មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

រឿងខ្លីៈ វិប្បដិសារី

          ក្រោយពីសត្វចាប ពពិច លលក សារិកាកែវ…ចូលទ្រនំ ឃ្មុំក៏ចូលបង្គងអស់ទៅ នៅទីជនបទមួយ ចង្រិតបានចេញមុខតាមទ្វារផ្ទះ ដែលធ្វើ​អំពីព្រះធរណីមកច្រៀងចម្រៀងផ្ដោះផ្ដងគ្នាក្រោមទ្រើងឃ្លោក មានខ្លះយំនៅនៅតាមគុម្ពល្ពៅដែលកំពុងលាស់​ត្រួយឲ្យជាសញ្ញាថាក្លិនឈ្ងុយ​នៃសម្លប្រហើរជិតមកដល់ហើយ។  ខណៈនោះដែរ សម្លេងកន្ដូបកំពុងបុកស្រូវលើដើមត្របស្រួយដោយមិនខ្វល់ពីអ្វីទាំងអស់។ អ្នកភូមិបានលង់លក់ទៅក្នុងដំណេកយ៉ាងស្កប់ស្កល់ព្រោះអ្នកខ្លះបានទៅប្រែដីដើម្បី​ឲ្យងាប់ស្មៅងាយស្រួលដាំដុះ អ្នកខ្លះបានបោចស្មៅ​ចម្ការចេញបីបន្លែបង្ការ ហើយអ្នកខ្លះទៀតបានទៅរវាំងស្រែចម្ការ។ ទោះជាប្រជាជនជាច្រើនបានសម្រាកដោយពន្លត់ភ្លើងអស់ហើយក៏ដោយ តែក៏នៅមានពន្លឺភ្លើងផ្លុងៗចេញពីផ្ទះមួយចំនួនដែរ។ ពេលនោះគេឮសម្លេងជជែកគ្នាពីផ្ទះមួយថា៖

–     ម៉ែវាអ្ហា!…ខ្ញុំចង់នែៗៗ….

–     ចង់អីឪវា?

–     ចង់នែ!

–     ចង់អី?

–     គឺចង់ភ្ជួរបង្ហើយដីយើងនៅថ្ងៃស្អែកនេះតែម្ដង។ ដូច្នេះខ្ញុំចង់ឲ្យឯងរៀបចំបាយទឹកឲ្យខ្ញុំសម្រាប់មួយថ្ងៃពេញតែម្ដងនៅថ្ងៃស្អែក។

–     អូ! គ្រាន់តែប៉ុណ្ណឹងក៏ស្ទាក់ស្ទើរដែរឪវានេះ។

–     គឺខ្ញុំឃើញឯងនឿយពេក ទើបលេងជាមួយបន្តិចហ្នឹងណ៎ា។

–     ហឹសៗៗឪវាឯងនេះ  មិនអីទេ ចាំខ្ញុំរៀបចំឲ្យច្រើនជាងសព្វមួយដង (និយាយទាំងញញឹងលាយសើចតិចៗផង)។

…មានសម្រឹបជើងឡើងជណ្ដើរផ្ទះ…

–      “មីអូន! ម៉េចកូនឯងទៅលេងដល់យប់ជ្រៅម្ល៉េះ? នេះម៉ោង១១យប់ហើយណ៎ា! ចុះណា បងប្រុសកូនឯង” ម្ដាយសួរទៅកូនស្រីដែលទើបមកពីមើលគេរាំលេងកម្សាន្តក្នុងភូមិ។

–     ម៉ែអើយ ខ្ញុំមើលៗទៅភ្លេចខ្លួន ក៏ជ្រុលម៉ោងតែម្តង។ អាបង មិនដឹងទៅទីណាទេ។

–     ម៉េចឆ្លើយជាមួយម៉ែកំបុតឆ្កុយអីចឹងកូន។ ក្រែងកូនឯងទៅជាមួយគ្នា?

–     ចុះខ្ញុំដឹង! បើពេលទៅដល់កន្លែងនោះ វាដើរបែកផ្សេង។

–     (ម្ដាយបានត្រឹមដកដង្ហើមធំ ហើយឈប់និយាយ)

…………………………

–     “កូនឯង ឥឡូវបានដៃណាស់ ឃើញពុកម៉ែមិនថាៗ ដើរលេងយប់មិនសូវលោះពេលនោះទេ” ឪពុកបន្តទៀតថា “កូនឯងដឹងទេ ដើរលេងយប់អីចឹង ញាតិជិតខាងគេនិយាយដើម គេមើលងាយមើលថោក ហើយ តើប្រុសណា នឹងមកដណ្ដឹងកូនឯង បើតែយ៉ាងៗហ្នឹងនោះ?”

–     បើគេមើលងាយមែន គេមុខជាមើលងាយស្រីទូទាំងពិភពលោកហើយពុក ព្រោះមិនមែនដើរលេងយប់តែកូនឯណា។ ម្យ៉ាងទៀត ខ្ញុំមិនត្រូវការឲ្យអាណាមកយកខ្ញុំនោះទេ។

–     កូនស្មានតែពុកម៉ែនៅជាមួយកូនពេញមួយជីវិតឬយ៉ាងណា?

–     ចាំពុកម៉ែស្លាប់ចាំគិតទៀត។

–     យី! កូននេះ! ទៅៗដេកទៅ ប្រយ័ត្នពុកទ្រាំមិនបាន ត្រូវឥឡូវហើយ។

–     (កូនស្រីក៏ដើរចូលក្នុងបន្ទប់របស់ខ្លួនបាត់ទៅ)

    …………………..

    ប្តីបានងាកមកនិយាយជាមួយប្រពន្ធ៖

–     ម៉ែវាអ្ហើយ! ជាតិមុនយើងមិនដឹងបានសាងកម្មអីនោះទេ ទើបមានកូនទាំងពីរមិនប្រកបដោយធម៌ដូច្នេះ។

–     ម៉ែនហើយឪវា! យើងក្រហើយមានកូនអញ្ជឹងទៀត។

          (ពួកគាត់ក៏ចូលសម្រាកអស់ទៅ)

          ……………………

          ពេលព្រឹក ព្រះសូរិយាបានបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅអើតតាមចុងឫស្សី ពីកោះទ្រង់ខាងកើតភូមិ។ អ្នកម្ដាយរូបនោះកំពុងបោសសម្រាមមុខផ្ទះ ហើយបានឃើញកូនប្រុសរបស់គាត់ស្លៀកពាក់យ៉ាងហំហួនហៀមនឹងដើរចេញពីផ្ទះ គាត់ក៏សួរថាៈ

–     ហើយគិតទៅណាទៀតហើយហ្នឹង?

–     ទៅជប់លៀងផ្ទះមិត្តភក្តិហ្នឹងណាម៉ែ។

–     “ស្អី! ដើរលេងយប់មិនទាន់អស់ចិត្តទៀត” ម្តាយតប។

–     ម៉ែអើយគេហៅកុំឲ្យខាន គេបានកុំឲ្យទៅ។

–     យី! ចេះនិយាយដូច្នេះដាក់ម៉ែទៅកើត ហើយយប់ម៉ិញ ម៉ែឲ្យជួយមើលប្អូនម៉េចក៏កូនឯងបណ្ដោយវាមកផ្ទះជាមួយអ្នកភូមិទៅវិញ។

–     វាធំហើយតើម៉ែ វាអាចដើរខ្លួនវាបាន។

–     ឯងនេះ! នែ! កូនឯងណ៎ា ធំហើយអង្កាលទើបចេះជួយធ្វើការម៉ែឪ? ថ្មើនេះឪកូនឯងប្រហែលជាកំពុងនៅកណ្ដាលស្រែ បែកញើសរហាម បែរជាកូនទៅជប់លៀងទៅវិញ តើសមទេ?

–     មានអីមិនសមម៉ែ ព្រោះស្រែពុកអ្នកធ្វើ ហើយផ្ទះម៉ែអ្នករៀបចំ (កូនបានដើរចេញបាត់ទៅ)។

(ម្តាយបានត្រឹមតែដកដង្ហើមធំ ដោយហួសចិត្តនឹងសម្ដីនិងចរិតរបស់កូនប្រុស)

          ថ្ងៃនេះជាថ្ងៃសីល ប្តីប្រពន្ធទាំងពីរនាក់បានរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តរបស់ខ្លួន។ បន្ទាប់ពីប្រគេនព្រះអង្គហើយ ពួកគាត់បាននៅជាមួយបរិស័ទដទៃទៀតដើម្បីស្តាប់ព្រះធម៌ទេសនា។ ព្រះសង្ឃបានសម្ដែងធម៌ថា៖

“ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយ ព្រះពុទ្ធទ្រង់តា្រស់ថា សត្វលោកប្រព្រឹតទៅតាមកម្ម ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ដូចជាបុគ្គលដែលសាបព្រោះពូជបែបណា រមែងបានផ្លែផ្កាបែបនោះ ហើយអំពើទាំងនោះទៀតសោត អាចឲ្យផលក្នុងលោកនេះក៏មាន ឬលោកខាងមុខក៏មាន។ បើមិនទាន់ឲ្យផលក្នុងថ្ងៃខែឆ្នាំនេះ មុខជានឹងឲ្យផលក្នុងថ្ងៃខែឆ្នាំណាមួយមិនខានឡើយ ឲ្យសូន្យគឺមិនសូន្យនោះទេ។”

……………….

ពេលពួកគាត់ដើរបណ្ដើរគ្នាត្រឡប់មកផ្ទះវិញ គាត់ក៏បាននិយាយគ្នា៖

–     ម៉ែវាអ្ហ៎ា! ពេលបានស្ដាបធម៌មុននេះទៅ ខ្ញុំនឹកឃើញរឿងមួយ។

–     រឿងអីឪវា?

–     ឯងគិតមើលទៅ កាលយើងនៅពីក្មេងគឺមិនណយប៉ុន្មាននោះទេ។ ខ្ញុំបានឯងជាប្រពន្ធដោយសារយើងបានជួបគ្នានៅកន្លែងគេរាំក្នុងភូមិ។ ខ្ញុំបានធ្លាប់តមាត់កជាមួយម៉ែឪខ្ញុំ ហើយពេលខ្លះក៏ធ្វើឲ្យគាត់ខឹងដល់ថ្នាក់និយាយមិនចេញទៀតផង។ ជាងនេះទៅទៀត ក្រោយពីយើងបានគ្នាហើយ យើងក៏ធ្លាប់មានរឿងថ្នាំងថ្នាក់ជាមួយម៉ែឪយើងទៀត។

–     (ប្រពន្ធបានរៀបរាប់ទាំងទឹកមុខក្រៀមក្រំ) ឪវាឯងនិយាយអញ្ចឹងទៅ ធ្វើឲ្យខ្ញុំនឹកពួកគាត់ណាស់ ហើយស្ដាយក្រោយចំពោះទង្វើរបស់យើងទៅលើពួកគាត់ ដែលពេលខ្លះបានស្តីមិនសមគួរដល់គាត់  ហើយពេលដែលយើងក្លាយជាឪពុកម្ដាយគេទើបយើងយល់អារម្មណ៍របស់គាត់។

–     មែនហើយឯង ហើយប្រហែលជាមូលហេតុនេះ ទើបយើងមានកូនដែលតែងតែធ្វើឲ្យយើងឃ្នើសចិត្តបែបនេះនោះ។

–     “តែទោះជាយ៉ាងណាក៏ដោយ ពួកគេជាកូនយើង ដូច្នេះយើងត្រូវតែព្យាយាមធ្វើឲ្យពួកគេក្លាយជាមនុស្សម្នានឹងគេទៅ” ប្រពន្ធត។

–     ប្តីតបថា “រឿងហ្នឹងវាអញ្ចឹងហើយ ហើយចំពោះរឿងម្តាយឪពុកយើងវិញ បើយើងចង់ជូនបាយទឹកនំចំណីដល់គាត់ក៏ហួសពេលទៅហើយ យើងបានត្រឹមតែធ្វើបុណ្យឧទ្ទិសទៅឲ្យគាត់តែប៉ុណ្ណោះ ហើយតទៅត្រូវធ្វើបុណ្យឲ្យបានញឹកញយ ដើម្បីឲ្យបានភ្លឺស្វាងនឹងគេ។ ខ្ញុំសង្ឃឹមថា អ្នកដែលមានម្ដាយឪពុករស់នៅៗឡើយ គេនឹងទំនុកបម្រុងពួកគាត់ឲ្យអស់ពីសមត្ថភាព និងត្រូវព្យាមចៀសឲ្យផុតពីការប្រើប្រាស់ពាក្យពេចន៍មិនសមគួរជាមួយពួកគាត់ ដើម្បីកុំឲ្យមានវិប្បដិសារីដូចយើង សមដូចសុភាសិបុរាណខ្មែរថា “ឫស្សីឥតថ្នាំង រគាំងវៃមិនឮ រនោចខែភ្លឺ ខ្នើតងងឹតសូន្យ”។

–     អីយ៉ា! ប្តីខ្ញុំចេះសុភាសិតផងហ្ន៎! (និយាយបែបពញ្ញាក់អារម្មណ៍ ដើម្បីឲ្យប្តីបានធូរស្បើយ)

–     ទាល់តែចេះអីចឹង ទើបសមគ្នាជាមួយម៉ែវាឯង (ប្តីញញឹមហើយនិយាយលើកទឹកចិត្តប្រពន្ធ)។

–     ចេះតែបញ្ជោរខ្ញុំហើឪវាឯងនេះ។

    ចុងក្រោយនេះ ពួកគាត់បានបណ្ដើរគ្នាទាំងមុខញញឹមរីករាយត្រឡប់ទៅផ្ទះវិញ។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: