រឿង ខ្យងស័ង្ខ​ [១]

  • ប្រភពរឿង៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។
  • ប្រភេទ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។
  • ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ)
  • កាលកំណត់តែង៖ ១៧២៩
  • អ្នកនិពន្ធ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា)

រឿងសង្ខេប
នាសម័យព្រះសម្មាសម្ពុទ្ធទ្រង់យោនយកកំណើតជាពោធិសត្វ មានស្តេចមួយអង្គព្រះនាមវិមលរាជ សោយរាជ្យនៅសោឡសមហានគរ មានមហេសីពីរអង្គ។ មហេសីទីមួយព្រះនាមចន្ទទេវី មហេសីទីពីរព្រះនាមឆន្ទា។ ព្រះបាទវិមលរាជទ្រង់សព្វព្រះរាជហឫទ័យព្រះមហេសីទាំងពីរក្រៃលែង។ ថ្ងៃមួយដោយទ្រង់ឈ្វេងយល់ថា ព្រះអង្គនៅពុំទាន់មានបុត្រសម្រាប់ស្នងរាជ្យនៅឡើយ ព្រះបាទយសវិមលរាជទ្រង់ក៏បញ្ជាគេឲ្យទៅយាងមហេសីទាំងពីររបស់ព្រះអង្គថា បើចំណោមមហេសីទាំងពីរអាចមានបុត្រានោះព្រះអង្គនឹងតែងតាំងជាព្រះអគ្គមហេសី។ ក្រោយពីនេះមក មហេសីទាំងពីររបស់ព្រះអង្គក៏យាងទៅរៀបចំពិធីសុំបុត្រ។ ព្រះនាងចន្ទទេវី ក៏បានតាំងពិធីបួងសួងសុំបុត្រដោយការរក្សាសីលភាវនាយ៉ាងខ្ជាប់ខ្ជួន ដែលនៅពេលនោះមានអំណាចនៃផល្លានិសង្ឃរបស់ព្រះនាង បានធ្វើឲ្យក្តៅក្រហាយទៅដល់ឋានព្រះឥន្ទ្រៗក៏សុំយាងព្រះពោធិសត្វយោនយកកំណើតក្នុងផ្ទៃ​ព្រះនាងច័ន្ទទេវី។ ចំណែកឯព្រះនាងឆន្ទាទ្រង់មិនបានតាំងសីលដូចព្រះនាងចន្ទទេវីទេ គឺនាងទៅធ្វើការបូជាដើមព្រះជ្រៃដើម្បីអធិដ្ឋានប្រាថ្នាសុំបុត្រ នៅពេលនោះដែរទេពធីតារក្សាដើមជ្រៃបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងឆន្ទា។ ក្រោយពេលពិធីសុំបុត្រចប់ ព្រះមហេសីទាំងពីរតែងតែនាំគ្នាចូលគាល់ព្រះមហាក្សត្រជាប្រក្រតី។ ថ្ងៃមួយព្រះបាទយសវិមលរាជ្យទ្រង់យល់ថា ទឹកមុខរបស់មហេសីទាំងពីររបស់ព្រះអង្គមានទឹកមុខ​ខុសប្លែកពីសព្វមួយដង ព្រះអង្គក៏ទ្រង់សួរទៅមហេសីចន្ទទេវីអំពីការរៀបចំពិធីសុំបុត្រ។ នៅពេល​នោះព្រះនាងចន្ទទេវីបានមានព្រះបន្ទូលថា