មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យរឿងខ្លីៈ “ជីវិតបុប្ផាអូរតាគាំបី”

(បទពាក្យប្រាំពីរ)

០១.  មេឃមីរស្រទុំគួរស្រណោះ             ពពកហើរហោះបាំងសូរ្យសែង

        ធរណីស្ងួតចែសប្រេះក្រហែង       ដូចចិត្តចំបែងរបស់ស្រី។

០២.  នាមជាបុប្ផាផ្កាក្រពុំ                    ពេញរូបក្រមុំជះរស្មី

        រីកក្នុងសួនអូរតាគាំបី                  រស់ជួបតែក្ដីទុក្ខកង្វល់។

០៣.  បងស្រីធ្លាប់តែឮសម្លេង              ត្រូវស្លាប់ទាំងក្មេងស្មានមិនដល់

        ទឹកភ្នែកស្រីហូរលេចផែនថ្ពាល់     ទុក្ខសោកបន្សល់រាប់ឆ្នាំខែ។

០៤.  រីរឿងម៉ែពុកមិនត្រូវគ្នា                 ឱ្យស្រីពុំងាព្រួយឥតល្ហែ

        មិនដឹងតាមពុកឬតាមម៉ែ              ចុងក្រោយចាក់ខ្សែថែទាំងពីរ។

០៥.  រស់ជុំអ្នកម្ដាយឆ្ងាយលោកពុក       ពេលឪមានទុក្ខមកញាំញី

        បុប្ផាស្រស់ក្មេងតែងសំភី              ជួយគ្រប់នាទីនាមជាកូន។

០៦.  អម្រែកគ្រួសារស្មាទាំងសង           ប្រឹងប្រែងចម្លងទាំងបងប្អូន

        ចំណាយជីវិតធ្វើជាក្បូន               ពេលខ្លះស្ទើរសូន្យបង់សង្ខារ។

០៧.  ខ្លួនក៏មិនធារជាមិនយូរ                តែមិនរអ៊ូសោះឡើយណា

        ស៊ូទ្រាំបៀមទុក្ខក្នុងចិន្ដា               ខិតខំធ្វើការសិក្សាផង។

០៨.  សំណាងកម្មផលឱ្យពិសី             ជាផ្កាប្រិមប្រិយល្អហ្មត់ហ្មង

        ទាំងឫកទាំងរូបសមកន្លង            អ្នកភូមិប្អូនបងតែងចូលចិត្ត។

០៩.  សង្ឃឹមថ្ងៃមួយព្រួយរសាយ          ថ្ងៃដែលឆោមឆាយរីករាយពិត

        ជួបជុំជោគជ័យក្នុងជីវិត              ដូចព្រះអាទិត្យចាកពពក។

១០.  ពាក្យពេចន៍ដែលពោលរួចខាងលើ   មិនមែនស្មេរធ្វើតាមនឹកភ្នក

        តែជារឿងរ៉ាវដែលមានមក           ក្នុងទីធ្លាប់ជ្រកច្រើនខែឆ្នាំ។

១១.  ពេលឃើញផ្កាស្រស់រស់រងទុក្ខ     ក្នុងចិត្តមិនសុខជួយរងកម្ម

        ហើយចង់សរសើរស្រីស្រងាំ         ដោយផ្ញើបណ្ដាំតាមកាព្យខ្មែរ។

១២.  សរសើររូបស្រីចេះរក្សា               មាតាបិតាឱ្យល្ហើយល្ហែ

        ល្អជាងអ្នកខ្លះមានឪម៉ែ                មិនដែលថ្នមថែពួកគាត់សោះ។

១៣.  ទោះនៅក្មេងវ័យស្រីចេះគិត         ប្រឹងច្នៃជីវិតដែលក្រៀមក្រោះ

        ឱ្យមានពន្លឺដោយចិត្តស្មោះ           កាយចិត្តប្រឹងអស់គ្មានសល់ឡើយ។

១៤.  សរសើរដល់ស្រីចេះតស៊ូ             និងចេះគិតគូរមិនតោះតើយ

        ថ្ងៃនេះមាសមុំខំណាស់ហើយ        ថ្ងៃមុខពិតស្បើយផុតហ្មងសៅ។

១៥.  ឱ! បាត់ដំបងខ្ញុំសូមចារ                ចងរឿងបុប្ផាទុកតទៅ

        ជាការជូនពរដល់ស្រីពៅ              ឱ្យស្ងួនរស់នៅជួបសិរី។

១៦.  ជួបសុខសោមន្សគ្រប់ៗប្រាណ     ទាំងអ្នកស្ដាប់អានរឿងនេះក្ដី

        បើមានខុសឆ្គងសូមប្រណី            ដល់រូបកវីហេងស៊យផង៕៚

                                                  

 

និពន្ធដោយ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ៩កើត ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០១៤

ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

គេហទំព័រៈ http://samnanglaor.wordpress.com/http://yeansamnang.blogspot.com/

http://wacambodian.wordpress.com/

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: