មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: August 2014

កំណាព្យអនុស្សាវរីយ៍ “អនុស្សាវរីយ៍ភ្នំបាណន់”

(បទពាក្យប្រាំពីរ) ០១. ពីរពាន់ដប់បួនជួនមីនា ដប់ប្រាំពីរពាព្រឹកត្រជាក់ យើងខ្ញុំនិស្សិតជាច្រើននាក់ ត្រូវជាមិត្ដភក្រ្តរួមសាលា។ ០២. បាននាំគ្នាទៅលេងបាណន់ ប្រាសាទទ្រព្យភណ្ឌកេរដូនតា ពេលដែលបានដល់ទីនោះណា មិត្តគ្រប់អាត្មារីករាយក្រៃ។ ០៣. ខណៈឡើងដល់ចង្កេះភ្នំ យើងបានជួបជុំញ៉ាំបាយថ្ងៃ មុនញ៉ាំប្រគេនព្រះសង្ឃថ្លៃ បានបុណ្យនិស្ស័យដល់ខ្លួនផង។ ០៤. ឡើងដល់កំពូលឃើញប្រាសាទ ឈរច្រូងយ៉ាងស្អាតល្អកន្លង ថ្មខាំជាប់គ្នាដូចគេក្រង ក្បូរក្បាច់ច្បាស់ច្បងស្នាដៃខ្មែរ។ ០៥. ចម្លាក់ល្អឯកគាប់នេត្រា ឱ្យអ្នកទស្សនាបានល្ហើយល្ហែ រីមិត្តយើងខ្ញុំក៏ច្នោះដែរ មើលប្រាសាទខ្មែរដោយអំណរ។ ០៦. រួចហើយយើងចុះទៅតាមខាង ចូលលេងក្នុងល្អាងប្រឡោះថ្ម សិលាផ្លេកៗភ្លឺលឿងស ដូចជួយកំដរភាពអន្ធការ។ ០៧. យើងដើរកាត់ព្រៃតាមជើងភ្នំ សូរសត្វតូចធំយំខ្ញៀវខ្ញារ សាសងឆ្លងឆ្លើយឱ្យចិន្ដា រសាយទុក្ខាមួយគ្រាបាន។ ០៨. អនុស្សាវរីយ៍ភ្នំបាណន់ យើងបែរយើងបន់សុំសុខសាន្ត មកដល់ពេលនេះមិត្តកល្យាណ បំភ្លេចមិនបានចាំជាប់ចិត្ត។ ០៩. មិត្តភាពយើងសាងគ្មានសៅហ្មង ទោះហួសកន្លងក៏នៅគិត សង្ឃឹមថ្ងៃមួយថ្ងៃក្រោយពិត បានដើរជុំជិតមិត្តម្ដងទៀត៕ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ២រោច ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧… Read More ›

Rate this:

កំណាព្យស្នេហាៈ “សល់សូន្យភាគរយ”

(បទបថ្យាវត្ត) ០១. កាយនៅក្បែរកាយតែឆ្ងាយអនេក គេជ្រៀតគេជ្រែកបំបែកឱ្យកម្ម កៀកកើយលែងកើតព្រោះគេបំណាំ សល់ត្រឹមស្នាមខាំនៅចាំទន្តា។ ០២. មាត់អូនមាត់បងធ្លាប់ឆ្លងវាចា ក៏ត្រូវចាត់ការឱ្យហាលែងបាន សៀងល្អបែរបាត់ដូចបង់ចាកឋាន ពាក្យពេចន៍ប៉ុន្មានហាស្លាក់ខ្ជាក់ស្លែង។ ០៣. ចិត្តវិញសោកសៅក្ដួលក្ដៅចម្បែង កណ្ដោចកណ្ដែងកណ្ដាលទួលទុក្ខ ទាក់ទើសគ្រប់គ្រាជាចិត្តជាប់គុក ច្រាស់ច្រាល់ដល់មុខស្រងូងស្រងាត់។ ០៤. ស្រងល់ស្លក់ស្លេកទឹកភ្នែកខ្ចាយខ្ចាត់ តក់ៗហូរកាត់ផែនថ្ពាល់ក្រៀមក្រំ សោតាធ្លាប់តែស្ដាប់សៀងរណ្ដំ ត្រូវគេបង្ខំឱ្យថ្លង់លែងឮ។ ០៥. ភ្នែកក៏គេឃាំងមិនឱ្យឃើញពៅ ឈឺអើយសែនឈឺៗហួសនិស្ស័យ ស្នេហ៍យើងស្នេហ៍ស្មោះត្រូវអស់តម្លៃ កម្មកាចចង្រៃផ្ដន្ទាយើងណាស់។ ០៦. ទុំទាវព្រាត់ស្លាប់ក៏គង់ជួបខ្លះ ឯយើងព្រាត់ប្រាស់ទាំងនៅជិតគ្នា ឱ! ទ្រូងខ្ញុំអើយរស់សែនគ្រាំគ្រា គ្រោះគ្មានថ្ងៃជាថ្ងៃជួបវិញទេ។ ០៧. អូនស្ម័គ្ររូបបងបងស្មោះមាសមេ មិនគួរណាគេបំបែរឱ្យបែក ឱ្យស្នេហ៍យើងនេះសោកសៅសង្វេគ សង្ឃឹមថ្ងៃស្អែកគ្មានទេជាតិហ្នឹង។ ០៨. ជាតិនេះអស់ហើយអស់ក្ដីរំពឹង ថាបានព្រលឹងនែបនិត្យជិតកាយ ចង់មានឱកាសរស់កៀកឆោមឆាយ តែគួរឱ្យស្ដាយសល់សូន្យភាគរយ៕៚ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរិយ “អរគុណអានី”

(បទព្រហ្មគីតិ) ០១. សៀវភៅខ្ញុំមួយក្បាល ល្អត្រកាលពេញព្រះទ័យ ជាអំណោយអានី នៅឆ្នាំពីរពាន់ដប់បី។ ០២. សៀវភៅសរសេរស្អាត អមដោយបាឋជូនសិរី អបអរទីប្រាំបី ដែលជាថ្ងៃកំណើតខ្ញុំ។ ០៣. មករាខែដើមឆ្នាំ ប្អូនស្រីចាំល្អិតសុខុម ជូនបងមិនបាច់សុំ ធ្វើឲ្យខ្ញុំភ្លេចមិនបាន។ ០៤. ក៏លើកសៀវភៅនេះ មកត្រិះរិះសព្វសណ្ឋាន យកកាព្យទាំងប៉ុន្មាន ដែលខ្ញុំបានសរសេរហើយ។ ០៥. តាំងទុកឲ្យស្ថេរនៅ ក្នុងសៀវភៅពៅត្រាណត្រើយ ថ្ងៃមុខមិនភ្លេចឡើយ បានអានហើយនឹកប្អូនស្ងួន។ ០៦. អ្វីដែលខ្ញុំរ៉ាយរ៉ាប់ ព្រោះចង់ប្រាប់តាមពាក្យចួន អរគុណប្អូននឹមនួន បងនឹងថួនថែឲ្យល្អ។ ០៧. អានីប្អូនសំណព្វ បងចាំជាប់រាប់ដំណ ដំណាលកាលណាក៏ ចាំចិត្តល្អប្អូនស្រីដែរ។ ០៨. នេះគឺបានព្រហ្មគីតិ ថ្លែងរឿងពិតឥតគេចកែ បានអានដូចលើកថែ សិល្បៈខ្មែរកេរជាតិយើង៕ ៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៣កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣

Rate this:

កំណាព្យស្ថាបនាៈ “កុំមោហ៍”

(បទពាក្យ៤) ០១. អ្នកស្រែថែស្រូវ មើលទៅកម្សត់ ក្ដៅហែងហេវហត់ ជួនអត់អាហារ។ ០២. ជើងដៃត្រាំភក់ វីវក់ក្រៃណា ទាំងប្រាំងវស្សា កាយាចាប់ចុក។ ០៣. ចិត្តក៏កម្មក្រាស់ ទ្រាំណាស់មិនសុខ ស្រូវស្កកកើតទុក្ខ លក់មុខខ្ចីគេ។ ០៤. បើស្រែលិចផ្ទួន ច្បាស់ខ្លួនព្រួយទ្វេ គ្មានពេលទំនេរ រិះរេដាំថ្មី។ ០៥. ចុងក្រោយជាប់បុល បំណុលពេញដី បានស្រូវអស់ន័យ សិរីចាកប្រាណ។ ០៦. អ្នកស្រែមើលទៅ មិនសូវសុខសាន្ត ប្រឹងពន់ប្រមាណ ទើបបានភោគផល។ ០៧. ភាគស្រូវអ្នកស្រែ ហូរហែជូនដល់ ញាតិជាសាកល មិនខ្វល់មុខា។ ០៨. ហេតុនេះកុំមោហ៍ កុំជោរភ្លេចការណ៍ ហូបបាយចាំថា អ្នកណាធ្វើស្រូវ? ០៩. ដឹងគុណគ្នាផង កុំប៉ងបិទផ្លូវ ឃើញគ្នាដើរទៅ កុំសូវមើលងាយ៕៚ កវីហេងស៊យ ថ្ងៃ១២រោច​ ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃពុធ ទី២៣… Read More ›

Rate this:

កំណាព្យស្ថាបនាៈ “កូននឹងថែឈ្មោះ”

(បទពាក្យ៤) ០១. ឪពុកម្ដាយខ្ញុំ គាត់ខំរាល់ថ្ងៃ ហូរញើសជូរប្រៃ និស្ស័យអ្នកស្រែ។ ០២. ប្រឹងប្រែងធ្វើស្រូវ តែងទៅទាំថែ គ្មានពេលល្ហើយល្ហែ ព្រោះតែបុត្រភ្ងា។ ០៣. គាត់ស៊ូអត់ឃ្លាន ស៊ូមានពាធា ឱ្យកូនគ្រប់គ្នា បានជាបានឆ្អែត។ ០៤. ចង់ឱ្យកូនខ្ពស់ មានយសអណ្ដែត ភ្លឺច្បាស់ក្រឡែត ត្រសែតត្រសាយ។ ០៥. ផ្គត់ផ្គង់កូនរៀន របៀនទាំងឡាយ ឱ្យកូនគ្រប់កាយ ចាកឆ្ងាយអវិជ្ជា។ ០៦. គុណលោកធំពិត ធំឥតគណនា ទាំងពីរអង្គា ជាក់ជាព្រះរស់។ ០៧. ដឹងហើយឮហើយ មិនឡើយឱ្យគ្រោះ កូននឹងថែឈ្មោះ ព្រះរស់ឱ្យថេរ។ ០៨. ឱ្យស្ថិតនៅល្អ បវរលើសគេ មិនឱ្យខូចទេ អ្នកមេកុំព្រួយ។ ០៩. គុណលោកធំម្លឹង កូននឹងលើកស្ទួយ រូបកូននេះមួយ នឹងជួយលោកពិត។៚ កវីហេងស៊យ ថ្ងៃ១២រោច​ ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃពុធ ទី២៣… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា