្យថ្មី ថ្លាថ្លែងស្តីរឿងទុក្ខព្រួយ របស់គូស្នេហ៍មួយ ពឹងឲ្យជួយចារចែងចង។ ខាងប្រុសឈឺចុកចាប់ ចិត្តអួអាប់ក្រៃកន្លង រៀបរាប់រឿងស្នេហ៍ស្នង ទាំងសៅហ្មងប្រាប់ស្មេរថា។ រូបខ្ញុំពិតជាស្មោះ ស្ម័គ្រចំពោះស្រស់កញ្ញា ដែលត្រូវជាសង្សារ សូន្យសង្ខារក៏មិនប្រែ។ ប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីនាងដែលខ្ញុំស្នេហ៍ សន្សំប្រាក់ថ្ងៃខែ ជូនពុកម៉ែទុកចូលស្តី។ ខ្ញុំតែងលួចញញឹម ចិត្តសង្ឃឹមថាបានស្រី មករស់រួមនិស្ស័យ លើវិថីស្នេហ៍សុខសាន្ត។ តែកម្មអកុសល តាមមកផ្ដល់ឲ្យរំខាន ក្តីសុខក្រលះប្រាណ ប្រែជាបានសោកហ្មងសៅ។ ថ្ងៃមួយសាយណ្ហេ ព្រះសូរ្យទេរថយកំដៅ នាងមកសុំចែកផ្លូវ ពីខ្ញុំទៅមានអ្នកថ្មី។ បេះដូងត្រូវរងគ្រោះ ចិត្តដែលស្មោះអស់តម្លៃ នឹកនាងរាល់យប់ថ្ងៃ មិនគួរថ្លៃដាច់មេត្តា។ ខ្ញុំមានរឿងកំសត់ ជួបហើយព្រាត់ខកប្រាថ្នា សូមផ្ញើទុកជាសារ ដល់ប្រុសណាដែលមានស្នេហ៍។ ត្រូវមើលគ្រប់ច្រកល្ហក កុំឲ្យខកដូចខ្ញុំដែរ ទោះអ្នកក្រុងឬស្រែ សូមឲ្យតែមានចិត្តស្ម័គ្រ។ ក៏សូមផ្ញើសម្តី អរគុណស្រីស្រស់វលក្ខណ៍ ដែលធ្វើឲ្យប្រុសម្នាក់ ឈឺអួលអាក់ផ្ដាំតកូន។ ពេលទៅនៅជិតគេ សូមមាសមេសុខលុះសូន្យ កុំក្បត់គេណាអូន ក្រែងស្រពោនងើបលែងរួច៕៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៤រោច ខែស្រាពណ៍… Read More ›

Rate this:

កំណាព្យស្នេហា “សន្យាថាមិនភ្លេចអូន”

(បទពាក្យ៨) អូនអើយថ្មើនេះកំពុងធ្វើអ្វី នឹកណាស់ពិសីចង់ជួបភក្រ្តា ចង់ស្តាប់សូរសៀងលួងលោមស្នេហា នឹកអានុស្សាសាងជាមួយពៅ។ ដួងចន្ទពេញវង់ផូរផង់កន្លង ចិត្តស្មោះនួនល្អង ឲ្យស្នេហ៍បងភ្លឺ បានចិត្តឆោមឆាយឆ្ងាយពាក្យថាឈឺ សូមស្មោះតទៅ កុំប្រែចិត្តថ្មី។ ពេលនេះឆ្ងាយអូន ស្ងួននឹកបងទេ សង្ឃឹមថាស្នេហ៍ នឹកដែរណាស្រី អូនអើយបងពិតជាស្មោះភក្តី កុំប្រែចិត្តថ្មីអីណាអូនណា។ ដឹងទេថាបងតែងតែគិតដល់ ចិត្តស្នេហ៍និមល នឹកតែជីវ៉ា ទោះនៅឆ្ងាយស្រីកែវកុំសង្កា បងសូមសន្យាថាមិនភ្លេចអូន៕   និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងអាទិត្យ ទី១៨ ខែ តុលា ឆ្នាំ២០០៩

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា