មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

តែងសេចក្ដីប្រធានពិភាក្សា

តែងសេចក្តីពិភាក្សា គឺជាការតែងសេចក្តីមួយប្រភេទដែលតម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សម ឬពុំសម មានប្រយោជន៍ ឬឥតប្រយោជន៍ជាដើម ដើម្បីយកមតិនោះមកថ្លឹងថ្លែងមើល តើមតិណាសមរមជាង?  ហើយតែងសេចក្តីបែបពិភាក្សា តម្រូវឱ្យអ្នកតែងសេចក្តី ម្ដងនិយាយស្របតាមប្រធាន ម្តងនិយាយជំទាស់ ឬផ្ទុយនឹងប្រធាន។

          ដូចនេះ តែងសេចក្ដីពិភាក្សាជាប្រភេទតែងសេចក្ដីមួយបែប ដែលតម្រូវឱ្យយើងថ្លឹងថ្លែងពិចារណាលើមតិប្រធាន ក្នុងនោះមានៈ

–          មតិស្របៈ គឺជាមតិដែលយើងព​ន្យល់ស្របតាមមតិប្រធាន។

–          មតិផ្ទុយៈ គឺជាមតិដែលពន្យល់ ជំទាស់ ឬប្រឆាំងនឹងមតិស្រប។

–          ការពិភាក្សាៈ គឺជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកចំណុចរួម និងចំណុចសមហេតុផលនៃមតិនីមួយៗ។

–          ការសំយោគៈ គឺជាការផ្សំមតិរួមគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។

គន្លឹះដើម្បីស្គាល់ប្រធាន

          ក.ការបញ្ចេញមតិ

–          គេពោលថា“……………………………………….”

–          មតិមួយលើកឡើងថា​​“…………………………”

–          មានទស្សនៈជាច្រើនយល់ថា“……………….”

–          មានទស្សនៈខ្លះយល់ថា “……………………”  ឯអ្នកខ្លះទៀតថា​ “…………………….”ទៅវិញ។ល។

             ខ.ពាក្យចោទសួរ

–          តើអ្នកយល់ដូចម្ដេច?

–          តើអ្នកយល់យ៉ាងណា?

–          តើមតិត្រឹមត្រូវដែរ ឬទេ?

–          តើអ្នកមានយោបល់យ៉ាងដូចម្ដេចដែរ?

–          តើទស្សនៈខាងលើ មួយណាត្រឹមត្រូវ និងមួយណាមិនត្រឹមត្រូវ?

–          ………………………………………………………………………

          គ.ពាក្យបង្គាប់

–          ចូរពិភាក្សា

–          ចូរពិចារណា

–          ចូរវិនិច្ឆ័យ

–          ចូរវែកញែករកខុសរកត្រូវ ។ល។

៣.វិធីសាស្ដ្រតែងប្រធានពិភាក្សា

គម្រោងតែង

I. ​សេចក្ដីផ្ដើម

  • បំផុសបញ្ហា ឬលំនាំបញ្ហា

  • ចំណូលបញ្ហា

  • ចំណោទបញ្ហា ចោទសួរទៅលើប្រធានតាមបែបពិភាក្សា ។

ប្រសិន​បើប្រធានមានតែមួយត្រូវចោទថាៈ

–     តើ…………………………………ត្រឹមត្រូវឬទេ ?

–     តើ…………………………………សមស្របឬទេ ?

–     តើ…………………………………ត្រូវឬខុស ?

ប្រសិន ប្រធានមានមតិពីរខ្វែងគ្នា ឬ ផ្ទុយគ្នាក្នុងរឿងតែមួយ យើងគប្បីដឹងថា មតិទីមួយជាមតិស្រប ឯមតិទីពីរជាមតិផ្ទុយ យើងត្រូវចោទថាៈ

–          តើមតិទាំងពីរខាងលើនេះត្រឹមត្រូវ​​​​​​​​​​​​​ឬទេ ?

II.តួសេចក្ដី

ក.ឃ្លាភ្ជាប់សេចក្ដី

–          ពន្យល់ពាក្យគន្លឹះ

–          ពន្យល់ន័យប្រធាន

ខ.បកស្រាយខ្លឹមសារប្រធាន

១. មតិស្របៈ ពន្យល់បកស្រាយ បង្ហាញគំនិតគាំទ្រដល់មតិរបស់ប្រធាន និងលើយកឧទាហរណ៍មកបញ្ជាក់ ។

– សរុបមតិស្រប

សំណួរភ្ជាប់ពីមតិស្របទៅមតិផ្ទុយៈ តើ………..ពិតមែន ឬយ៉ាងណា? ជាដើម

២.មតិផ្ទុយៈលើកយកទស្សនៈពន្យល់ឲ្យផ្ទុយពីមតិស្រប ឬគាំទ្រមតិទី២​ ប្រសិនបើប្រធានមានមតិពីរ និងលើកឧទាហរណ៍មកបញ្ជាក់ ។

-សរុបមតិផ្ទុយ

៣.មតិពិភាក្សា (សន្និដ្ឋាន) ​ជាការថ្លឹងថ្លែង វិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីស្វែករកមតិដែលត្រឹមត្រូវ ។

៤.សំយោគមតិៈ ជាការផ្សំមតិគ្នា ឬ បំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ ។

អ្នកតែងត្រូវពិនិត្យ ឬពិចារណាដោយខ្លួន​​​​​​​​​ឯងថា តើប្រធាននោះជា មតិពិភាក្សា ឬជាសំយោគមតិ រួចធ្វើការវាយតម្លៃថា៖

  • បើជាមតិពិភាក្សាៈ

–          មតិមួយត្រូវ មតិមួយខុស ។

  • បើជាសំយោគមតិៈ

–          ប្រធានមានមតិមួយ គឺត្រូវខ្លះ ខុសខ្លះ (មិនទានត្រឹមត្រូវ)

–          ប្រធានមានមតិពីរ គឺត្រូវខ្លះ ខុសខ្លះ (មតិទី១ + មតិទី២ឬ មតិទី១ + មតិទី២ + មតិបន្ថែម ) ។

III.សេចក្ដីបញ្ចប់

–          វាយតម្លៃប្រធានៈ​ មតិរបស់ប្រធានត្រឹមត្រូវឬទេ?

–          ចំណាប់អារម្មណ៍ៈ មតិចូលរួមដើម្បីធ្វើការ អភិវឌ្ឍ។

  • ចំណាំ

តែងសេចក្ដីពិភាក្សា ចែកចេញជាពីរប្រភេទគឺ៖

–          ប្រធានពិភាក្សាសុទ្ធៈ ប្រធានមានមតិតែមួយ ។

–          ប្រធានពិភាក្សាប្រៀបធៀបៈ ប្រធានមានមតិពីរ ។

ចំពោះប្រភេទទាំងពីរនេះចែកចេញជាពីរប្រភេទទៀតគឺៈ

១. ប្រធានពិភាក្សាពេញលេញ

–          ប្រធានមានមតិមួយខុសស្រលះ

–          ប្រធានមានមតិមួយ ត្រូវខ្លះ ខុសខ្លះ

–          ប្រធានមានមតិពីរ ត្រូវមួយ ខុសមួយ

២.​ ប្រធានពិភាក្សាមិនពេញលេញ

-ប្រធានមានមតិពីរជានិច្ច ហើយមតិនីមួយៗសុទ្ធតែមានហេតុផលត្រឹមត្រូវរៀងៗខ្លួន ។

១.ប្រធានពិភាក្សាពេញលេញ

  • ចំណោទបញ្ហា

-តើ…ទាំងពីរខាងលើនេះ ត្រឹមត្រូវគ្រប់ជ្រុងជ្រោយដែរ ឬទេ ?

  • មតិសំយោគ

-លើកយកមតិទី១ មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម្យ៉ាងព្រោះ…………………………………………….។

-លើកយកមតិទី២ មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម្យ៉ាងដែរព្រោះ………………………………………..។

-ទោះបីជាមតិទាំងពីរមានលក្ខណៈត្រឹមត្រូវរៀងៗខ្លួនក៏ដោយ តែពុំទាន់ត្រឹមត្រូវពេញឡើយលុះត្រាៈ

  • មតិទី១ + មតិទី២

  • មតិទី១ + មតិទី២ + មតិបន្ថែម

២.ប្រធានពិភាក្សាមិនពេញលេញ

  • ចំណោទបញ្ហា

-តើ…ខាងលើនេះត្រឹមត្រូវដែរឬទេ ? (ចំពោះប្រធានមានមតិតែមួយ)

-តើ…ទាំងពីរខាងលើនេះ មួយណាត្រូវ មួយណាខុស ? (ចំពោះប្រធានមានមតិពីរ)

  • មតិពិភាក្សា

-​ មតិប្រធានមានមួយខុសស្រលះ

– មតិទាំងពីរ មួយត្រូវ មួយខុស

  • មតិសំយោគ

-មតិប្រធាន​មានមួយ ត្រូវខ្លះ ខុសខ្លះ

-មតិប្រធានមានពីរ ត្រូវខ្លះ ខុសខ្លះ

កំណត់សម្គាល់

–          មតិស្របក្ដី មតិផ្ទុយក្ដី ត្រូវមានអំណះអំណាងគាំទ្រ ។

–          ប្រធានតែងសេចក្ដីពិភាក្សា​ ចាំបាច់ត្រូវមានផ្នែកមួយ  ដែលលើកយកមតិស្រប ឬមតិផ្ទុយមកវិនិច្ឆ័យ ឬថ្លឹងថ្លែងជាដាច់ខាត ។

–          ប្រធានតែងសេចក្ដីពិភាក្សា ជួនកាលមានសំយោគប្រសិនបើមតិស្រប និងមតិផ្ទុយបំពេញឲ្យគ្នាទៅវិញទៅមក (សំយោគជាការផ្សំគ្នា) ។

–          ចំពោះការពិភាក្សា ដែលត្រូវបដិសេធនូវមតិណាមួយ (មតិស្រប ឬមតិផ្ទុយ) នោះគ្មានការសំយោគទេ ។

–          ដើម្បីធ្វើឲ្យ សំណេរតែងពិភាក្សារបស់អ្នកមានអត្ថន័យគ្រប់គ្រាន់អ្នកគប្បី៖

  • ស្វែងយល់ពីប្រធានបទឲ្យបានច្បាស់លាស់

  • ធ្វើប្លង់ ឬគម្រោងតែងសេចក្ដីពិភាក្សាឲ្យបានត្រឹមត្រូវ

  • បកស្រាយ គំនិត​ប្រធានបទឲ្យបានច្បាស់លាស់ មានហេតុផល ឬអំណះអំណាង ព្រមទាំងរៀបប្លង់គំនិតក្នុងមតិនីមួយៗទៅតាមលំដាប់លំដោយ

  • សរសេរឃ្លាឲ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ ។

៤.គំរូតែងសេចក្ដី

          ប្រធានៈ មានមតិមួយពោលថា “ តថភាពនៃទុក្ខ វេទនារបស់ក្រុមកំណែន ក្នុងរឿងគូលីកំណែនគ្រាន់តែជាតថភាពមួយនៅក្នុងរឿងតែប៉ុណ្ណោះ ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សានោះទេ” តើជាការពិតឬទេ​ ?

          ចូរពិភាក្សា ដោយរកឧទាហរណ៍ក្នុងរឿងគូលីកំណែនមកបញ្ជាក់ ។

សេចក្ដីអធិប្បាយ

          តួនាទីសំខាន់នៃអក្សរសិល្ប៍ គឺលើកយកតថភាពមកឆ្លុះបញ្ចាំង ឲ្យស្របទៅតាមសម័យកាលនីមួយៗទៅតាមសិល្ប៍វិធី របស់អ្នកនីពន្ធ ។ ជាអាទិ៍នៅក្នុងរឿងគូលីកំណែន អ្នកនិពន្ធក៏បានធ្វើការឆ្លុះបញ្ចាំងពីតថភាពនៃសង្គមខ្មែរ នាសម័យអាណានិគមដែរ ។ ជាមួយនឹងការឆ្លុះបញ្ចាំងនេះនឲ្យមានមតិមួយពោលថា “ តថភាពនៃទុក្ខវេទនារបស់ក្រុមកំណែនក្នុងរឿងគូលីកំណែន គ្រាន់តែជាតថភាពមួយនៅក្នុងរឿងតែប៉ុណ្ណោះ ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សាឡើយ ” ។

          តើមតិខាងលើនេះត្រឹមត្រូវឬទេ ?

          ដើម្បីជាជំនួយ ក្នុងការបកស្រាយគំនិតប្រធានឲ្យមានអត្ថន័យស៊ីជម្រៅទៅបាន យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុន ។ “ តថភាព ” គឺសំដៅទៅលើ ការពិតក្នុងសម័យកាលណាមួយដែលអ្នកនិពន្ធបានលើយកមក ធ្វើការឆ្លុះបញ្ចាំងនៅក្នុងស្នាដៃរបស់ខ្លួន ។ រីឯ “ ទុក្ខវេទនា ” ជាការលំបាកគ្រប់យ៉ាងទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត ។

“ ក្រុមកំណែន ” ជាក្រុមដែលរាជការនាសម័យអាណានិគមនិយមជប៉ុន បានកេណ្ឌយកទៅធ្វើគូលីនៅការដ្ឋានពោធិចិនតុង ។ ផ្អែកតាមគំនិតប្រធានខាងលើនេះមានន័យថា ការពិតនៃសេចក្ដីលំបាកគ្រប់យ៉ាងរបស់ក្រុមគូលី ដែលរាជការអាណានិគមនិយមជប៉ុនបានកេណ្ឌ ហើយមាននៅក្នុងរឿងគូលីកំណែននោះ គ្រាន់តែជាតថភាពមួយនៅក្នុងរឿងតែប៉ុណ្ណោះ ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សាឡើយ ។

          ជាការពិតណាស់ បើនិយាយពីរឿងទាំងឡាយដែលឆ្លងកាត់តាមរយៈសិល្ប៍រូបារម្មណ៍ របស់អ្នកនិពន្ធរួចហើយ ស្នាដៃនោះលែងជាការពិតហើយ ។ ដូចនេះហើយ ទើបក្នុងការលើកយកប្រធានបទនៃទុក្ខលំបាករបស់ក្រុមគូលីកំណែន មកឆ្លុះបញ្ចាំងលែងមានការពិតព្រោះអ្វីៗ គឺអ្នកនិពន្ធបានប្រឌិតទៅតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លួន ។ ជួនកាលធាតុពិត ពុំមានលក្ខណៈដូចក្នុងសាច់រឿងទេ តែដោយអ្នកនិពន្ធ ចង់ពន្លេចន័យអ្វីមួយដល់អ្នកអានអ្នកទស្សនា ក៏ខិតខំបំផ្លើសឲ្យហួសពីការពិតទៅវិញ ។ តាមការបង្ហាញទាំងនោះ វាពុំបានផ្ដល់ការអប់រំចំពោះអ្នកសិក្សា អ្នកអានឲ្យការតស៊ូ ឬការព្យាយាមរិះរកមធ្យោបាយណាមួយ ដើម្បីរកវិធីដោះស្រាយនោះឡើយ ។ តួយ៉ាងក្នុងរឿងគូលីកំណែន អ្នកនិពន្ធបានផ្ដិតយកតថភាពនៃក្រុម គូលីដែលត្រូវរាជការអាណានិគមនិយមជប៉ុនកេណ្ឌយកទៅធ្វើគូលីនៅការដ្ឋានវាលយន្ដហោះពោធិចិនតុង បានបង្ហាញពីទុក្ខលំបាកដ៏ធ្ងន់ធ្ងរបំផុត ។ ជាក់ស្ដែងក្នុងដំណើររឿងបានឲ្យដឹងថា ក្រុមកំណែនដែលត្រូវគេកេណ្ឌនោះ ពួកគេមានស្បៀងអាហារមិនសមស្រប ទៅតាមកម្លាំងពលកម្ម គឺត្រឹមតែ “ ដុតប្រហុក ត្រីងៀត អំបិល បុកក្រសាំង អំពិល ” ។ មិនតែប៉ុណ្ណោះ ជុំវិញនៃការគ្រប់គ្រងប្រមូលកំណែននេះ គេឃើញថា រាជការបង្គាប់ ឲ្យកេណ្ឌតែមួយរយនាក់ក្នុងមួយលើកៗ ប៉ុន្ដែមេឃុំផាន់ជាមេឃុំ គោកចំបក់បែរជាកេណ្ឌលើសដល់ទៅម្ភៃនាក់ ដែលតម្រូវឲ្យទៅលើគ្រួសារណាដែលមានធុរៈធ្ងន់ ។ ប្រសិនបើនរណរឹងទទឹងនឹងបង្គាប់នេះ មេឃុំមានអំណាចណាស់ ចាប់ដាក់ខ្នោះ បញ្ជូនទៅសាលាស្រុកទៅសាលាខេត្តជាដើម ។ វិធីនេះបានធ្វើឲ្យមេឃុំផាន់បានទទួលសំណូកយ៉ាងច្រើន តាមរយៈការរកជួលគូលីជំនួសដោយបង់ ជាប្រាក់ឈ្នួលម្នាក់ៗហាសិបរៀលទៅវិញ ។ ជាមួយគ្នានេះដែរ តាមការនិទានពីតថភាពដែលអ្នកនិពន្ធក្នុងរឿងខាងលើ បានបង្ហាញឲ្យពីភាពទុគ៌ត នៃក្រុមគូលីខ្លះអង្គុយជាសង្កាត់ៗតាមឃុំ ក្បាលមីរនៅផ្ទាល់ដី ។ អ្នកកំណែន ទាំងនេះមានលក្ខណៈតោកយ៉ាក ស្លៀកពាក់ខោស្នាប់ភ្លៅលើជង្គង់បំណះយុល មុខក្រៀម អង្គុយឲ្យគេរាប់ក្បាលដូចជាមានទោសប្លន់ ឬទោសលួច ។ ក្នុងតថភាពនេះពុំបានអប់រំដល់អ្នកសិក្សា អ្នកអាន ឲ្យកែប្រែបុគ្គលិកលក្ខណៈខ្លួនឲ្យឈានទៅរកភាពរុងរឿងបានឡើយ ។ នេះបានសេចក្ដីថាអី្វៗដែល មាននៅក្នុងស្នាដែនេះគ្រាន់តែជា ការឆ្លុះបញ្ចាំងឲ្យគេមើលឃើញពីព្រឹត្តិការណ៍មួយចំនួន ព្រោះពុំមានសញ្ញាណនៃការ ដាស់តឿនឲ្យមានស្មារតីតស៊ូនោះឡើយ ។ ដោយតួអង្គទាំងអស់ គ្រាន់តែធ្វើតាមអ្វីដែលជាតម្រូវការរបស់រាជការ ក្នុងសង្គមនាសម័យនោះដើម្បីចម្រើនប្រយោជន៍របស់អាណានិគមនិយមជប៉ុនដែលបម្រើឲ្យយុទ្ធសាស្រ្ដសង្គ្រាមប៉ុណ្ណោះ ។

          សរុបសេចក្ដីមក តថភាពដែលមាននៅក្នុងរឿ​ងគូលីកំណែ​ន ដែលនិយាយទាក់ទងទៅនឹងទុក្ខវេទនារបស់ក្រុមគូលីនោះ គឺគ្រាន់តែជាតថភាពមួយនៅក្នុងរឿងពិតប្រាកដមែន ព្រោះមិនអាចផ្ដល់តម្លៃអប់រំដល់អ្នកសិក្សាបានឡើយ ។

          តើតថភាពនៃទុក្ខវេទនា របស់ក្រុមកំណែនក្នុងរឿងគូលីកំណែន គ្រាន់តែជាតថភាពមួយនៅក្នុងរឿង ហើយពុំបានផ្ដល់តម្លៃអប់រំមែនឬយ៉ាងណា ?

          ផ្ទុយទៅវិញ បើគេធ្វើពិនិត្យ និងសង្កេតស្នាដៃអក្សរសិល្ប៍ ពិតជាបានស្គាល់នូវមុខងារសំខាន់ៗរបស់អក្សរសិល្ប៍ នោះនឹងឃើញថាអក្សរសិល្ប៍មាននាទីសំខាន់ក្នុងការឆ្លុះបញ្ចាំងពីតថភាព និងផ្ដល់ការអប់រំ ។​ ដូចនេះ ការលើកយកតថភាពនៅក្នុងរឿងគូលីកំណែនបានឲ្យឃើញថា ទំនាស់នៅក្នុងរឿងនោះ គឺការគិតតែប្រយោជន៍របស់ពួកក្រុមអ្នកកាន់អំណាចប៉ុណ្ណោះ រីឯប្រយោជន៍ប្រជារាស្រ្ដវិញ ពួកគេពុំបានគិតឡើយដូចជា ការប្រមូលប្រជារាស្រ្ដខ្មែរ ឲ្យទៅធ្វើជាគូលីកំណែន គឺក្នុងបំណងយកទៅ សាងសង់វាលយន្ដហោះពោធិចិនតុងដែលបម្រើឲ្យយុទ្ធសាស្រ្ដ សង្រ្ដាមលោកទីមួយរវាងបារាំង និងជប៉ុន ។ ជាមួយគ្នានោះ គេឃើញមានការកេញប្រវ័ញ្ច តាមរយៈកំណែនដូចករណីមេឃុំផាន់ដែលបានកេណ្ឌមិនរើសមុខ ។ ទោះបីជា មនុស្សចាស់ជរាដូចជា តាមុយ ក្មេងមិនទាន់ពេញវ័យមានដូចជា នាយអ៊ូច ឬក៏អ្នកមានជម្ងឺ គឺអន្ទិត អ៊ិន ក៏ត្រូវជាប់កំណែន រហូតមានអ្នកជម្ងឺត្រូវស្លាប់នៅការដ្ឋាននោះទៀតផង ។ ទាំងនេះបញ្ជាក់ថា គាត់កេណ្ឌចំពោះគ្រួសារណាដែលមានធុរៈចាំបាច់ ដែលត្រូវទទួលបន្ទុកគ្រួសារដោយតម្រូវឲ្យបង់លុយជំនួសទៅវិញ បើពួកគេមិនអាចទៅធ្វើកំណែន ។ គំនិតនេះ មិនត្រឹមតែធ្វើឲ្យរាស្រ្ដខ្មែរសម័យនោះ រងទុក្ខលំបាកដោយសារតែសង្រ្គាមប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យរាស្រ្ដខ្មែរធ្លាក់ទៅក្នុងទុគ៌តភាពថែមទៀតផង ។ ដោយសារតែវិបត្តិនេះហើយ ទើបលឹមត្រូវព្រាត់បា្រសម្ដាយឪពុកគូដណ្ដឹងដោយការបៀតបៀន ពីសំណាក់មេឃុំផាន់ និងសង្រ្គាមចក្រពត្តិនោះថែមទៀត ។ ទន្ទឹមនឹងនេះ ស្នាដៃខាងលើក៏បង្ហាញឲ្យឃើញអំពីការបាត់បង់សិទ្ធិសេរីនៃក្រុមគូលីកំណែន ដែលមិនអាចបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួនបានឡើយ ។ ឧទាហរណ៍ “ តាមុយបាននិយាយប្រាប់ដល់ក្រុមគូលីកំណែនជាមុនតាមិនសូវដឹងទេរឿងនេះ ។ ឯងកុំនិយាយខ្លាំងពេកតិច មេឃុំផាន់ឮ… ។ និយាយអ្វីៗត្រូវងាកមើលឆ្វេងស្ដាំ…ប្រយ័ត្ន ” ។ ម្យ៉ាងវិញទៀត ក្នុងដំណើររឿងនេះ ក៏បានអប់រំឲ្យយើងមើលឃើញពីកាយវិការរបស់មន្ដ្រី ក្រោមអាណានិគមដែលពុំចេះគោរពចាស់ទុំសំអាងអំណាចបុណ្យសក្ដិរបស់ខ្លួនដូចជា លោកបាល័ដ្ឋដែលជាអ្នកកាន់ ភារៈទទួលកំណែនបានប្រើពាក្យអសុរ ចំពោះមេឃុំនានាដូចជា “ អាគោកចំបក់នៅឯណា ? បានគូលីគ្រប់ចំនួនទេ ? ” ។ ឬ “ គ្រាន់បើល្អ ឃើញទេអាកញ្ចាស់ស្វាយ ហេតុអ្វីតាប៉ិឯងមិនខំកេណ្ឌឲ្យបានដូចអាគោកចំបក់ ។ ប្រយ័ត្នហូតងារចោល…” ។ ទាំងនេះគឺជាតថភាពដែល សង្គមជាតិស្ថិតនៅក្រោមការត្រួតត្រារបស់ជប៉ុន ។ ឯការសាងសង់ប្រលានយន្ដហោះពោធិចិនតុង គឺជាយុទ្ធសាស្រ្ដរបស់អាណានិគមនិយមជប៉ុន ។ ទន្ទឹមនេះ យើងមើលឃើញពីទង្វើអមនុស្សធម៌របស់អ្នកអាងបុណ្យសក្ដិ និងអំណាចនាសម័យនោះ ។

          សរុបសេចក្ដីមក រឿងគូលីកំណែនបាននិយាយអំពីទុក្ខវេទនារបស់ប្រជាជនជាក្រុមគូលី ដែលតាមពិតរឿងរ៉ាវទាំងនោះ បានកើតឡើងនៅក្នុងសង្គមជាតិយើងនាសម័យអាណានិគមជប៉ុន ។ នេះជាតថភាពមួយនៅក្នុងរឿង ហើយតាមរយៈតថភាពនេះ អ្នកសិក្សាធ្វើការវាយតម្លៃ និងស្រង់បទពិសោធក៏ដូចជាតម្លៃអប់រំយ៉ាងប្រសើរបំផុត ។

          ជារួមអ្នកដែលយល់ឃើញថា តថភាពនៃទុក្ខវេទនារបស់ក្រុមកំណែនក្នុងរឿងគូលីកំណែន គា្រន់តែជាតថភាពមួយនៅក្នុងរឿង ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សានោះមិនសមស្របទេដោយហេតុថានៅក្នុងស្នាដៃនីមួយៗ អ្នកនិពន្ធតែងផ្ដិតយកតថភាពនាសម័យកាលណាមួយមកឆ្លុះបញ្ចាំងដើម្បីផ្ដល់ពុទិ្ធនិងការអប់រំ តាមរយៈសិល្ប៍វិធីផ្សេងៗដែលពេលខ្លះអ្នកអានមួយចំនួន ពុំបានយល់ពីបំណងអ្នកនិពន្ធ ដែលនាំឲ្យមានការវិភាគមិនស៊ីជម្រៅទៅលើស្នាដៃ ព្រមទាំងធ្វើឲ្យបាត់តម្លៃស្នាដៃនោះទៀតផង។

          ការបក់ស្រាយខាងលើនេះ បានបង្ហាញឲ្យឃើញថាមតិប្រធានមិនត្រឹមត្រូវទេ ព្រោះជាការមើលរំលងពីមុខងារនៃអក្សរសិល្ប៍ សិល្បៈដែលតែងតែផ្សារភ្ជាប់ទៅនឹងតថភាព ដើម្បីអប់រំមនុស្ស ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គំនិតប្រធានខាងលើបានញ៉ាំងអ្នកសិក្សា ឲ្យវិភាគដោយរកហេតុផល និងក៏បានស្វែងយល់ពីសិល្ប៍វិធីរបស់អ្នកនិពន្ធព្រមទាំងជំរុញឲ្យអ្នកសិក្សាកាន់តែមានទុនថែមទៀតក្នុងការវិភាគស្នាដៃអក្សរសិល្ប៍ ។

ប្រភពពី៖  គង់ សុខហេងៈ សំណួរ-ចម្លើយ អក្សរសាស្រ្តខ្មែរ ១២ និង ឆាយ សុខៃៈ ស្វែងយល់ពី ក្បួនតែងសេចក្ដីខ្មែរ

បញ្ជាក់៖ បើមានខុសកន្លែងណា ឬប្រិយមិត្តទាំងអស់ចង់បន្ថែម ឬបន្ថយកន្លែងណា សូមទាក់ទងមកលេខៈ ០៩៧៩៩៣៤៣៩៦/០៩៦៩៩៣៤៣៩៦

សូមអរព្រះគុណ និងសូមអរគុណ!

7 Responses »

  1. បងអាចតែងសេចក្ដីអំពីសាលាបឋមបានអត់ អំពីបុណ្យវិសាខបូជា

    Like

  2. ដើម្បីជួយខ្លួនឯងគ្រួសារសង្គមតើអ្នកគួរធ្វើអ្វី?

    Like

  3. ចង់អោយ​បង​តែ​ង​ពីរឿង​ព្រះ​វេស្សន្តរ​…

    Like

  4. ប្រធាន មានមតិខ្លះយល់ថា”មានប្រាក់មានអ្វីៗទាំងអស់”ចូរអ្នកពិភារក្សា

    Like

  5. ញុមអត់យល់ប្រធានមួយនេះណាស់លោកគ្រូ

    Like

  6. ទាល់តែមានប្រធានបទទើបបាន។

    Like

  7. ខ្ញុំចង់សូមឲ្យលោកគ្រូជួយតែពីស្រុកមួយដែលមានសប្បត្តិធម្មជាតិនឹងផ្លែឈើហូបផ្លែច្រើន និយាយយ៉ាងណាឲ្យស្រុកនឹងល្អ

    Like

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: