(បទផ្កាឈូករីកពាក្យ៧)
ស្នេហ៍ជា ឱសថដ៏ស័ក្តិសិទ្ធិ
ស្នេហ៍ជា ជីវិតគូនិស្ស័យ
ស្នេហ៍ជា គ្រាប់ពេជ្រដែលគេច្នៃ
ស្នេហ៍ជា កន្ត្រៃផ្ដាច់សង្ខារ។
ស្នេហ៍ឲ្យ មនុស្សម្នាក់ហ៊ានរស់ស្លាប់
ស្នេហ៍ឲ្យ ឈឺចាប់ពេញឱរា
ស្នេហ៍ឲ្យ សិស្សខ្លះភ្លេចសិក្សា
ស្នេហ៍ឲ្យ ឲ្យកញ្ញាខូចបង់ប្រាណ។
ស្នេហ៍ខ្លះ ក៏ស្មោះអស់ពីចិត្ត
ស្នេហ៍ខ្លះ ក៏ផិតហួសការស្មាន
ស្នេហ៍ខ្លះ អាក្រក់ជាងតិរច្ឆាន
ស្នេហ៍ខ្លះ ដូចចានបែកទាំងថ្មី។
ស្នេហ៍មួយ បានសុខទាំងចិត្តកាយ
ស្នេហ៍មួយ សប្បាយទាំងប្រុសស្រី
ស្នេហ៍មួយ ខាងប្រុសព្រានអប្រិយ
ស្នេហ៍មួយ ខាងស្រីចើកបែរខ្នង។
ស្នេហ៍ដូច រន្ធរាក់ងាយនឹងលូក
ស្នេហ៍ដូច ជាទូកដែលគេឆ្លង
ស្នេហ៍ដូច ធ្វើការមិនបានប៉ង
ស្នេហ៍ដូច ជាថ្នងដងមច្ឆា។
ស្នេហ៍នាំ ឲ្យសុខបើចេះយល់
ស្នេហ៍នាំ ឲ្យពុលបើសាវា
ស្នេហ៍នាំ ឲ្យលង់ក្នុងបញ្ហា
ស្នេហ៍នាំ ឲ្យចិន្ដាកើតសៅហ្មង។
ស្នេហ៍ដែល សាន្តត្រាណគួរត្រេកអរ
ស្នេហ៍ដែល ស្មោះសគួរត្រាប់ត្រង
ស្នេហ៍ដែល ត្រាំទុក្ខគួរកុំផ្សង
ស្នេហ៍ដែល ឆ្គាំឆ្គងគួរកុំធ្វើ៕
និពន្ធដោយៈ យាន សំណាង
ថ្ងៃ២រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៣
រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
អានហើយ តើមានឆ្ងល់ត្រង់ឃ្លាណាទេ?
LikeLike
copy
LikeLike
What do you mean? 🙂
LikeLike