រឿង រាមកេរ្តិ៍ [១]

 

    • ប្រភព៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គ​ម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រ​សួងធម្មការ បោះពុម្ពលើកទី១នៅព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។
    • ប្រភេទ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ
    • ចលនា៖ ព្រាហ្មណ៍និយម
    • ឥទ្ធិពល៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា


  • កាលកំណត់តែង៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា (លោកញ៉ុក ថែម៖ ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧.១៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ដល់ព្រះអង្គអេង។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨.១៩ ក្នុងរជ្ជកាលព្រះអង្គអេង ដល់ព្រះអង្គឌួង។) (អ្នកស្រីពៅ សាវរស៖ ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។) (មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់រឿងរាមកេរ្តិ៍នៅតាមប្រាសាទនានា។)
  • អ្នកនិពន្ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នក​ប្រាជ្ញខ្មែរដែលចេះភាសាសំស្រ្កឹតយ៉ាងច្បាស់លាស់ និងមានទំនោរទៅរកពុទ្ធសាសនា។ (ពីខ្សែទី១ ដល់ទី១០ មានអ្នកនិពន្ធម្នាក់, ពីខ្សែទី៧៥ ដល់ទី៨០ មានអ្នកនិពន្ធម្នាក់ទៀត។)

រឿងសង្ខេប
នៅនគរព្ធយុធ្យា ព្រះបាទទសរថជាមហាក្សត្រមានមហេសីបីអង្គគឺ នាងកោសកល្យាណ (ម្តាយរបស់ព្រះរាម) នាងសមុទ្រ (ម្តាយរបស់ព្រះលក្ស្មណ៍ និងព្រះសុត្រុត) នាងកៃកេសី (ម្តាយរបស់ព្រះភិរុត)។
ឥសីពិស្វាមិត្របានរៀបចំហោមពិធីជាកិត្តិយសដល់ព្រះរាម និងព្រះលក្ស្មណ៍ដែលបានរៀន​ចប់គម្ពីរវេទ។ មានយក្សមួយឈ្មោះកាកនាសូរបានមកបំផ្លាញពិធី។ ឥសីពិស្វាមិត្របានជបធ្នូសរ​ឲ្យព្រះរាមយកទៅប្រហារយក្សនោះទៅ។
នៅនគរមិថិលា ព្រះបាទជនកបានធ្វើពិធីច្រតព្រះនង្គ័លនៅទៀបស្ទឹងយមុនា។ ពេលនោះ​ទ្រង់រើសបាននាងសីតាដែលបណ្តែតពោងពាយទុកជាបុត្រី។ លុះនាងសីតាចម្រើនវ័យឡើង ព្រះ​មុនីបានជបធ្នូសរហើយព្រះចៅមិថិលាបានប្រកាសអធិដ្ឋានថា បើនរណាលើកធ្នូសរនេះរួចនឹង​អភិសេកនាងឲ្យ។ ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះអាទិត្យ ព្រះចន្ទ។ល។ បានមកសាកល្បងលើក តែពុំ​មាននរណាលើករួចឡើយ។ ឥសីពិស្វាមិត្របាននាំព្រះរាម និងព្រះលក្ស្មណ៍ទៅដល់សុំអនុញ្ញាត​ព្រះចៅមិថិលាឲ្យលើកធ្នូសរ។ ព្រះរាមបានលើកដោយងាយ។ ព្រះចៅមិថិលាបញ្ជូនរាជទូតទៅ​យាងព្រះបាទទសរថ បិតាព្រះរាមមកចូលរួមក្នុងពិធីអភិសេកព្រះរាម និងនាងសីតា។ រួចហើយ​ព្រះបាទទសរថ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាត្រឡប់មកក្រុងព្ធយុធ្យាវិញ។ នៅកណ្តាលផ្លូវ​រាមបរមសូរគ្រូសិល្ប៍ (កូនមហាឫសីយាតិក) បានសំឡុតគំរាមកំហែងព្រះបាទទសរថថាលួច​ឈ្មោះខ្លួនដាក់ឲ្យព្រះរាម ប៉ុន្តែត្រូវព្រះរាមផ្ចាញ់បាក់បបខ្លបខ្លាច។
ព្រះបាទទសរថមានបំណងឲ្យព្រះរាមសោយរាជ្យស្នង។ នាងកៃកេសីមហេសីចុងទូលជំ​ទាស់ដោយសំអាងថាពេលនាងជួយព្រះបាទទសរថច្បាំងឈ្នះព្រះអាទិត្យ ព្រះអង្គសន្យាថានឹង​លើករាជ្យឲ្យព្រះភិរុត។ ព្រះបាទទសរថមានបំណងចង់បែងចែកនគរជាពីរ នាងកៃកេសីពុំព្រម​ សុំ​បំបរបង់ព្រះរាម ព្រះលក្ស្មណ៍ឲ្យទៅបួសជាតាបសចំនួន១៤ឆ្នាំក្នុងព្រៃ។ លុះផុតកំណត់ទើបអាច​មកសោយរាជ្យវិញ។
ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាចាកចេញពីនគរ។ តាមផ្លូវជួបនឹងមហាឫសី និងកូខ័នស្តេច​ថ្មើរព្រៃដែលបានរំព្ញកអំពីរាជសម្បត្តិ និងជួយរំលែកទុក្ខព្រួយព្រះអង្គ។
ដំណើរព្រះរាមចេញចាកព្ធយុធ្យារហូតដល់ភ្នំចិត្រកូដ។ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតា​យាងកាត់ព្រៃព្រឹក្សាស្វិតស្រពោនជ្រុះស្លឹក ស្រាប់តែកើតហេតុអស្ចារ្យបណ្តាលឲ្យទីស្ថានប្រែទៅ​គួរជាទីរីករាយ។ ព្រះអង្គបានជួបនឹងឥសីពាទ្វាទ្យ ដែលទទួលរាក់ទាក់យ៉ាងកក់ក្តៅហើយចង្អុល​បង្ហាញផ្លូវទៅកាន់ភ្នំចិត្រកូដ។
នៅជើងភ្នំនោះបរិយាកាសក៏ប្រែប្រួលដែរ ដូចជាសត្វសាហាវប្រែជាស្លូត កូនខ្លារត់ទៅបៅមេ​ប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ។ ក្រោយមកព្រះរាមបួសជាតាបសនៅភ្នំចិត្រកូដ។
នៅនគរព្ធយុធ្យា ព្រះបាទទសរថទ្រង់សោយទិវង្គត។ នាងកៃកេសីបានសរសេរសំបុត្រទៅឲ្យ ព្រះភិរុតមកគ្រងរាជសម្បត្តិ ដោយបញ្ឆោតថាឲ្យមកជាអធិបតីក្នុងពិធីរាជាភិសេកព្រះរាម។ ព្រះភិ​រុត និងព្រះសុត្រុតលឺសូរដំណឹងនេះត្រេកអរខ្លាំងណាស់ ហើយក៏យាងមកកាន់នគរភ្លាម។ លុះមក​ដល់នគរបានដឹងថាចាញ់កលម្តាយហើយព្រះបិតាខ្លួនទ្រង់សុគតទៅហើយ ព្រះភិរុតខឹងនឹងព្រះមា​តាយ៉ាងខ្លាំង ប៉ុន្តែបាននាងកោសកល្យាណជួយនិយាយលួងលោមព្រះភិរុតក៏ដាច់ចិត្តធ្វើដំណើរ ទៅតាមព្រះរាមឲ្យមកសោយរាជ្យវិញ។ ព្រះរាមមិនទទួលពាក្យអង្វរករនេះទេ ព្រោះទ្រង់គោរព​ពាក្យសច្ចៈ ហើយក៏ប្រគល់សុពណ៌បាទតំណាងរាជសម្បត្តិឲ្យទៅព្រះភិរុត។ នៅពេលព្រះភិរុតធ្វើ​ដំណើរមកវិញ ក្សត្រទាំងបីអង្គក៏ចាកចេញពីភ្នំចិត្រកូដដែរ ដោយធ្វើដំណើរទៅកាន់ព្រៃភ្នំទណ្ត​កាណ្យ ហើយបានជួបនឹងយក្សមួយឈ្មោះពិរាធ។
ពិរាធបានចូលឆក់នាងសីតា។ ព្រះលក្ស្មណ៍ធានាខ្លួនចេញយកនាងសីតាវិញ ប៉ុន្តែចាញ់យក្ស ព្រះរាមក៏ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅ។ អន់ចិត្តនឹងឫទ្ធានុភាពរបស់ខ្លួន ព្រះលក្ស្មណ៍ក៏​សុំលាព្រះរាមទៅតាំងសីលដើម្បីរំលឹកមន្តអាគមឡើងវិញ។ ខណៈនោះប្អូនស្រីក្រុងរាពណ៍ ឈ្មោះ​នាងសូរបនខាក៏កាឡាខ្លួនជាស្រីទេពអប្សរមកចែចង់ព្រះរាម ប៉ុន្តែព្រះរាមប្រកែកដោយសុំឲ្យនាង​ទៅលួងលោមព្រះលក្ស្មណ៍ជាប្អូនចុះ។ ព្រះលក្ស្មណ៍ដាច់សីលខ្ញាល់នឹងនាងសូរបនខាមករុកគួនក៏​ចាប់ផ្តួលកោរសក់កាត់ដៃស្រែកបណ្តេញចេញទៅ។ នាងសូរបនខាឈឺចាប់យ៉ាងខ្លាំង ក៏ប្រែរូបជា​យក្ខិណីបានស្រែកកងរំពងព្រៃ ជាហេតុធ្វើឲ្យលឺដល់ក្រុងខរជាបង។ ក្រុងខរក៏បញ្ជូនមេទ័ពមួយ​ឈ្មោះខុនទសណ៍មកនាំនាងសូរបនខាចូលនគរ ហើយខ្លួនលើកទ័ពមកសងសឹកព្រះរាម។ ក្រុង​ខរបានបញ្ជាឲ្យខុនទសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីមុខ ហើយក្រោយបំផុតក្រុងខរខ្លួនឯង។ ប៉ុន្តែយក្សទាំងអស់ត្រូវស្លាប់ដោយសរព្រះរាម។ លុះឃើញបងស្លាប់អស់ហើយ នាងសូរបនខាក៏​យកដំណឹងនេះទៅប្រាប់ក្រុងរាពណ៌ជាបងសោយរាជ្យនៅនគរលង្កា។ នាងថែមទាំងអួតសរសើរ​ពីសម្រស់ល្អឯករបស់នាងសីតា ហើយបានជំរុញឲ្យបងប្រុសរបស់ខ្លួនទៅយកនាងសីតាមកធ្វើជា​មហេសី។
ក្រុងរាពណ៍បានពិភាក្សាជាមួយប្អូនៗរួចក៏បញ្ជាទាំងបង្ខំឲ្យសេនាម្នាក់ឈ្មោះមហារីក កាឡាខ្លួនជាប្រើសមាសទៅបញ្ឆោតព្រះរាម។ នាងសីតាឃើញប្រើសមាសក៏បង្ខំព្រះរាមបាញ់​ប្រើសមាសនោះ ដើម្បីយកស្បែកធ្វើជាកម្រាលនៅពេលវិលទៅសោយរាជ្យ។ ប្រើសមាសមុននឹង​ស្លាប់បានស្រែកជាសំឡេងព្រះរាមឲ្យព្រះលក្ស្មណ៍ទៅជួយ។ ព្រះលក្ស្មណ៍ដឹងថាជាល្បិចកល​យក្សដែរ ប៉ុន្តែដោយការបង្ខំរបស់នាងសីតា ក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាម។ ពេលនោះក្រុង​រាពណ៍កាឡាខ្លួនធ្វើជាឥសីដើរតម្រង់មករកនាងសីតា។
ពេលឃើញឥសីនាងសីតាក៏ចេញមកធ្វើនមស្ការ។​ ឥសីក៏ប្រើរូបជាក្រុងរាពណ៍ឆក់នាងសីតា។ នៅតាមផ្លូវ ក្រុងរាពណ៍បានជួបនឹងជតាយុ។ ការប្រយុទ្ធគ្នាកើតឡើង ប៉ុន្តែអ្នកទាំងពីរមានកម្លាំងស្មើគ្នា ក្រុងរាពណ៍បានលួចដោះយកព្រះ​ទម្រង់​នាងសីតាចោលត្រូវជតាយុបាក់ស្លាបធ្លាក់ដល់ដី។ បន្ទាប់មកនាងសីតាបានផ្តាំផ្ញើនឹងសត្វ​កុក ឲ្យយកដំណឹងនេះទៅទូលព្រះរាមផង។ ក្រុងរាពណ៍បានយកនាងសីតាទៅទុកក្នុងសួន អសោក។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: