(បទព្រហ្មគីតិ)
នេះបទកំណាព្យថ្មី |
ថ្លាថ្លែងស្តីរឿងទុក្ខព្រួយ |
របស់គូស្នេហ៍មួយ |
ពឹងឲ្យជួយចារចែងចង។ |
ខាងប្រុសឈឺចុកចាប់ |
ចិត្តអួអាប់ក្រៃកន្លង |
រៀបរាប់រឿងស្នេហ៍ស្នង |
ទាំងសៅហ្មងប្រាប់ស្មេរថា។ |
រូបខ្ញុំពិតជាស្មោះ |
ស្ម័គ្រចំពោះស្រស់កញ្ញា |
ដែលត្រូវជាសង្សារ |
សូន្យសង្ខារក៏មិនប្រែ។ |
ប្រឹងប្រែងធ្វើគ្រប់យ៉ាង |
ដើម្បីនាងដែលខ្ញុំស្នេហ៍ |
សន្សំប្រាក់ថ្ងៃខែ |
ជូនពុកម៉ែទុកចូលស្តី។ |
ខ្ញុំតែងលួចញញឹម |
ចិត្តសង្ឃឹមថាបានស្រី |
មករស់រួមនិស្ស័យ |
លើវិថីស្នេហ៍សុខសាន្ត។ |
តែកម្មអកុសល |
តាមមកផ្ដល់ឲ្យរំខាន |
ក្តីសុខក្រលះប្រាណ |
ប្រែជាបានសោកហ្មងសៅ។ |
ថ្ងៃមួយសាយណ្ហេ |
ព្រះសូរ្យទេរថយកំដៅ |
នាងមកសុំចែកផ្លូវ |
ពីខ្ញុំទៅមានអ្នកថ្មី។ |
បេះដូងត្រូវរងគ្រោះ |
ចិត្តដែលស្មោះអស់តម្លៃ |
នឹកនាងរាល់យប់ថ្ងៃ |
មិនគួរថ្លៃដាច់មេត្តា។ |
ខ្ញុំមានរឿងកំសត់ |
ជួបហើយព្រាត់ខកប្រាថ្នា |
សូមផ្ញើទុកជាសារ |
ដល់ប្រុសណាដែលមានស្នេហ៍។ |
ត្រូវមើលគ្រប់ច្រកល្ហក |
កុំឲ្យខកដូចខ្ញុំដែរ |
ទោះអ្នកក្រុងឬស្រែ |
សូមឲ្យតែមានចិត្តស្ម័គ្រ។ |
ក៏សូមផ្ញើសម្តី |
អរគុណស្រីស្រស់វលក្ខណ៍ |
ដែលធ្វើឲ្យប្រុសម្នាក់ |
ឈឺអួលអាក់ផ្ដាំតកូន។ |
ពេលទៅនៅជិតគេ |
សូមមាសមេសុខលុះសូន្យ |
កុំក្បត់គេណាអូន |
ក្រែងស្រពោនងើបលែងរួច៕៚ |