(បទពាក្យ៨)
០១. |
អធ្រាត្រត្រជាក់មេឃធ្លាក់ជំនោរ |
ធម្មជាតិទេរទោរទៅតាមវាតា |
ចង្រិតតាក់តែងបទភ្លេងស្នេហា |
បំពេរសត្តាដោយសៀងរងំ។ |
|
០២. |
ជ្រិចៗច្រើនដងអ្នកផងលក់អស់ |
លក់ផុតក្រៀមក្រោះលក់សែនមនោរម្យ |
ទោះគេមានទុក្ខតែអាចសុខុម |
ប្លែកអ្វីទុក្ខខ្ញុំធំលក់មានបាន។ |
|
០៣. |
រូបកាយជាពិតតែចិត្តសែនឈឺ |
ចន្ទជួយបំភ្លឺក៏នៅមិនស្រាន |
មិនស្រាកមិនស្រន់ពេកពន់ប្រមាណ |
ក្ដីស្នេហ៍ចែកដ្ឋានលែងបានជួបជិត។ |
|
០៤. |
ខំស្ម័គ្រខំស្មោះប្រែអស់ខ្លឹមសារ |
រនាំងស្នេហាឱ្យយើងឃ្លាតពិត |
ស្រឡាញ់ម្ដេចក្ដីក៏ត្រូវអស់សិទ្ធិ |
បានត្រឹមដេកគិតអាណិតខ្លួនឯង។ |
|
០៥. |
លលកខ្មោចយំឱ្យខ្ញុំស្រណោះ |
ចិន្តាដែលស្មោះអួលអាក់ចម្បែង |
អារម្មណ៍មិនស្ងប់វិលវល់ដូចផ្សែង |
កណ្ដោចកណ្ដែងកណ្ដាលរាត្រី។ |
|
០៦. |
យប់យន់ស្ងាត់ឈឹងសម្លឹងទៅផ្ដាយ |
ដួងចិត្តនឹកស្ដាយៗស្នេហ៍ភក្ដី |
បើនៅមានភ័ព្វសូមជួបជាថ្មី |
បានសុខសិរីដូចគេផងចុះ៕៚ |