មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

សេចក្ដីផ្ដើម (អំពីប្រវត្តិវត្តចន្ទរង្សី-កែង)

សេចក្ដីផ្ដើម

វត្តចន្ទរង្សី ហៅវត្តកែង គឺជាវត្តមួយដែលស្ថិតនៅក្នុងភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺនៅតាមបណ្ដោយដងទន្លេមេគង្គ ត្រើយខាងលិច។ វត្តនេះមានទំហំដី បណ្តោយ១៥០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ ព្រមទាំងមានសាលាបឋមសិក្សាក្នុងទីធ្លាវត្តចំនួន៤ខ្នងថែមទៀត។ រាល់ការកសាងនូវសមិទ្ធិផលនានាដូចជាសាលាឆាន់ កុដិ និងព្រះវិហារជាដើម ភាគច្រើនគឺបានមកពីការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីផ្សេងៗទៀតដែរ។ ការមានសាមគ្គីភាពរបស់លោកគ្រូចៅអធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត មិនមែនទើបតែចាប់ផ្ដើមនៅសម័យនេះទេ គឺបានប្រព្រឹត្តទៅតាំងពីដើមទីនៃការកសាងវត្តមកម៉្លេះ (សេចក្ដីទាងអស់នេះនឹងមានរៀបរាប់បន្ថែមនៅក្នុងមាតិកា បុព្វហេតុនៃការកសាងវត្តកែង)។ ការចុះសម្រុងគ្នាបានធ្វើឱ្យវត្តកែងមានការរីកចម្រើនជាបន្ដបន្ទាប់ លើកលែងតែសម័យកម្ពុជាប្រជាធិប្បតេយ្យ។

ឆ្នាំខ្លះ ពេលដែលខែវស្សាបានចូលមកដល់ ជាពិសេសនៅកំឡុងរដូវដាក់បិណ្ឌ ភ្ជុំបិណ្ឌតែម្តង វត្តនេះមានទឹកភ្លៀងលិចជោកជាំនៅម្ដុំសាលាឆាន់ កុដិ និង ព្រះវិហារ។ លើសពីនេះទៅទៀត បើឆ្នាំណាមានទឹកជំនន់ខ្លាំង វត្តនេះបានលិចស្ទើរតែដល់រនាបកុដិ និងសាលាឆាន់តែម្ដង ព្រោះវត្តនេះមានទីតាំងនៅលើដីទំនាប។ និយាយពីសទ្ធារបស់ពុទ្ធបរិស័ទវិញ ទោះជាឆ្នាំខ្លះមានទឹកលិចវត្ត ដែលជាហេតុធ្វើឱ្យពួកគាត់មានភាពលំបាកក្នុងការធ្វើដំណើរមកធ្វើបុណ្យកាន់បិណ្ឌក៏ដោយ ក៏ពួកគាត់សុខចិត្តជិះទូក ឬកាណូត ដើម្បីមកបំពេញបុណ្យកុសលរបស់ពួកគាត់ដែរ។ ជាឧទាហរណ៍ នៅឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងគ.ស.២០១២ មានទឹកលិចក្នុងវត្តកែងស្ទើរតែដល់រនាបកុដិ និងសាលាឆាន់ទៅហើយ តែឧបសគ្គទាំងនេះ មិនបានបង្អាក់សទ្ធារបស់ពុទ្ធបរិស័ទឡើយ ពួកគាត់នៅតែតស៊ូយកចង្ហាន់មកផ្គត់ផ្គង់ព្រះសង្ឃជាធម្មតា។ ដោយសារគ្មានកន្លែងសម្រាប់ព្រះសង្ឃនិមន្តបិណ្ឌបាទ ពុទ្ធបរិស័ទ ដែលមានមហាឧបាសក ឈាង លាង រួមជាមួយនិងអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ បានរៀបចំឱ្យព្រះសង្ឃនិមន្តបិណ្ឌបាតលើសាលាឆាន់តែម្ដង ព្រោះតាមទំនៀមទម្លាប់របស់ពុទ្ធបរិស័ទនៅវត្តកែងនេះ នៅថ្ងៃភ្ជុំ ឬថ្ងៃបង្ហើយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពួកគាត់តែងនាំគ្នានិមន្ដព្រះសង្ឃទ្រង់គោចរបិណ្ឌបាតជុំវិញព្រះវិហារ ដើម្បីពុទ្ធបរិស័ទបានប្រគេនចង្ហាន់ និងបវរណានូវបច្ច័យផ្សេងៗជាដើមចំពោះព្រះសង្ឃ មានលោកគ្រូចៅអធិការវត្តជាប្រធាន។ ដោយឡែកាលពីឆ្នាំរោងនោះ មានទឹកលិចទាំងភូមិរបស់ពុទ្ធរិស័ទ និងវត្តអារាមផងដែរ ទើបពុទ្ធបរិស័ទ រៀបចំនិមន្តព្រះសង្ឃឱ្យទ្រង់បាត្រនៅលើសាលាឆាន់តែម្ដងទៅ។

ទឡ្ហីករណ៍ខាងលើនេះ បានបង្ហាញថា សទ្ធារបស់ពុទ្ធបរិស័ទចំណុះជើងវត្តពិតជាមុតមាំចំពោះព្រះពុទ្ធសាសនា។

បើយើងគិតត្រឹមឆ្នាំ២០១៤ វត្តកែងមានកុដិសម្រាប់ព្រះសង្ឃគង់នៅ មានសាលាឆាន់សម្រាប់ពុទ្ធបរិស័ទប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងសម្រាប់ធ្វើនូវកិច្ចកម្មជាកុសលផ្សេងៗ រួមមាន បុណ្យពិសាខបូជា មាឃបូជា កាន់បិណ្ឌ ចូលឆ្នាំជាដើម។

ជាពិសេសជាងនេះទៅទៀតនោះ ថ្មីៗនេះក្រោមការគ្រប់គ្រងរបស់លោកគ្រូចៅអធិការ ព្រះមហាបុណ្ណកភិក្ខុ ម៉ម សុវណ្ណ វិហារថ្មីស្រឡាងមួយត្រូវបានកសាងឡើងរួចប្រមាណជាជាងហុកសិបភាគរយ ហើយត្រូវបានបន្តកសាងបង្ហើយដោយលោកគ្រូសិរីបាលោ យាន សំណាង។ កត្តាមួយនេះ បានបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃក្នុងការធ្វើសង្ឃកម្ម   ផ្សេងៗមានកឋិនកម្ម និងឧបសម្បទាកម្មជាដើម។

============

អានសៀវភៅ ប្រវត្តិវត្តចន្ទរង្សី-កែង

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: