រឿង រាមកេរ្តិ៍ [២]

ចំណែកព្រះរាម ព្រះលក្ស្មណ៍ ក្រោយពេលដែលបាញ់ប្រើសមាសរួចក៏ធ្វើដំណើរមករកនាងសីតាវិញ។ លុះរកមិនឃើញក៏យំសោកបោកខ្លួនហើយធ្វើដំណើរទៅជួបជតាយុ ដែលបានប្រាប់ដំណើររឿងកក្រុងរាពណ៍ឆក់យកនាងសីតា។ ព្រះរាមបានជួបសត្វកុកទៀត កុកបានប្រាប់ដំណឹងនាងសីតាដល់ព្រះរាមដែរ ប៉ុន្តែត្រូវព្រះលក្ស្មណ៍តិះដៀលកុក កុកក៏តិះដៀលវិញ។ ព្រះរាមខ្លាចពាក្យដំនៀលរបស់កុកនេះលេចលឺវែងឆ្ងាយទៅទៀតក៏លើកធ្នូសរបម្រុងសម្លាប់កុក តែកុកសុំទោសហើយធានាជួយច្បាំងព្រះអង្គយកនាងសីតាមកវិញ។ នៅតាមផ្លូវព្រះរាមជួបនឹងយក្សកុម្ភ័ណ ដែលមានបំណងចង់សម្លាប់ព្រះអង្គ តែត្រូវព្រះរាមថ្លែងសរសម្លាប់ចោលទៅ។

         នៅក្នុងព្រៃហេមពាន្តមានស្តេចក្របីមួយឈ្មោះ មហិង្សរាជ បានសម្លាប់ក្របីឈ្មោលទាំងអស់​ហើយប្រមូលក្របីញីធ្វើជាប្រពន្ធ។ សូម្បីតែកូនខ្លួនដែលកើតមកឈ្មោលក៏វាសម្លាប់ចោលដែរ។ មានមេក្របីមួយឈ្មោះសុន្តគិរីបានកើតកូនឈ្មោលមួយឈ្មោះទូភី ហើយមានបំណងចង់រក្សាកូន​ក៏ភៀសខ្លួនទៅសម្ងំក្នុងព្រៃ។ នាងសុន្តគិរីបានទូន្មានកូនឲ្យខំហាត់រៀនឲ្យបានខ្លាំងក្លាមុនទៅជួប​ឪពុក។ ការប្រឹងប្រែងរបស់ទូភីបានសម្រេចដោយមានកម្លាំងរហូតដល់វ៍ធដើមឈើធំៗរលំខ្ទេច​ខ្ទីអស់
ហើយក៏ទៅអង្វរឪពុកឲ្យទទួលស្គាល់ខ្លួនជាកូន។ ប៉ុន្តែមហិង្សរាជមិនយល់ព្រម​ ហើយការប្រយុទ្ធ​រវាងឪពុកនឹងកូនក៏ចាប់ផ្តើម។ ទីបំផុតទូភីសម្លាប់ឪពុកខ្លួន ហើយបន្តសកម្មភាពរបស់ឪពុកតទៅ​ទៀត។
តាំងពីពេលនោះមកទូភីតែងដើររករឿងគេឯងដូចជារករឿងឥសីបញ្ចលិង្គ នាងទេពធីតារក្សា​ព្រៃហេមពាន្ត។ ទីបំផុតទៅរករឿងពាលី ជាស្តេចស្វាសោយរាជ្យនៅខាស់ខិនបុរី។ ការប្រយុទ្ធរវាង​ទូភី និងពាលីប្រព្រឹត្តទៅរយៈពេល៧យប់ ៧ថ្ងៃនៅកណ្តាលវាលមិនចាញ់មិនឈ្នះ។ ពាលីក៏នាំទូភី​ទៅប្រយុទ្ធក្នុងគុហាមួយហើយបញ្ជាឲ្យសុគ្រីព ជាប្អូនយកថ្មសន្ធប់មាត់រូងបើកាលណាឃើញ​ឈាមក្រហមដែលជាឈាមរបស់ខ្លួនហូរចេញមក។ ពាលីសម្លាប់ទូភីបាន តែទេវតាបានបាចផ្កា​អបអរច្រើនពេក ឈាមខ្មៅរបស់ទូភីប្រើជាក្រហមដូចឈាមពាលី។ សុគ្រីពឃើញឈាមក្រហម នឹកស្មានថាជាឈាមរបស់បងខ្លួន ក៏យកថ្មសន្ធប់មាត់រូងនោះទៅ។ ពាលីកាត់ក្បាលទូភីចោល​ទម្លាយថ្មសន្ធប់មាត់រូងនោះ ហើយធ្វើដំណើរមកកាន់នគរវិញទាំងកំហឹងឆាបឆេះ។ ទោះបីសុគ្រីព​ពន្យល់ការពិតយ៉ាងណា​​ ក៏ពាលីនៅតែមិនជឿដែរហើយបានទះក្បាលសុគ្រីពនៅមុខមន្ត្រីទាំង​ឡាយ។ សុគ្រីពឈឺចិត្តពេកក៏ហោះគេចខ្លួនចេញ ពាលីដេញតាមរហូតមកដល់ភ្នំមតង្គបពិត។ ពាលីមិនអាចចូលភ្នំនេះតាមសុគ្រីពបានឡើយ ព្រោះបានធ្វើឲ្យឈាមរបស់ទូភីហូរកាត់អាស្រម​ឥសីមតង្គ ជាហេតុនាំឲ្យឥសីខឹងដាក់បណ្តាសារឲ្យគេស្លាប់ បើសិនជាគេហ៊ានចូលភ្នំនេះ។ សុគ្រីព​ឈឺចិត្តគិតតែយំទាល់តែទឹកភ្នែកក្លាយជាជ្រោះ អាចម៍ភ្នែកគរជាភ្នំគ្របខ្លួនជិត។ ពេលនោះមានតែ​ក្មួយម្នាក់ឈ្មោះ ហនុមាន ទេដែលនៅជួយរក្សា។
ពេលធ្វើដំណើររកនាងសីតា ព្រះរាម ព្រះលក្ស្មណ៍បានទៅសម្រាកនៅក្រោមដើមស្វាយមួយ។ ព្រះរាមផ្ទុំនៅក្រោមដើមស្វាយមួយ។ ព្រះរាមផ្ទុំកើយភ្លៅព្រះលក្ស្មណ៍។ ពេលនោះព្រះអាទិត្យនៅហ្នឹងថ្កល់ដោយសារបារមីព្រះរាម។ សុគ្រីពឃើញហេតុចម្លែក ក៏ប្រើហនុមានឲ្យតាមរកអ្នកមានបុណ្យ។ ហនុមានឡើងលើដើមស្វាយ​ឃើញរូបកងចក្រនៅលើបាតដៃព្រះរាម ក៏សម្គាល់ថាជាអ្នកមានបុណ្យ។ ហនុមានបេះស្លឹកស្វាយ​ទម្លាក់ចុះមកស្លុតីព្រះរាម (សរសើរ ឬលើកទឹកចិត្ត)។ ព្រះលក្ស្មណ៍ខ្លាចភ្ញាក់ព្រះរាម ក៏ទាញធ្នូរបស់​ព្រះរាមបម្រុងបាញ់ នាំឲ្យព្រះរាមភ្ញាក់។ ហនុមានចុះមកថ្វាយបង្គំសុំធ្វើជាសេនា ព្រះរាមព្រោះព្រះ​រាមអាចមើលឃើញកុណ្ឌលខ្លួនឃើញ។ ហនុមានបានស្នើឲ្យព្រះរាមជួយដោះស្រាយរឿងពាលី និងសុគ្រីព។ ក្រោយមកព្រះរាម និងសុគ្រីពបានចងស្ពានមេត្រីនឹងគ្នាដោយសន្យាថានឹងជួយគ្នា​ទៅវិញទៅមក។ សុគ្រីពបានស្នើឲ្យព្រះរាមល្បងឫទ្ធានុភាពមើលមុននឹងចេញច្បាំងជាមួយពាលី។ព្រះរាមបានបាញ់សរអគ្គីវាសរំលាយសពទូភីជាផេះ រួចថ្លែងសរភិរុណវាសរំលត់ភ្លើងហើយថ្លែង​សរពាយុវាសប្រមូលធាតុសេសសល់ទៅចោលក្នុងមហាសាគរ។ បន្ទាប់មកទៀតព្រះរាមបានយក​សរព្រហ្មាសកំទេចដើមសត្តបាសដែលដុះនៅលើខ្នងនាគតាំងពីកំណើតផែនដី។ សុគ្រីពញាប់ញ័រ​ខ្លាចសុំព្រះរាមយាងទៅខាន់ខិនបុរីដើម្បីប្រហារពាលី។ ព្រះរាមបាញ់ពាលីលើកទី១មិនបាន​សម្រេចព្រោះច្រឡំគ្នា។ ព្រះរាមបញ្ជាឲ្យព្រះលក្ស្មណ៍យកកម្រងផ្កាឲ្យសុគ្រីពពាក់ ហើយព្រះរាម​បាញ់ពាលីបាន ប៉ុន្តែមុននឹងស្លាប់ ពាលីបានតិះដៀលព្រះរាមជាច្រើន។ ព្រះរាមឲ្យពាលីសុំជីវិត តែ​ពាលីក្លាហានពុំព្រមចុះញ៉ម ទើបសរនៅតែស្ទុះទម្លុះរាងកាយស្លាប់ទៅ។ នាងទេពីតារាជាមហេសី​ពាលី បានចេញមកយំសោកលើសពពាលីលុះត្រាតែក្តៅក្រហាយដល់ព្រះឥន្ទ្រៗក៏ឲ្យព្រលឹងរបស់​ពាលីមកចាប់កំណើតនៅស្ថានសួគ៌។
លុះបានសម្រេចបំណងហើយ សុគ្រីពត្រូវព្រះរាមលើកឲ្យសោយរាជ្យនៅខាស់ខិនបុរី។ ដោយសុគ្រីពមិនបានកេណ្ឌទ័ពថ្វាយព្រះរាមទាន់ពេលវេលា ព្រះរាមគំរាមកំហែងរំលាយខាស់ខិន​បុរីចោល។ សុគ្រីពភ័យស្លុត ហើយកេណ្ឌទ័ពស្វាថ្វាយព្រះរាម។
ព្រះរាមបញ្ជាឲ្យហនុមានទៅស៊ើបការណ៍នៅក្រុងលង្កា។ ក្រោយពីពេលលានាងសីតាមក ហនុមានបានដើរបំផ្លាញក្រុងលង្កាដោយបានសម្លាប់យក្សជាច្រើននាក់ដូចជា សហស្សកុមារ និង​អតិកាយ មេទ័ពយក្ស រួចនាំយកដំណឹងនេះទៅថ្វាយព្រះរាម។ ព្រះរាមត្រេកអរយ៉ាងខ្លាំង ហើយឲ្យ​រង្វាន់ហនុមាន។ ពេលដែលបានដំណឹងពីហនុមានហើយ ព្រះរាមក៏បានចងសម្ព័ន្ធមិត្តជាមួយនឹង​មហាជម្ពូដើម្បីសុំទ័ពជំនួយ។ មហាជម្ពូបានឲ្យខុននិល និងខុននលចូលរួមជាមួយ។ បានទ័ពច្រើន​ហើយព្រះរាមក៏ឲ្យទ័ពស្វាសាងសង់ស្ពានកាត់សមុទ្រទៅកោះលង្កា។
ព្រះរាមបានលើកទ័ពទៅដល់ក្រុងលង្កា ក្រុងរាពណ៍ក៏ទូងស្គរប្រមូលទ័ពហើយបញ្ជាឲ្យពិ​ភេកទាយពីវាសនានគរលង្កា។ ពិភេកបានគន់គូរហើយក៏ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅឲ្យ ព្រះរាមវិញ។ ពិភេកបានប្រដូចរាពណ៍ទៅនឹងកែវភ្នែកដែលពាំកែវពិទូរសូរ្យកាន្តយកមកទុកឲ្យឆេះ​សំបុក រួចប្រៀបធៀបនឹងត្រីដែលស៊ីនុយ។ រាពណ៍ខឹងណាស់ក៏ដោះស្បែកជើងវាយក្បាលពិភេក​ជាប្អូន។ ពិភេកក៏រត់ទៅសុំចុះចូលជាមួយព្រះរាម។ មុនដំបូងព្រះរាមមិនទុកចិត្ត តែជម្ពូពានហោរា​បានទាយថាល្អព្រះរាមក៏យល់ព្រមទទួល។ រាពណ៍ខឹងនឹងពិភេកក៏មកគិតគូរជាមួយនាងមណ្ឌោ​គិរី នាងមានយោបល់ដូចពិភេកដែរ តែរាពណ៍មិនស្តាប់ក៏ធ្វើសង្គ្រាមតាមល្បិចដោយឲ្យរុក្ខសេន​ទៅយាមព្រៃដើម្បីកុំឲ្យទ័ពស្វាបេះផ្លែឈើបាន។ ចំបាំងកើតមានឡើងរវាងទ័ពស្វាដែលមានមេទ័ព​ឈ្មោះរុក្ខរក្ស និងទ័ពយក្សដែលមានមេទ័ពឈ្មោះរុក្ខសេន។ ទ័ពយក្សទ័ពស្វាស្លាប់ទាំងអស់ ប៉ុន្តែ​មានមេទ័ពយក្សមួយរត់រួចខ្លួន ហើយទៅប្រាប់ក្រុងរាពណ៍ថាហនុមានស្លាប់ហើយ។ ក្រុងរាពណ៍​ត្រេកអរយ៉ាងខ្លាំងក៏ឲ្យគេលើកឆ័ត្រជ័យពាសពេញអាកាសដើម្បីឲ្យព្រះរាមដកទ័ពតែព្រះរាមបាន​ថ្លែងសរកំទេចឆ័ត្រទាំងនោះខ្ទេចខ្ទីចោលអស់។ រាពណ៍ភ័យបានប្រើល្បិចកលមួយទៀត ដោយ​យកនាងសីតាហោះឡើងអាកាសបញ្ឈឺចិត្តព្រះរាម។ ដោយមានពិភេកប្រាប់ពីការពិត ព្រះរាមក៏​សូត្រមន្តឲ្យរាពណ៍ចុកពោះសន្លប់លើរាជរថ។ ព្រះរាមចាត់ឲ្យអង្គទយកសារថ្វាយក្រុងរាពណ៍​ដើម្បីធ្វើសង្គ្រាមប៉ុន្តែទំនាស់កើតឡើងរវាងអង្គទ និងយក្ស។ នៅទីបំផុតអង្គទទះរាពណ៍ត្រូវមួយ​ដៃ​សន្លប់ ហើយយកពេជ្រនៅលើក្បាលរាពណ៍រត់។ យក្ស៤នាក់ទៅតាមតែត្រូវអង្គទវាយដាច់ក្បាល​ ហើយនាំយកដំណឹងនេះទៅថ្វាយព្រះរាម។ រាពណ៍ចាត់ឲ្យកុម្ភការណ៍ចេញច្បាំងនឹងព្រះរាម។ កុម្ភ​ការណ៍ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅថ្វាយព្រះរាមវិញដើម្បីកុំឲ្យមានសង្រ្គាមពិបាកដល់​រាស្ត្រពីព្រោះរឿងរ៉ាវទាំងអស់នេះកើតមកពីនាងសូបនខាចង់ប្រុសខុសទំនងប៉ុណ្ណោះ។ រាពណ៍​ចោទថាកុម្ភការណ៍ខ្លាចស្លាប់ កុម្ភការណ៍ក៏ដាច់ចិត្តចេញច្បាំង។
កុម្ភការណ៍បានលើកទ័ពជាច្រើនទៅទល់នឹងព្រះរាម។ ក្នុងរាត្រីនោះ ព្រះរាមទតឃើញផ្កាយ​ព្រះសុក្រពីររះទន្ទឹមគ្នា ទើបទ្រង់ត្រាស់ឲ្យពិភេកគន់គូរមើល។ ពិភេកទូលថាកុម្ភការណ៍មកឈ្លប​ការណ៍។ ព្រះរាមបានប្រើឲ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ភការណ៍ថាបើមកចុះចូលនឹងព្រះអង្គទ្រង់​នឹងឲ្យរង្វាន់ព្រមទាំងបុណ្យសក្តិយ៉ាងធំ។ កុម្ភការណ៍បានអះអាងថាទោះបីព្រះរាមមានឫទ្ធានុភាព​យ៉ាងណាក៏ដោយ ទោះបីក្រុងរាពណ៍៍ខុសយ៉ាងណាក៏ដោយ ក៏ខ្លួនពុំព្រមរស់នៅក្រោមការត្រួតត្រា​របស់ព្រះរាមដាច់ខាត ក្រោយមកសង្គ្រាមក៏កើតឡើងរវាងព្រះលក្ស្មណ៍ និងកុម្ភការណ៍។ កុម្ភការណ៍បានយកមោងសក្តិចោលព្រះលក្ស្មណ៍ត្រូវជើងយ៉ាងធ្ងន់រហូតដល់សន្លប់បាតស្មារតី ដំបៅក៏ដុះរីករហូតដល់ឋានបាតាល។ ព្រះរាមយំសោកបោកខ្លួនមិនអាចជួយបាន។ ពេលនោះពិ​ភេកទទួលខ្លួនផ្សំថ្នាំដោយបញ្ជូនឲ្យហនុមានទៅរកថ្នាំនៅព្រៃហេមពាន្ត និងរកទឹកមូត្រគោឧបា​សករាជ។ ហនុមានមិនស្គាល់ថ្នាំក៏លើកភ្នំទាំងមូលមកប្រគល់ឲ្យពិភេក ក៏ប៉ុន្តែនៅខ្វះថ្មមួយដុំដែល​ស្ថិតនៅក្រោមក្បាលដំណេកក្រុងរាពណ៍។ ហនុមានបានទៅសណ្តំក្រុងរាពណ៍យកថ្មនោះមក​បាន។ ប៉ុន្តែពិភេកបានបញ្ជាក់ថាបើព្រះអាទិត្យរះ ហនុមានមកមិនទាន់ ព្រះលក្ស្មណ៍នៅតែក្ស័យ​ដដែលព្រោះថ្នាំផ្សំពុំទាន់។ ហនុមានបានទៅឃាត់ដំណើរព្រះអាទិត្យៗមិនព្រមព្រោះខ្លាចខុស​ពេលវេលាមនុស្សលោក ហនុមានបានវាយសេះព្រះអាទិត្យរត់បាត់អស់។ ជម្ងឺព្រះលក្ស្មណ៍ក៏ជា​សះស្បើយ ហើយព្រះលក្ស្មណ៍ក៏ចេញច្បាំងម្តងទៀត។ ម្តងនេះព្រះលក្ស្មណ៍ក៏សម្លាប់កុម្ភការណ៍​បាន​ ក្រុងរាពណ៍ឲ្យឥន្ទ្រជិតចូលច្បាំងបន្ត។ សង្រ្គាមបានកើតឡើងយ៉ាងយូរបំផុត ឥន្ទ្រជិតថ្លែង​សរនាគចាប់ទ័ពស្វា និងព្រះលក្ស្មណ៍ជាប់។ ព្រះរាមយំសោកបោកខ្លួនម្តងទៀត ព្រោះមិនអាច ជួយព្រះលក្ស្មណ៍បាន ហើយក៏កំហែងទេវតាឋានលើឲ្យជួយ ដោយប្រកាសថាព្រះអង្គនឹងគ្រវែង​ធ្នូសរទៅឋានលើឲ្យឆេះខ្ទេចខ្ទីអស់ប្រសិនបើព្រះលក្ស្មណ៍ស្លាប់។ ទេវតាភ័យតក់ស្លុតក៏អង្វរឲ្យ​ព្រះព្រហ្មលែងគ្រុឌពីទ្រុងដើម្បីដេញនាគឥន្ទ្រជិត។ ព្រះលក្ស្មណ៍ និងទ័ពស្វាក៏រួចជីវិត។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: