មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

រឿងខ្លី៖ “ប្រិម និង ប្រិយ”

​       ពេលសម្រាក… និស្សិតជាច្រើននាក់បានចេញទៅអង្គុយលេងតាមទីផ្សេងៗគ្នា។ អ្នកខ្លះបានចេញទៅរកទិញអីបរិភោគនៅក្រៅបរិវេណសាលា ហើយខ្លះទៀតក៏អង្គុយខាងក្រៅបន្ទប់រៀន។ ចំណែកឯប្រិម និង ប្រិយដែលជាមិត្តនឹងគ្នាពុំបានចេញទៅលេងខាងក្រៅនោះទេ គឺនៅជជែកគ្នាលេងក្នុងថ្នាក់។ ប្រិមជាអ្នកដែលចូលចិត្តលេងហ្វេសប៊ុក។ ពេលកំពុងជជែកជាមួយគ្នា ប្រិមបានហៅប្រិយ៖

ប្រិម ៖ ប្រិយៗ! ឯងមើលគ្នាPostអម្បាញ់មិញ មានFriendsគេlike និង Commentច្រើនណាស់។

ប្រិយ ៖ (ប្រិយញញឹម) ហេតុតែគេជានិស្សិត គេនិយាយសុទ្ធតែPost Friends…ហ្ន៎! មើល៍ៗឱ្យគ្នាមើលបន្តិចមើល តើសរសេរពីអីបានជាមានគេបញ្ចេញមតិច្រើនម៉្លេះ? (មើលហើយប្រិយសួរ…) ប្រិម! ប្រិមឯងសរសេរថាម៉េចហ្នឹង ជួយអានឱ្យខ្ញុំស្ដាប់បន្ដិចមក?

ប្រិម ៖ ងាប់ហើយប្រិយអើយ! គ្រាន់តែប៉ុណ្ណឹងអានមិនចេញដែរ ជានិស្សិតទៀតណា៎! ចាំស្ដាប់ហ្ន៎ះ “ថ្ងៃនេះខ្ញុំអប់សុកណះ តើមានមិត្តណាចង់ដើលេងជាមួយខ្ញុំអត់នឹង”។ ស្ដាប់បានឬនៅសម្លាញ់?

ប្រិយ ៖ ឮហើយ…​ ពេលបានស្ដាប់ទើបដឹងថាមានន័យយ៉ាងណា។ តែមុននេះ គ្នាអានអត់យល់មែនហ្នឹង ព្រោះឯងសរសេរខុសអក្ខរាវិរុទ្ធច្រើនពេក ដូចជា… (ប្រិមនិយាយកាត់)

ប្រិម ៖ ប្រិយអើយ… កុំខ្វល់ពេក យើងមិនមែនជានិស្សិតអក្សរសាស្រ្តខ្មែរទេ។ បើម្នាក់ៗគិតតែបើកវចនានុក្រមហើយមកសរសេរនោះ មិនដឹងពេលណាសរសេរបានមួយជួរទេ? ឯងមើលគេពេញ ហ្វេសប៊ុក សរសេរមិនខ្វល់អីផងហ្នឹង។

ប្រិយ ៖ ត្រូវហើយ! យើងមិនមែនជានិស្សិតអក្សរសាស្រ្តខ្មែរ។ តែមិនមែនមានន័យថា គ្រូអក្សរសាស្រ្ត និងនិស្សិតអក្សរ ទើបអាចរក្សាអក្សរសាស្រ្តខ្មែរបាននោះទេ ពោលគឺយើងជាខ្មែរត្រូវរក្សានូវអ្វីដែលជារបស់ខ្មែរ ជាពិសេសគឺអក្សរសាស្រ្តជាតិនេះតែម្ដង។ ឯងដឹងទេ? ដោយសារយើងម្នាក់ៗគិតថា     កុំខ្វល់ៗនេះហើយ ទើបធ្វើឱ្យអក្សរសាស្រ្តជាតិយើងធ្លាក់ចុះម្ដងបន្តិចៗ។ តាមពិតទៅ យើងក៏អាចចូលរួមថែរក្សា និង លើកកម្ពស់អក្សរជាតិយើងតាមរយៈការលេងហ្វេសប៊ុកនេះបានដែរ គឺពេលសរសេរបង្ហោះ បើមានពាក្យណាដែលយើងដឹងមិនច្បាស់ យើងគ្រាន់តែបើកវចនានុក្រមក្នុងទូរសព្ទ ឬ កុំព្យូទ័រមើលទៅគឺបានហើយ។ យើងមិនមែនទាល់ពាក្យរហូតនោះទេ ហើយបើយើងចេះសរសេរលើកនេះ លើកក្រោយគឺមិនចាំបាច់បើកមើល ឬ សរសេរខុសទៀតដែរ…។ ផ្ទុយពីអ្វីដែលឯងនិយាយ គឺមានអ្នកលេងហ្វេសប៊ុកជាច្រើនដែរដែលគិតគូរពីបញ្ហាអក្សរសាស្រ្តជាតិនេះ។

ប្រិម ៖ ឯងនិយាយនេះ គឺសមហេតុផលដែរតើ ព្រោះយើងមិនមែនបើកមើលវចនានុក្រមរហូតឯណា។ មិនអីទេសម្លាញ់ គ្នានឹងកែចាប់ពីពេលនេះតទៅ… (ពេលកែរួច)… ម៉េចដែរ? បានឬនៅលោកគ្រូ?

ប្រិយ ៖ មិនដឹងស្អីទេប្រិមនេះ​… បើចឹងមែននោះ….​ គឺល្អណាស់ (ប្រិយនិយាយទាំងញញឹមទៅរកប្រិម)។

ប្រិម ៖ ពិតមែនហើយ…ហាសហា!… (ប្រិមនិយាយបណ្ដើរសើចបណ្ដើរ)

អ្នកទាំងពីរបាននិយាយជាមួយគ្នាយ៉ាងរីករាយប្រកបដោយភាតរភាព…

(ចប់)

សូមអរព្រះគុណ និង សូមអរគុណដែលបានអានរឿងនេះ!

ដោយ៖ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៨រោច ខែកក្ដិក ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃសុក្រ-១៤-១១-២០១៤

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: