រឿង រាមកេរ្តិ៍ [៤]

ក្មេងទាំងពីរបានជួបសំណេះសំណាលគ្នាហើយ បានស្រុះស្រួលគ្នាទៅរង់ចាំដំណើរមកដល់​របស់ព្រះរាមនៅក្នុងព្រៃមួយ។ បន្ទាប់ពីចាប់អ្នកយាមទ្វារទៅឃុំឃាំងរួចហើយ ព្រះរាមក៏ចាត់ពល​មួយចំនួនឲ្យតាមចាប់ព្រះរាជកុមារមកវិញ។ ព្រះរាមបានទៅជួបក្មេងទាំងពីរដូចបំណង ហើយ​បានសរសើរអំពីលម្អ និងឫទ្ធានុភាពកុមារ ហើយក៏ថ្លែងសរបង្កសង្រ្គាមមួយរំពេច។ ប៉ុន្តែសង្រ្គាម​មិនឈ្នះមិនចាញ់ឡើយ។ ព្រះរាជកុមារខឹងខ្លាំងណាស់ ក៏ថ្លែងសរបម្រុងសម្លាប់ក្សត្រទាំងបួនអង្គ​ចោល ប៉ុន្តែសររបស់គេក្លាយជាកម្រងផ្កា។ ឃើញហេតុការណ៍នេះព្រះរាមក៏អធិដ្ឋានស្រួលបួល​ហើយថ្លែងសរទៀត ប៉ុន្តែសររបស់ព្រះរាមក្លាយជាអាហារសម្រាប់កុមារសោយទៅវិញ។ ព្រះរាម​​សាកសួរព្រះរាជកុមារទើបដឹងថាជាបុត្រនាងសីតា ហើយព្រះរាមសួរទៅព្រះលក្ស្មណ៍ទើបដឹងថា​នាងសីតាពុំទាន់ស្លាប់ ព្រះរាមក៏ចុះពីលើរាជរថ ទៅសុំឲ្យបុត្រទទួលស្គាល់ជាបិតា និងនាំព្រះអង្គ​ទៅជួបនាងសីតា។



ប៉ុន្តែរាជកុមារបែរជានិយាយបញ្ឈឺចិត្តដោយបដិសេធពុំព្រមទទួលស្គាល់ជាឪ​ពុក ហើយក៏ដឹកដៃគ្នាទៅរកមាតា។ ព្រះរាមនាំទ័ពរត់តាមក្រោយទាំងសោកសៅ។
កុមារទាំងពីរបានយកដំណឹងនេះទៅថ្វាយព្រះមាតា ជាហេតុនាំឲ្យនាងយំខ្សឹកខ្សួលយ៉ាង​ខ្លាំងដោយអាណិតបុត្រផង និងខឹងចំពោះព្រះរាមផង។ ព្រះរាមនៅក្រៅអាស្រមលឺមហេសីសោយ​សោកកើតទុក្ខក៏ស្រែកសុំឲ្យនាងបើកទ្វារឲ្យព្រះអង្គចូលទៅសុំទោសផ្ទាល់។ ពេលនោះនាងសីតា​ពឹងឲ្យឥសីចេញមកទទួលជំនួស។ ព្រះរាមបានបញ្ជាក់ពីបំណងល្អរបស់ព្រះអង្គប្រាប់ឥសី ហើយ​សួរឥសីពីរឿងបុត្រទាំងពីររបស់នាងសីតា។ លុះដឹងការពិតហើយ ព្រះរាមបានពឹងឲ្យឥសីជួយធ្វើ​អាជ្ញាកណ្តាល។ ទោះបីឥសីអង្វរករនាង ហើយព្រះរាមប្រកាសប្រាប់ថា ព្រះអង្គខុសហើយក៏​ដោយនាងសីតាមិនអាចភ្លេចរឿងចាស់បានឡើយ។​ទីបំផុតនាងសីតាបានអនុញ្ញាតឲ្យព្រះរាមជួប​ត្រឹមភ័ក្រ្ត និងពាក្យសម្តីខ្លះៗប៉ុណ្ណោះ។
នាងសីតាបញ្ឈឺចិត្តព្រះរាមដោយបញ្ជាក់ថា កាលពីមុនព្រះរាមដឹងថានាងស្មោះត្រង់តាមហនុ​មានទៅសើុបការណ៍ និងតាមវិធីឲ្យនាងលុយភ្លើងម្តេចក៏ព្រះរាមសម្រេចចិត្តសម្លាប់នាងទៀត។ ចុះឥឡូវនេះនាងមកនៅក្នុងព្រៃតែងជួបយក្សា ជួបព្រានព្រៃផងនោះ ព្រះអង្គរឹតតែប្រច័ណ្ឌ និង​យកទោសនាងលើសមុនទៀត។ ព្រះរាមសូមឲ្យនាងសីតាយកព្រះខ័នមកកាត់កព្រះអង្គចោល​ បើ​ពុំអាណិតទេ ប៉ុន្តែនាងសីតាយល់ថា “បពិត្រពាក្យនេះពិរោះ មធូរស្មានស្មោះមេត្រីផ្អែមលើសក្រៃ​លែងចំណី ឆីហើយឈឺពោះមិនខាន”។ ព្រះរាមដឹងថាមិនអាចឈ្នះពាក្យសត្យរបស់នាងបាន ក៏រក​មធ្យោបាយសុំបុត្រដើម្បីឲ្យនាងសីតាទៅតាម។ ប៉ុន្តែនាងសីតាបញ្ឈឺចិត្តព្រះរាមទៀត។ ព្រះរាម​យំ​សោកចង់សម្លាប់ខ្លួនពេលនោះ។ នាងសីតាខ្លាចប្តីស្លាប់ ក៏ហៅបុត្រមកប្រគល់ឲ្យនាពេលនោះទៅ។
ព្រះរាមនាំបុត្រទៅជួបអនុជទាំងបីអង្គព្រមទាំងហនុមាន និងសេនាទាំងអស់ក្រៅអាស្រម។ អ្នកទាំងនោះបានសុំទោសគ្នាទៅវិញទៅមក។
ព្រះរាមបានយាងចូលនគរវិញ ហើយបាននាំបុត្រទាំងពីរទៅថ្វាយបង្គំមាទាំងបីអង្គ។ ពេល​នោះជីដូន និងចៅបានស្គាល់គ្នាហើយបានសំណេះសំណាលគ្នាពីរឿងអតីតកាល។ ព្រះរាមបាន​ចាត់សុម័ន្តមន្ត្រីឲ្យជ្រើសរើសរកកុមារីមានអាយុ១០ឆ្នាំមានរូបរាងស្អាតត្រកូលខ្ពស់មកធ្វើជាភិ​លៀងក្មេងទាំងពីរ។ ព្រះរាមបានចាត់ពិធីជប់លៀងបុត្រយ៉ាងមហោឡារិក។
យប់មួយកុមារទាំងពីរយំរលឹកមាតា ព្រះរាមក៏រលឹកដែរ ហើយក៏ចូលទៅលួងលោមបុត្រទាំង​ពីរ។ លុះព្រឹកឡើងព្រះរាមឲ្យសេនា និងភិលៀងដង្ហែកុមារទៅជួបមាតា។ ប៉ុន្តែមុនចេញដំណើរ​ទៅ ព្រះអង្គបានប្រាប់បុត្រឲ្យជួយអង្វរនាងសីតាឲ្យព្រមចូលវាំងវិញ។ បើព្រះនាងមិនព្រមព្រះអង្គនឹង​សុគតនៅថ្ងៃណាមួយមិនខាន។ បើនិយាយបែបនេះនាងនៅតែមិនព្រម ទើបឲ្យភិលៀងទៅបម្រើ​នាងនៅទីនោះ។ រាជកុមារបាននាំភិលៀងទៅជួបមាតាដូចបំណង។ ពេលនោះម្តាយ និងកូនយំ​រលឹកគ្នាយ៉ាងខ្លាំង។ ចំណែកភិលៀងដែលធ្លាប់ដង្ហែនាងទៅក្រសាលទឹកពីមុននោះក៏យំរៀបរាប់​ដែរ។ នាងសីតាថានេះជាកំហុសរបស់នាងទេ។
រាជកុមារសុំឲ្យមាតាយាងចូលនគរវិញតាមការបញ្ចេះរបស់បិតា។ ប៉ុន្តែនាងសីតាបដិសេធ​ថា​ទាល់តែព្រះរាមសុគតសិន ទើបនាងចូលទៅថ្វាយបង្គំសពតែម្តង។ ព្រះរាជកុមារសូមថ្វាយភិ​លៀងទុកឲ្យនៅបម្រើមាតាតាមបណ្តាំបិតា។ ប៉ុន្តែនាងសីតាបដិសេធទៀត នាងថែមទាំងបញ្ជាក់​ថាព្រះនាងរស់នៅក្នុងព្រៃអស់រយៈពេល១០ឆ្នាំហើយគ្មានភិលៀងទេ។ ក្មេងទាំងពីរនាក់អស់​សង្ឃឹមនឹងអាណិតមាតាផង បិតាផងក៏សោយសោកទាល់តែសន្លប់។ ព្រះរាមនឹងថានាងសីតាព្រម​ចូលនគរវិញលុះត្រាតែព្រះអង្គសុគត ព្រះរាមហៅអនុជនិងសេនាជំនិតៗមកជំនុំការ។ ហនុមាន​បាននិមិ្មតកោដ្ឋមាស​ ពួកស្នំជំនិតៗបានរៀបចំខ្លួនបម្រុងនឹងធ្វើជាយំយែក ហើយរាជកុមារទាំងពីរ​ត្រូវគេនាំទៅឆ្ងាយ។ កិច្ចការក្នុងនគរមានដំណើរការធម្មតា ព្រះរាមដើរលបៗទៅពួននៅក្បែរកោដ្ឋ​មាស។ ហនុមានទៅទូលនាងសីតាដោយកុហកថាតាំងពីជួបព្រះនាងមកព្រះរាមកើតទុក្ខអត់បាយ​រហូតដល់ស្គមខ្លួន។ លុះដឹងថានាងអស់អាល័យហើយទើបព្រះអង្គសោយសោកលុះត្រាសុគត។ នាងសីតាលឺដូច្នោះក៏សោយសោកអាណិតប្តីស្ទើរតែសន្លប់បាត់ស្មារតី។ ឥសីបន្ទោសហើយបង្ខំឲ្យ​នាងចូលនគរវិញ។ ពួកស្នំទាំងឡាយឃើញនាងសិតាស្គមក៏នាំគ្នាយំអាណិតនាង។ នាងសីតា​ស្មានថាស្នំយំសោកស្តាយព្រះរាម នាងក៏ក្តុកក្តួលអួលចិត្ត ហើយគក់ទ្រូងននៀលដីទាល់តែសន្លប់​បាត់ស្មារតី។ ជាឱកាសល្អព្រះរាមចេញពីទីកំបាំងមកចាប់ត្រកងបី។ នាងសីតាដឹងខ្លួនវិញតិះ​ដៀលព្រះរាមថាជាក្សត្រឥតខ្មាស់ ហើយស្ទុះរត់ចេញទៅ។ ព្រះរាមក៏រត់ដេញចាប់នាងក្នុងបរិវេណ ព្រះមេរុពុំបាន ក៏ស្រែកហៅព្រះអនុជ និងហនុមានមកជួយស្ទាក់ចាប់។ នាងសីតាបានបួងសួងសូម​ឲ្យតេជះពាក្យសច្ចៈរបស់នាងជួយ។ ពេលនោះព្រះធរណីបើកផ្លូវបញ្ជូននាងដល់ឋានភុជង្គនាគ។ ស្តេចនាគឈ្មោះភរុណនាគា និងមហេសីរតនាទេវីបានយកនាងសីតាទៅតម្កល់ទុកដូចព្រះមាតា។

  • ប្រធានរឿង៖ តាមរយៈដំណើររឿងអ្នកនិពន្ធបង្ហាញពីសកម្មភាពរបស់ព្រះរាម ដូចនេះប្រ​ធានរឿង គឺស្ថិតនៅលើដំណើរជីវិតរបស់ព្រះរាមដែលជាអវតារទី៧នៃព្រះវិស្ណុ។ តាមដំណើរ​រឿងអ្នកនិពន្ធបានបង្ហាញឲ្យឃើញដំណាក់កាលនៃជីវិតព្រះរាមដែលមានដូចតទៅ៖ ដំណាក់កាលទី១ គឺនិយាយពីយុវភាព ការសិក្សា ការរៀបចំគូស្រករ និងការនិទេសខ្លួនរបស់​ព្រះរាមដើម្បីដោះស្រាយវិបត្តិក្នុងរាជវង្ស។ ដំណាក់កាលទី២ គឺជាដំណាក់កាលដែលព្រះរាម​ប្រឈមមុខនឹងសត្រូវក្នុងជីវិតរហូតបានជ័យជំនះ។ ដំណាក់កាលទី៣​ បង្ហាញពីការបរាជ័យក្នុង​ការកសាងគ្រួសារថ្មីរបស់ព្រះរាម គឺជាឆាកជីវិតព្រាត់ប្រាស់លុះថ្ងៃអវសាន។
  • មូលបញ្ហារឿង៖ ដោយផ្អែកលើប្រធានបទយើងឃើញថា ដំណើរជីវិតព្រះរាមមានភាព​អស្ចារ្យ ជាអទិទេពផង សាមញ្ញផង និងថោកទាបអន់ថយផង។ តាមការអះអាងរបស់អ្នក​និពន្ធព្រះរាមជាអវតារទី៧នៃព្រះវិស្ណុ ប៉ុន្តែតាមដំណើររឿងយើងឃើញថា ពេលខ្លះព្រះរាម​មិនខុសអ្វីពីមនុស្សសាមញ្ញឡើយ។ ដូចនេះបញ្ហាសំខាន់ដែលអាចចោទឡើងក្នុងរឿងរាម​កេរ្តិ៍ខ្មែរគឺស្ថិតនៅត្រង់កត្តាកំណត់ដំណើរជីវិត និងតម្លៃរបស់ព្រះរាម។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: