មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

តែងសេចក្ដីប្រធានពន្យល់

អំពីការតែងសេចក្តីប្រធានពន្យល់

  • តើអ្វីជាប្រធានពន្យល់?

  • ប្រធានពន្យល់ជាប្រធានមួយ ដែលត្រូវឲពន្យល់បកស្រាយវែកញែក លើមតិរបស់ប្រធានបទ ធ្វើឲគេ យល់ដឹងពីខ្លឹមសារប្រធាន។

ក- លក្ខណៈសម្គាល់

  • ពាក្យចោទសួរ (តើ………………………. ?)

–          តើ…………………………………. ដូចម្តេច? (ដូចម្ដេចខ្លះ?)

–          តើ…………………………………. យ៉ាងណា? (យ៉ាងណាខ្លះ)

–          តើ…………………………………. បែបណា? (បែបណាខ្លះ?)

–          តើ…………………………………. អ្វីខ្លះ?

–          តើ…………………………………. ប៉ុន្មានយ៉ាង?

–          ដូចម្តេចដែលហៅថា…………. ?

–          តើ…………………………………. មានអត្ថន័យ និងខ្លឹមសារដូចម្ដេចខ្លះ?

បញ្ជាក់ៈ ក្នុងប្រធានបែបពន្យល់ គេមិនសួរដោយប្រើពាក្យថា “អ្នកយល់” “ប្អូនយល់” ទេ។

  • ពាក្យបង្គាប់បញ្ជា

–          ចូរពន្យល់។

–          ចូរអធិប្បាយ។

–          ចូរស្រាយបំភ្លឺ។

–          ចូរគូសបញ្ជាក់។

–          ចូរបង្ហាញ។

–          ចូរវិភាគ។

         ខ​-​គម្រោងតែង

  • សេចក្តីផ្ដើម

–          លំនាំបញ្ហា

–          ចំណូលបញ្ហា

–          ចំណោទបញ្ហា

  • តួសេចក្តី

–          ឃ្លាភ្ជាប់សេចក្តី

–          ពន្យល់ពាក្យ ឬកន្សោមពាក្យ

–          ពន្យល់ន័យរស់ប្រធាន (ន័យត្រង់ ន័យធៀប)

–          បកស្រាយមតិរបស់ប្រធានផ្សំនឹងឧទាហរ៍ក្នុងសង្គម ឬក្នុងអត្ថបទអក្សរសិល្ប៍

–          សរុបរួមនូវគំនិតសំខាន់ៗ

  • បញ្ចប់សេចក្តី

–          វាយតម្លៃប្រធាន

–          ឲ្យមតិផ្ទាល់ខ្លួន

ឧទាហរណ៍ទី១

(ប្រភពពីៈ សៀវភៅកំណែវិញ្ញាសាតែងសេចក្តីទី១២ ដោយយិន ធី)

         ស្នាដៃរបស់អ្នកនិពន្ធ សួន សុរិន្ទ ត្រង់វគ្គទី៨បានសរសេរថា “អ្នកនយោបាយបោកប្រាស់”។ ចូរស្រាយបំភ្លឺ ដោយលើកយកខ្លឹមសារក្នុងរឿងមកបញ្ជាក់។ (រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់)

សេចក្តីអធិប្បាយ

  • សេចក្តីផ្ដើម

         ក្នុងសង្គមនយោបាយ គេតែងសង្កេតឃើញកន្លងមក មានអ្នកនយោបាយខ្លះក៏មានគំនិតស្នេហាជាតិពិតប្រាកដ ហើយខ្លះទៀតក៏មានគំនិតស្នេហាជាតិស្ទាក់ស្ទើរ ហើយក៏យកពាក្យស្នេហាជាតិទៅបោកប្រាសប្រជារាស្ត្រ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ដូចនេះហើយបានជានៅក្នុងអក្សរសិល្ប៍របស់អ្នកនិពន្ធ សួន សុរិន្ទ ត្រង់វគ្គទី៨ បានចែងថា “អ្នកនយោបាយបោកប្រាស់”។

         តើមានកត្តាណាខ្លះសម្រាប់បញ្ជាក់សម្ដីនេះ?

  • តួសេចក្តី

         ជាបឋម ត្រូវយល់ន័យនៃពាក្យ នយោបាយ ជាមុនសិន។ ពាក្យនេះជានាម ជាភាសាបាលីដែលមកពី “នយ+ឧបាយ” ប្រែថា ឧបាយក្នុងការដឹកនាំ ឬមេគំនិតដែលគេផ្ដើមឡើងដើម្បី​ដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទិសដៅណាមួយ។

         អ្នកសិក្សា អ្នកអាន ស្គាល់ន័យនៃពាក្យ អ្នកនយោបាយបោកប្រាស់របស់អ្នកនិពន្ធសួន សុរិន្ទ គឺស្តែងឡើងតាមរយៈសមាគមកម្មករ សម ដែលសមបានផ្ដើរៀបចំឡើង។

         កត្តាដែលគួរឲ្យកត់សម្គាល់គឺ ចាប់ពីពេលដែលមានសមាគមសមកើតឡើង ពេលនោះមានអ្នកនយោបាយបោកប្រាស់ពីរបីនាក់ដែលមើលឃើញអនាគត បានចូលជ្រៀតជ្រែកសមាគមកម្មករនេះ ហើយជួយជាគំនិត និងប្រាក់កាសខ្លះៗដែររាប់ថាជានុយដ៏សំខាន់ សម្រាប់ទាក់ទាញទឹកចិត្តរបស់ពួកកម្មករជាសមាជិក​នៃសមាគមនេះ ដើម្បីប្រយោជន៍ដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។

         ក្នុងចំណោមអ្នកនយោបាយទាំងនោះ មានអ្នកនយោបាយម្នាក់ឈ្មោះ យ៉េង និយាយនឹង សម បែបដូចកុកចាំសីល។ គេថាបើខ្ញុំបានជាប់ជាតំណាងរាស្រ្តនោះ សូមកុំភ័យឲ្យសោះ ខ្ញុំនឹងជួយពួកកម្មករឲ្យពេញសមត្ថភាព។ ខ្ញុំនឹងតវ៉ាឲ្យរដ្ឋាភិបាលជួយលើកស្ទួយឋានៈជីវភាពកម្មករឲ្យមានផ្ទះនៅ មានភ្លើង ទឹកម៉ាស៊ីន ប្រើប្រាស់ជាដើម។ សមនិងកម្មករបានជួយយ៉ាងពេញទំហឹង ធ្វើឲ្យអ្នកនយោបាយនោះជាប់ឆ្នោតជាសមាជិករដ្ឋសភាបានដូចបំណងមែន។ តែក្រោយមក តំណាងរាស្រ្តទាំងនោះ លែងមកជាន់សមាគមដើម្បីមើលការខុសត្រូវសួរសុខទុក្ខកម្មករទៀតឡើយ។

           ចំពោះសម្ដីលោក យ៉េង វិញពេលពឹងសម ហើយសន្យាជាមួយ សម​ ថាៈ​លោកនឹងធ្វើជា  តំណាងអ្នកក្រ លោកនឹងជួយលើកស្ទួយជីវភាពអ្នកក្រ ហើយនឹងមិនភ្លេចគុណរហូតដល់ថ្ងៃស្លាប់ ។​ តែផ្ទុយទៅវិញ ពេល សម ខ្វះមធ្យោបាយបំពេញជីវភាព សម​ ក៏បានទៅពឹងពាក់លោក យ៉េង ដោយគ្រាន់តែសុំជួលស៊ីក្លូមករត់ដោយមិនមានបង់ប្រាក់កក់ជាមុន ។ គ្រាន់តែឮសូរថាគ្មានប្រាក់កក់ លោក យ៉េង ក្រ ក្លែងធ្វើជាមិនស្គាល់ សម លែងតាំងជាតំណាងអ្នកក្រទៀតហើយ ដោយលោកពោលថាៈ នៅពេលដែលគ្នាបានធ្វើតំណាងរាស្រ្ដហើយ គ្នាក៏បានតបស្នងសងគុណអ្នកទាំងនោះ ដោយការឲ្យប្រាក់កាសម្នាក់ៗពីរបីរយរៀលរួចទៅហើយ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនយោបាយ យ៉េង មានកំហឹងនឹង សម ដោយ សម រំឭកបើកកកាយពីកិច្ចការទាំងឡាយដែលខ្លូនបានខំជួយលោក យ៉េង ពីពេលកន្លងមក ចំណុចមួយទៀតលោក យ៉េង រឹតតែឃោរឃៅ គឺបានបណ្ដេញ សម ចេញ ព្រមទាំងកំហកឲ្យសមយ៉ាងខ្លាំងថាៈ “បើឯងនៅតែហ៊ាននិយាយដាក់គ្នាអញ្ចឹងទៀត គ្នានឹងហៅមនុស្សម្នាររបស់គ្នាឲ្យមកចាត់ការនឹងឯងឥឡូវហ្នឹង” ។​ ឯងដឹងទេថា ខណៈនេះឯងមានកំហុសយ៉ាងធ្ងន់ ក្នុងឋានៈ​ឯងមករុករានទន្ទ្រានប្រមាថមើល ប្រយ័ត្នគ្នាហៅប៉ូលីស ឲ្យមកធ្វើសរសៃឲ្យវ៉ើយ កុំនិយាយរបៀបហ្នឹងទៀត ។​ និយាយមិនទាន់ផុតផងលោក យ៉េង តំណាងអ្នកក្រក៏ឡើងទៅលើផ្ទះរបស់គាត់ដោយក្ដីមួម៉ៅ។

         សរុបសេចក្តីមក ទាំងពាក្យសម្ដី ទាំងសកម្មភាព ពីពេលមុនបោះឆ្នោត និងពេលដែលខ្លួនបានជាប់ឆ្នោតរបស់អ្នកនយោបាយទាំងនោះមានលោក យ៉េង ជាតំណាងបានបញ្ជាក់ឲ្យឃើញថា អ្នកទាំងនោះ សុទ្ធតែជាអ្នកនយោបាយបោកប្រាស់ ព្រោះមានចិត្តជាទេវត្ត មាត់ជាទេវតា គឺ ធ្វើល្អដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

  • បញ្ចប់សេចក្តី

         ឆ្លងតាមការធ្វើអត្ថាធិប្បាយមកនេះ អាចវាយតម្លៃយ៉ាងច្បាស់ថា កត្តាដែលបានលើកមកបញ្ជាក់រួចមកហើយ ពិតជាឆ្លុះបញ្ចាំង និងវែកមុខមាត់អាក្រក់ និងអំពើឃោរឃៅ និងចិត្តគំនិតបោកប្រាស់នៃអ្នកនយោបាយមែន។ បើដូចនេះ រាស្រ្តដែលមានកាតព្វកិច្ចត្រូវបោះឆ្នោត ត្រូវតែក្រេបជញ្ជក់នូវខ្លឹមសារស្នាដៃរបស់អ្នកនិពន្ធ សួន សុរិន្ទ នេះទុកជាត្រីវិស័យ ព្រោះជាអាយុជីវិតរបស់ខ្លួនផង របស់ស្រុកទេសផង។

————————————————————-

ឧទហរណ៍ទី២

“គ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំទូន្មាន”។ ចូរស្រាយបញ្ជាក់ មតិខាងលើនេះ ។

សេចកី្តអធិប្បាយ

អក្សរសិល្ប៍ជាកំរងអត្ថបទ ដែលកវីនិពន្ធបានតាក់តែងឡើងមានជាពាក្យរាយ និងជាពាក្យកាព្យ ព្រម ទាំងបានលើកយកពីបញ្ហាមនុស្សក្នុងសង្គមកាលនីមួយៗ មកចោទនិងបង្ហាញ រួចធើ្វការដោះស្រាយទៅតាម គំនិតរបស់ខ្លួន ។ ហេតុនេះបានជាគេចាត់ទុកគ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំ ទូន្មាន ។

តើមតិខាងលើបានអប់រំទូន្មានដូចម្តេចខ្លះ ?

ដើម្បីជាជំនួយក្នុងការធ្វើដំណោះស្រាយបញ្ហាខាងលើឲបានសីជុំរៅត្រូវយល់ន័យ “ អក្សរសិល្្ប៍ “ និង “ ការអប់រំទូន្មាន” ជាមុនសិន។ អក្សរសិល្ប៍ជាវិជ្ជាស្យង់ ដែលចោទនឹងដោះស្រាយបញ្ហាមនុស្សដោយសិល្ប៍វិធី ទៅតាមសង្គមនីមួយៗ ( របស់កេងវ៉ាន់សាក់ ) ។ រឺអែ ការអប់រំទូន្មានគឺការនែនាំប្រដៅមនុស្សឲអនុវត្តផ្លូវល្អ ។

អក្សរសិល្ប៍គ្រប់ប្រភេទោះរឿងព្រេងក្តី បុរាណក្តី ទំនើបកី្ត ពុំមែនគ្រាន់តែសំរាប់ការអានកំសាន្ត បណ្តែតអារម្មណ៍ រឺ កំដរ កែអផ្សុកប៉ុណ្ណោះទេ ។ តែវាមានតួនាទីសំរាប់អប់រំទូន្មានផ្តល់បទពិសោធជាច្រើន ដល់អ្នកអាន អ្នកស្តាប់ផងដែរ ។ ម្យ៉ាងទៀតកាលណាគេអានរឿង គេស្តាប់រឿង រមែងតែងតែមានអារម្មណ៍ ប្លែកៗ ទៅតាមចលនារឿង នៃសកម្មភាពតួអង្គនីមួយៗ ។

ក្នុងរឿងព្រេងប្រជាប្រិយ ដូចជារឿងចចកអប់រំមនុស្សពីរពួក គឺពួកអាងកំលាំង និងអំណាចរំលោភជិះ ជាន់គេ ។ ពួកកំពឹសនៅពេលគ្រោះមរណះមកដល់គេមិនបណ្តោយខ្លួនទៅតាមយថាកម្មឡើយ ដោយអស់ សង្ឃឹមនោះទេ ។ គឺត្រូវប្រើប្រាជ្ញាដើម្បីរំដោះខ្លួន ។ ត្រីក្រាញ់គំរូតស៊ូអង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដើម្បីបុព្វ ហេតុជីវិតសមូហភាព ។ នេះជាមេរៀនជីវិតសំរាប់អ្នកទន់ខ្សោយ ។ ចំពោះអ្នកខ្លាំងពូកែត្រូវចៀសវាងការជិះ ជាន់គេ ព្រោះជាហេតុនាំមកនូវការគ្រោះថ្នាក់ដូចពួកចចក ។ រឿងធនញ្ជ័យបានអប់រំនែនាំសេដី្ឋកុំឲជិះជាន់ កេងប្រវញ្ច័គេ ។ ចំពោះនាមឺនមន្រ្តីកុំឲមើលងាយប្រជាជនក្រខ្សត់ ។ ចំនែកប្រជាកសិករបានអប់រំឲហ៊ានតស៊ូ រើបំរាស់ ។ ជាពិសេសបានអប់រំនែនាំអ្នកដឹកនាំប្រទេសឲដឹងថាកំលាំងការពារ និងការសាងប្រទេសគឺប្រជាជន ។ ដូច្នេះក្នុងអក្សសិល្ប៍ប្រជាប្រិយ៍ បានអប់រំបង្ហាញឲឃើញពីការជិះជាន់ កេងប្រវញ្ចពីអ្នកមានអំណាច មកលើ អ្នកទន់ខ្សោយ និងបង្ហាញពីកំលាំងប្រជាជនជាកំលាំងដ៏រឹងមាំរបស់ប្រទេសជាតិ ។

រឿងបុរាណក៏បានផ្តល់មេរៀនល្អៗសំរាប់យើងរៀនសូត្រតាមដែរ ។ ដូចជារឿងមាយើង គឺចៅមាណព បានធ្វើតាមពាក្យរបស់ប្រពន្ធគ្រប់លក្ខណ៍នាំឲមានឋានះជាមាយើង ព្រោះខ្មែរឲតំលៃថា “ សំណាបយោងដី ស្រ្តីយោងប្រុស “ ចំណែកច្បាប់ផ្សេងៗបានអប់រំ គ្រប់ផ្នែកតាំងពីសីលធម៌ រស់នៅ ទាំងពីពលកម្ម ដូចច្បាប់កេរ កាលថី្មរបស់ក្រមង៉ុយបានពោលថា “ កុំដេកចាំសំណាង កុំកេ្អងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲគ្រប់ “ ។ ដូចនេះក្នុងអក្សរសិល្ប៍បុរាណបានអប់រំបង្ហាញពីតំលៃរបស់នារី ព្រមទាំង អប់រំបណ្តុះស្មារតី ខិតខំរក ខំរៀន កុំឲដេកចំាព្រេងវាសនា ។

រីអែរឿងទំនើប មានរឿងសឹមអ្នកបរឡាន បានអប់រំយើងឲឃើញពីទុក្ខវេទនារបស់កម្មករមកពីនាយ ទុនកេងប្រវញ្ច គឺមិនមែនមកពីព្រេងវាសនាទេ ។ ថែមទាំងបានអប់រំបំផុសកម្មករ កសិករឲយល់ដឹងតំលៃនៃ វិជ្ជា ដោយឲកម្មករខិតខំរៀនសូត្រនៅពេលទំនេរ និងបានបង្កើតសមាគមសហជីព ។ ចំណែករឿងកុលាបបៃ លិន បានអប់រំមនុស្សឲមានចិត្ត អំណត់តស៊ូព្យាយាមធ្វើអំពើល្អ ព្រមទាំងបានបង្ហាញពីសេចកី្តសេ្នហាគ្មាន បែងចែកវណ្ណះ ហើយនិងអ្នកសាងបុណ្យបានបុណ្យ អ្នកសាងបាបបានបាប ។ ដូច្នេះអក្សរសិល្ប៍ទំនើបក៏បាន អប់រំយើង ឲស្រលាញ់ចំនេះដឹង កុំជឿលើអបីជំនឿ ថែមទាំងឲមានចិត្តតស៊ូក្នុងជីវិតទៀតផង ។

សរុបសេចក្តីមកការអប់រំក្នុងអក្សរសិល្ប៍ បានបង្ហាញយើងឲឃើញនូវអំពើអាក្រក់ និងអំពើល្អ ។ មួយចំ ណែកទៀតអប់រំឲយើងស្អប់និងចៀសវាង ជឿលើអបីយជំនឿ ព្រមទាំងឲខិតខំរៀនសូត្រ ។

តាមការបកស្រាយខាងលើមកបង្ហាញឲឃើញថា អក្សរសិល្ប៍ជាមធ្យោបាយក្នុងការអប់រំទូន្មានល្អៗ ទាំងអស់ តាំងពីអក្សរសិល្ប៍ប្រជាប្រិយ បុរាណ និងទំនើប ។ ព្រមទាំងបង្ហាញនូវអត្ថប្រយោជន៍ល្អ ជាបទពិសោធក្នុងជីវិតទៀតផង ។ ដូចនេះយើងជាកុលបុត្រកុលធីតា ត្រូវខិតខំស្រង់យកបទពិសោធល្អក្នុង អក្សរសិល្ប៍ទុកជាផ្លូវសំរាបអនុវត្ត ។

ឧទហរណ៍ទី៣

ប្រធានះ មានទស្សនះមួយបានចែងថា “ ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ “ ។

ចូរពន្យល់ដោយលើកយកអំណះអំណាងក្នុងរឿង ភូមិតិរច្ឆាន និងគូលីកំណែនមកបញ្ជាក់ ។

អត្ថាធិប្បាយ

មនុស្សគ្រប់រូប គ្រប់ជនជាតិទាំងអស់ ទោះប្រុសកី្ត ស្រីកី្តម្នាក់ៗសុទ្ធតែស្រលាញ់នូវសេរីភាព និងយុតិ្តធម៌ ហើយស្អប់ខ្ពើមនូវអំពើគាបសង្កត់កេងប្រវញ្ច បើមានសកម្មភាពបែបនេះគេម្នាក់ៗច្បាស់ជាប្រឆាំងតបវិញ ។ អាស្រ័យដូចនេះហើយបានមានទស្សនះមួយនិយាយថា “ ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ “ ។

តើទស្សនះបែបនេះមានអត្ថន័យដូចម្តេច?

ដើម្បីជាត្រីវិស័យក្នុងការតំរង់ទិស ដំណោះស្រាយបញ្ហាខាងលើ ឲបានសីជុំរៅនោះ យើងត្រូវយល់ខ្លឹម សាររបស់ពាក្យ “ ការជិះជាន់ និងការរើបំរះ “ ជាមុនសិន ។ ការជិះជាន់គឺជាការគាបសង្កត់កេងប្រវញ្ច ។ អែការ រើបំរះ គឺជាការងើបឡើងប្រឆាំងតបតវិញ ។

ទីណាមានការជិះជាន់ គឺជាកន្លែងដែលមានសកម្មភាពគាបសង្កត់កេងប្រវញ្ច ប្រកបដោយអយុត្តិធម៌ និងគ្មានមនុស្សធម៌ក្នុងខ្លួន ។ អំពើបែបនេះហើយដែលបង្កឲមានកំហឹងពុះពោរផ្ទុកក្នុងខ្លួនម្នាក់ៗ គឺជាហេតុ មួយជំរុញឲមានកំលាំងចិត្តកញ្ជ្រោលមិនខ្លាចស្លាប់ មិនខ្លាចអី្វៗទាំងអស់ ហើយហ៊ានរើបំរះ ស្ទុះឡើងប្រឆាំង តបតវិញដោយគា្មនញញើត ប្រៀបាននឹងបន្ទុះភំ្នភ្លើងដែលកំពុងផ្ទុះឡើង ។

ជាក់ស្តែងក្នុងរឿងភូមិតិរច្ឆាន អ្នកនិពន្ធបានបង្ហាញគំនាបរបស់អាណានិគមនិយមបារាំង មកលើរាស្ត្រ ខែ្មរ ដូចជាលោក កូ មៃ ជាអភិរក្សនៅអង្គរ បានគាបសង្កត់កេងប្រវញ្ចលើកំលាំងញើសឈាមរបស់ពលករ ។ ម្យ៉ាងទៀតរដ្ឋាភិបាលបារាំង បានចាត់លោក បារ ដេស គ្រប់គ្រងខេត្តកំពង់ឆ្នាំង ។ ដោយលោកមិនទុកចិត្ត លោកមេឃុំបាល់ ក៏ចេញទៅទារពន្ធខ្លួនអែងនៅភូមិក្រាំងលាវ ។ លោកបារដេសប្រើវិធីគាបសង្កត់ក្នុងការទា ពន្ធ គឺអ្នកគ្មានលុយបង់ត្រូវដាក់ខ្នោះ ។ មិនត្រឹមតែបារាំងទេដែលធ្វើបាបអ្នកស្រុក សូម្បីតែកងរក្សាស្រុកខេត្ត ក៏ដេញវាយ ដេញបាញ់ ដេញចាប់ដែរ ។ រីអែប៉ូលីសខេត្តកំពង់ឆ្នាំងដេញសុវណ្ណ និងអ្នកប៊ុត មិនឲលក់ឆ្នាំង ជាដើម ។ ជាពិសេសរដ្ឋអំណាចបានប្តូរឈ្មោះភូមិក្រាំងលាវ ជាភូមិតិរច្ឆាន ព្រមទាំងឲអ្នកភូមិទាំងអស់កាន់ កាតអ្នកទោស និងដាក់បញ្ញតិ្តឲអ្នកស្រុកសង់ចេតិយ ព្រមទាំងនិមន្តព្រះសង្ឃធ្វើបុណ្យរាល់ឆ្នាំ ។ ដោយអំពើ អមនុស្សធម៌ និងអយុតិ្តធម៌បែបនេះហើយ នាំឲរាស្រ្តនៅមុខកំពូលធ្វើបាតុកម្ម ថ្លែងញត្តិថ្វាយស្តេច សីសុវត្តិ សុំឲបារាំងបន្ធូរបន្ថយពន្ធដារ ។ ចំនែកនៅភូមិក្រាំងលាវវិញ ធ្វើឲ ជួន នៅ នាងនី នាងប៊ី ព្រមទាំងក្រុមបក្សពួក រួមអាវុធ និងបងប្អូនភូមិក្រាំងលាវមួយចំនួន ទប់កំហឹងមិនបានរហូតដល់ធ្វើជាបាតុកម្មសំលាប់បាដេស ។ ដូច នេះកន្លែងណាដែលមានការគាបសង្កត់ កន្លែងនោះតែងមានការប្រឆាំងតបតវិញជាមិនខាន ។

ក្នុងរឿងគូលីកំនែនវិញ អ្នកនិពន្ធបានបង្ហាញពីគំនាបជប៉ុន និងរដ្ឋអំណាចខ្មែរខ្លះដូចជា មេឃុំផាន់ ដែលធ្វើមកលើប្រជារាស្រ្តខ្មែរ ។ ជាតួយ៉ាង លឹម សល់មួយខែទៀត ត្រូវរៀបការ ក៏មេឃុំផាន់គ្មានអនុគ្រោះក្នុង រឿជាប់កំនែនដែរ ។ ចៅហ្វាយស្រុកនឹងមេឃុំផាន់ បានប្រើល្បិចពិលពលគាបសង្កត់មកលើនាង ហេង និង អ្នកភូមិស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ រីឯ នាយនូ ដូង និង មឺង ត្រូវស្ថិតនៅក្រោមរបបគ្រប់គ្រងខ្មែរ និង បារាំង ។ ចំណែកពួកអ្នកមានដូចជា អុង ប៉ាងថាវ បានរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែងគ្រួសារលឹម ។ ជាពិសេស ពួកក្រុមកំណែននៅពោធិចិនតុង ត្រូវពួកកាប៉ូរ៉ាល់ និងទាហានជប៉ុន គាបសង្កត់គ្រប់ផ្នែក ។ ក្រោយពីលឹមត្រ ឡប់ពីកំនែនវិញត្រូវបាត់បង់អី្វៗទាំងអស់ មានឪពុកម្តាយ គូសង្សា និងទ្រព្យសម្បត្តិ ។ អំពើទាំងអស់នេះហើយ ជាហេតុធ្វើឲ លឹមចាកចេញពីស្រុកទៅរួបរួមកំលាំងជាមួយនូដូង ព្រមទាំងប្រជារាស្រ្តនៅស្វាយដូនកែវ ចេញ តស៊ូប្រឆាំងបារាំងទាល់តែទទួលបានជោគជ័យ គឺដណ្តើមបានអែករាជ្យជូនមាតុភូមិ ។ ដូចនេះទីណាមានការ ជិះជាន់ទីនោះក៏មានការតស៊ូប្រឆាំងដែរ ។

សរុបសេចកី្តទៅទីកន្លែងដែលមានបញ្ហាធ្វើបាបគាបសង្កត់ជិះជាន់មកលើខ្លួនឲមានការរងទុក្ខទោស ដោយអំពើអយុត្តិធម៌ ជាហេតុមួយធ្វើឲមានប្រតិកម្មតបវិញជាមិនខាន ។

តាមការបកស្រាយខាងលើបង្ហាញឲឃើញថា ទីកន្លែងណាដែលមានការជិះជាន់ ទីនោះមានការរើបំរះ ជារឿងពិតប្រាកដ ព្រោះថាមនុស្សម្នាក់ៗមិនអាចទ្រាំទ្រនឹងគំនាប ជិះជាន់អយុតិ្តធម៌ និងគ្មានមនុស្សធម៌បាន ទេ ។ ដូចនេះហើយបានជាប្រជារាស្រ្តនិងកម្មករក្នុងរឿភូមិតិរច្ឆាន ហើយនិងរឿគូលីកំនែន បង្ហាញយើងឲ ឃើញថា ប្រជារាស្រ្តដែលងើបប្រឆាំងនឹងអាណានិគមមកពីទ្រាំទ្រនឹងអំពើជិះជាន់មិនបាន ។

1 Response »

  1. Very good

    Like

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: