បទពាក្យ៨
ក្រចេះដួងចិត្ត ជីវិតខ្ញុំអើយ |
ខ្ញុំសូមលាហើយ លាទាំងសៅហ្មង |
លាគ្រប់ទីដ្ឋាន ធ្លាប់បានឆ្លើយឆ្លង |
លាប្អូនលាបង លាដងទន្លេ។ |
លាព្រែកកាំពី ទីទឹកថ្លាឈ្វេង |
ធ្លាប់ងូតហែលលេង ស្រណោះម្ល៉េះទេ |
លាក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ |
រសជាតិជាប់ស្នេហ៍ ដូចខែពេញប្រាណ។ |
លាឆ្លូងលាស្នួល លាចិត្របុរី |
សំបូរល្បាញល្បី ទឹកដីល្អថ្កាន |
លាព្រែកប្រសព្វ ទីធ្លាប់កំសាន្ត |
រឿងទាំងប៉ុន្មាន ខ្ញុំមិនភ្លេចឡើយ។ |
លាហើយក្រចេះ លាទាំងសោកា |
ឃ្លាតតែកាយា ចិត្តនៅបង្កើយ |
ស៊ូទ្រាំបិទភ្នែក លាអ្នកសិនហើយ |
ក្រចេះខ្ញុំអ្ហើយ ថ្ងៃក្រោយជួបវិញ៕ |