ព្រះនាងយល់សុបិន្តឃើញរាហ៊ូពាំព្រះចន្ទ្រមកថ្វាយ​ដល់ព្រះនាង ព្រះនាងក៏បានទទួលយកព្រះចន្ទ្រដោយក្តីត្រេកអរមហិមា តែរំពេចនោះព្រះចន្ទ្រ​ដែលមានពន្លឺភ្លឺត្រចះត្រចង់ប្រែក្លាយទៅជាពណ៌ខ្មៅងងឹតសូន្យសុង ពេលនោះព្រះចន្ទ្រក៏បាន​ព្រាត់ចេញពីដៃរបស់ព្រះនាង។ ព្រះនាងក៏ដូលសន្លប់ដល់ក្ស័យជន្មា។ ក្រោយមករាហ៊ូក៏បាននាំ​យកព្រះចន្ទ្រយកមកឲ្យនាងវិញ ហើយព្រះនាងក៏មានព្រះជន្មឡើងវិញ។ ដោយក្តីអាណិតចំពោះ​មហេសី ព្រះបាទយសវិមលរាជក៏បានបញ្ជាឲ្យហោរាទស្សន៍ទាយអំពីការយល់សប្តិរបស់ព្រះនាង។ ហោរាបាននិយាយថា ព្រះនាងចន្ទទេវីគឺមានរាជបុត្រាដែលជាទេវតាបានមកចាប់បដិសន្ធិក្នុងផ្ទៃ​ព្រះនាង ហើយនៅពេលអនាគតព្រះរាជបុត្រអង្គនេះនឹងឡើងសោយរាជ្យជំនួសព្រះអង្គ។ ក្រោយ​ពីលឺទំនាយបែបនេះ ជាហេតុបណ្តាលឲ្យព្រះនាងឆន្ទាផ្ទំពុំលក់ពេញមួយរាត្រី ព្រោះព្រះនាងគិត​ថាកូនខ្លួនអាចជាកូនស្រី ក្រែងគ្មានបានវាសនាអាចស្នងរាជ្យដូចបុត្រព្រះនាងចន្ទទេវី។ ដោយគិត​សព្វគ្រប់ទៅព្រះនាងក៏បានឲ្យគេចេញទៅរកគ្រូស្នេហ៍ម្នាក់ឈ្មោះយាយស្មេធា ព្រះនាងឆន្ទាក៏បាន​ឲ្យយាយស្មេធាធ្វើស្នេហ៍ដាក់ព្រះបាទយសវិមលរាជ ក្រោយពីត្រូវស្នេហ៍របស់ព្រះនាងឆន្ទា ព្រះអង្គក៏បានបណ្តេញព្រះនាងចន្ទទេវីតាមរយៈការញុះញង់របស់ព្រះនាងឆន្ទាទោះបីជាព្រះអង្គ​ដឹងថាព្រះនាងចន្ទទេវីមានផ្ទៃពោះក៏ដោយ។ ក្រោយពីព្រះស្វាមីបានបណ្តេញចេញពីព្រះនគរ ព្រះនាងក៏ធ្វើដំណើរដោយគ្មានមាសប្រាក់សូម្បីតែបន្តិច ព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅ​លើខ្លួនរបស់ព្រះនាង ត្រូវនាងឆន្ទារឹបអូសគ្មានសល់។ នៅពេលដែលព្រះនាងកំពុងតែធ្វើដំណើរ​ទៅដល់ព្រៃជ្រៅ ព្រះនាងបានជួបនឹងដូនចាស់ម្នាក់ ព្រះនាងក៏បានសុំដូនចាស់នោះស្នាក់នៅជា​មួយ ហើយព្រះនាងតែងតែប្រកបរបរកាប់ឧសលក់។ ដោយយល់ឃើញថា រៀងរាល់ថ្ងៃព្រះមាតាតែងតែប្រកបការងារដោយលំបាក ព្រះអង្គក៏តាំងអធិដ្ឋានថា ប្រសិនបើព្រះ​អង្គជាតួអង្គពោធិសត្វ សូមឲ្យនៅពេលដែលព្រះអង្គប្រសូតមកឲ្យមានខ្យងស្រោបមកជាមួយ។ លុះដល់ខែកំណត់នៃការប្រសូត ព្រះនាងទ្រង់ប្រសូតនូវព្រះរាជបុត្រមួយព្រះអង្គដែលរុំស្រោប​ដោយសម្បកខ្យង ដែលមានពន្លឺភ្លឺរលោង ព្រះនាងបានយកខ្យងនោះមកឱបថើប។ ដំណើរជីវិត​របស់ព្រះនាង និងបុត្របានប្រព្រឹត្តទៅរយៈពេលបីឆ្នាំ។ ថ្ងៃមួយព្រះនាងបានទៅកាប់ឧសនៅក្នុង​ព្រៃដូចសព្វដង តែថ្ងៃនោះព្រះនាងបានទុកដាក់អង្ករប្រហែស។ ខ្យងស័ង្ខដោយឃើញពីទុក្ខវេទនា​របស់មាតាចំពោះការខិតខំរកស៊ីទ្រង់ក៏ចេញពីស្រោមចុះមកដេញមាន់នឹងរៀបចំផ្ទះ។ ចំណែកឯ​ព្រះនាងចន្ទទេវី ក្រោយពេលទៅដល់ព្រៃកាប់ឧសមួយសន្ទុះព្រះនាងក៏នឹកឃើញថាថ្ងៃនេះពេល​ចេញមកព្រះនាងមិនបានទុកដាក់របស់របរបានល្អ។ ព្រះនាងទ្រង់យាងត្រឡប់មកកាន់ខ្ទមរបស់​ខ្លួន។ ព្រះនាងទ្រង់មើលពីចម្ងាយឃើញហាក់បីដូចជាមានមនុស្សនៅក្នុងខ្ទម។ ពេលមកដល់ទ្រង់​មិនឃើញ ព្រះនាងក៏សញ្ជឹងគិតថានៅក្នុងខ្ទមនេះមានតែទ្រង់និងបុត្រ វាមិនអាចមានមនុស្សណា​ផ្សេងឡើយ។ នៅថ្ងៃស្អែកឡើងព្រះនាងក៏យាងធ្វើជាទៅកាប់ឧសដូចរាល់សព្វមួយដង ប៉ុន្តែព្រះ​នាងធ្វើជាភ្លេចគ្របទុកដាក់អង្ករឲ្យបានជិត។ ខ្យងស័ង្ខដោយគិតថាមាតាភ្លេច ហើយដោយក្តី​អាណិត ក៏បានចេញពីស្រោមមករៀបចំដូចលើកមុន។ ព្រះនាងចន្ទទេវីដែលពួននៅក្រោយខ្ទមក៏​ស្ទុះចេញមកឱបក្រសោបបុត្រលួងលោមគ្រប់បែបយ៉ាងមិនឲ្យខ្យងស័ង្ខចូលក្នុងស្រោមវិញ។ ព្រះ​នាងចន្ទទេវីបានយកសំបកខ្យងទៅវាយបំបែក ព្រោះព្រះនាងភ័យខ្លាចខ្យងស័ង្ខចូលក្នុងស្រោម​វិញ។ ចាប់តាំងពីថ្ងៃនោះមកប្រជាជនតែងនាំរបស់របរមកជូនព្រះនាងមិនដែលខាន។ ដំណឹង​នេះ​បានលឺទៅដល់ព្រះនាងឆន្ទាដែលមានបុត្រី ដោយសេចក្តីភ័យខ្លាចការវិលត្រឡប់របស់ខ្យងស័ង្ខ និងចន្ទទេវីមកសោយរាជ្យសម្បត្តិ ព្រះនាងឆន្ទាបានប្រើឧបាយកលដោយប្រាប់ព្រះបាទយស​វិមលរាជថាព្រះនាងចន្ទទេវី ជាស្រី្តដែលភិតក្បត់មានសាហាយ ហើយបង្កើតបានកូនប្រុសម្នាក់ ដែលកូនប្រុសនេះជាសាហាយរបស់ព្រះនាងចន្ទទេវី។
ក្រោយពីលឺដំណឹងនេះព្រះបាទយសវិមលរាជទ្រង់ បានបញ្ជាឲ្យគេទៅចាប់ខ្យងស័ង្ខយកមក​សម្លាប់។ ពេជ្ឃឃាដចាប់ខ្យងស័ង្ខបាន គេចងដៃចងជើងខ្យងស័ង្ខដូចជាអ្នកទោស។ បន្ទាប់មក​ពេជ្ឃឃាដយកដាវមកកាប់ករបស់ខ្យងស័ង្ខ ប៉ុន្តែដោយអំណាចអានិសង្ស អាវុធនោះបានប្រែក្លាយ​ទៅជាពុកផុយ បាក់ខ្ទេចខ្ទីអស់។ ពេជ្ឃឃាដក៏យកលំពែងមកចាក់រាជកុមារ លំពែងនោះទៀត​សោតក៏ក្លាយជាផ្កាទៅវិញ។ ព្រះវិមលរាជ ក៏ប្រើពេជ្ឃឃាដយករាជកុមារចងដៃចងជើងបោះ​ទំលាក់ចូលទឹក។ ព្រះនាងចន្ទទេវីឃើញបុត្របណ្តូលចិត្តរបស់ទ្រង់ត្រូវបិតាប្រើពេជ្ឃឃាដ​សម្លាប់​ដូចនោះ ទ្រង់ទួញយំឥតស្រាកស្រាន្ត។ គួរឲ្យអនិច្ចាណាស់ ព្រះពោធិសត្វកាលត្រូវពេជ្ឃឃាដចង​ទម្លាក់ចូលទឹកមិនស្លាប់ទៀត ព្រះវិមលរាជក៏ប្រើពេជ្ឃឃាដចងរាជកុមារ នឹងដុំថ្មធំៗទម្លាក់ចូលទឹក​ជម្រៅ ២០០០ព្យាមទៀត។ ពេលរាជកុមារធ្លាក់ចូលទឹក ធ្វើឲ្យក្តៅក្រហាយដល់ឋានបាតាល ស្តេច​នាគក៏និម្មិតផ្កាឈូកក៏ធំទ្រទទួលព្រះរាជកុមារខ្យងស័ង្ខ រួចនាំយកទៅឋានបាតាលធ្វើជាបុត្រធម៌ ហើយស្តេចនាគទ្រង់សព្វព្រះទ័យខ្លាំងណាស់។ តែខ្យងស័ង្ខមិនអាចគង់នៅជាមួយបានឡើយ ស្តេចនាគក៏និម្មិតសំពៅមាសមួយរចនាដោយគ្រឿងលម្អ មានប្រដាប់ប្រដាប្រើប្រាស់សព្វបែប​យ៉ាង ដាក់រាជកុមារសំដៅនគរយក្ស ដើម្បីឲ្យនាងពន្ធរសចិញ្ចឹម។ សំពៅនោះអណ្តែតបានមួយខែ​កន្លះមកទើនឹងកន្លែងឥសី។ ខ្យងស័ង្ខក៏បានរៀបរាប់ពីដំណើរដើមទងប្រាប់តាបសៗក៏បានជូនពរ​សព្វសាធុការដល់ខ្យងស័ង្ខ និងបានយកឈើច្រត់រុញសំពៅមានល្បឿនលឿនពេកក្រៃដល់នគរ​តាលវ័ន។ ពួកយក្សប្រុងចាប់រាជកុមារស៊ីជាចំណី ប៉ុន្តែយក្សទាំងនោះលិចទឹកក្ស័យជន្មអស់ ១៩០០០នាក់។ ដំណឹងនេះបានលឺដល់នាងពន្ធរស នាងក៏ឲ្យគេយកដំរីកាឡាហត្ថីទៅទទួលរាជ​កុមារ។ នាងពន្ធរសសព្វព្រះទ័យនឹងខ្យងស័ង្ខណាស់។ ជំងឺមិនឃ្លានអាហាររបស់យក្សពន្ធរសក៏​ស្រាប់តែជាសះស្បើយឡើងវិញ ព្រះនាងត្រេកអរណាស់ រឹតតែស្រឡាញ់រាជកុមារខ្លាំងឡើង។​ មុនពេលទៅរកចំណី នាងតែងផ្តាំបុត្រថាកុំឲ្យទៅលេងស្រះបោក្ខរណី រាជកុមារក៏លបលួចទៅ​លេង ឃើញមានស្រះមាស ស្រះប្រាក់។ ថ្ងៃក្រោយមកទៀតនាងបានផ្តាំទៅខ្យងស័ង្ខថាមិនឲ្យទៅ​លេងនៅប្រាសាទខាងលើ ព្រោះមានខ្មោចងោះ ដែលជាខ្មោចកាចសាហាវខ្លាំងណាស់ ប៉ុន្តែលើក​នេះក្រោយពីម្តាយខ្លួនចាកចេញទៅខ្យងស័ង្ខក៏បានឡើងទៅលើប្រាសាទ រួចឃើញស្រោមងោះ និងឈើច្រត់។ ខ្យងស័ង្ខក៏ពាក់ស្រោមងោះ ព្រមទាំងជិះឈើច្រត់ហោះលេងលើអាកាស។ ការរស់​នៅរបស់ខ្យងស័ង្ខប្រព្រឹត្តទៅអស់រយៈពេល១០ឆ្នាំ ដោយការរស់នៅឆ្ងាយពីម្តាយ ដោយនឹករលឹក​ដល់ព្រះមាតាចន្ទទេវី ខ្យងស័ង្ខក៏សម្រេចចិត្តចាកចេញពីម្តាយធម៌។ តែមុនពេលចាកចេញខ្យង​ស័ង្ខក៏បានចុះទៅស្រង់ទឹកនៅក្នុងស្រះបោក្ខរណី ជាតិជាមាសបន្ទាប់មកពាក់ស្រោមងោះ ហើយ​យកស្បែកជើងកែងពាក់ និងឡើងគង់លើឈើច្រត់ ហើយចេញពីនគរយក្សទៅ។
យក្សពន្ធរសបានយាងមកពីប្រពាតព្រៃវិញមិនបានឃើញខ្យងស័ង្ខមកទទួលខ្លួនដូចសព្វដង ក៏គិតថាប្រហែលជាខ្យងស័ង្ខរត់ចោលខ្លួនក៏ហោះចេញតាមរក។ ពេលទៅតាមទាន់ក៏បបួលលួង​លោមឲ្យខ្យងស័ង្ខវិលត្រឡប់មកនគរវិញ ប៉ុន្តែខ្យងស័ង្ខមិនព្រម គឺគេប្តេជ្ញាថាទៅតាមរកមាតា​ចន្ទទេវី។ ដោយអស់មធ្យោបាយក្នុងការឃាត់ខ្យងស័ង្ខ ព្រះនាងក៏បានប្រាប់ពីវិធីប្រើប្រាស់វត្ថុអាថ៌​កំបាំងសក្តិសិទ្ធិទាំងបីដល់ខ្យងស័ង្ខ ហើយព្រះនាងបានបា្រប់ពីមន្តវិជ្ជាការហោះមហាចិន្តានូវ​សិល្ប៍សាស្ត្រដែលអាចហៅត្រី សត្វនានា និងសម្បត្តិកែវកងផ្សេងៗបាន បន្ទាប់មកព្រះនាងក៏ដាច់​ខ្យល់ស្លាប់បាត់ទៅ។​ រាជកុមារក៏ប្រើខុនមារពលសេនាយក្សឲ្យលើកសពព្រះមាតាដាក់មឈូស​មាស ធ្វើបុណ្យតាមប្រពៃណី បូជាព្រះភ្លើង រួចរើសព្រះធាតុដាក់ក្នុងកោដិមាសតាំងក្នុងព្រះចេតិយ ហើយក៏ក្រាបបង្គមលាបីដង។ ទ្រង់ក៏ឈរលើឈើច្រត់ ពាក់ស្រោមងោះហោះទៅលើអាកាស​ចេញពីនគរយក្សបាន៧ថ្ងៃដល់សាមលមហានគរ។

  2 comments for “រឿង ខ្យងស័ង្ខ​ [១]

  1. ,December 31, 2018 at 5:32 pm

    អរគុណបងដែលបានជួព្វផ្សាយអក្សរសាស្ត្រខ្មែរ

    Liked by 1 person

  2. ,January 1, 2019 at 8:08 pm

    សូមអរគុណលោកគ្រូ វិទ្យាល័យមេសាង! យើងរួមគ្នាលើកកម្ពស់អក្សរខ្មែរយើង!

    Like

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: